ស្វែងយល់​អំពី​កូនក្រៅស្បូន​

, , Leave a comment

នៅពេល​មាន​ផ្ទៃពោះ​ធម្មតា អូវែ​របស់​អ្នក​បញ្ចេញ​មេជី​វិត​ញី​ទៅក្នុង​ដៃ​ស្បូន​របស់​អ្នក​។ ប្រសិនបើ​មេជី​វិត​ញី​ជួប​ជាមួយ​មេជី​វិត​ឈ្មោល នោះ​មេជី​វិត​ញី​ដែល​បង្ក​កំណើត​ធ្វើដំណើរ​ទៅក្នុង​ស្បូន​របស់​អ្នក ដើម្បី​ភ្ជាប់​ខ្លួន​នឹង​ស្រទាប់​ខាងក្នុង​របស់​ស្បូន​ហើយ​បន្ត​រីកលូតលាស់​រហូតដល់​រយៈពេល​៩ ខែ​។​

ប៉ុន្តែ​១​ក្នុងចំណោម​ករណី មាន​ផ្ទៃពោះ​៥០ មេជី​វិត​ញី​ដែល​បាន​បង្ក​កំណើត​មិនបាន​ធ្វើដំណើរ​ទៅកាន់​ស្បូន​វិញ​ទេ​។ ករណីនេះ ហៅថា កូនក្រៅស្បូន ឬ​កូន​នៅ​ដៃ​ស្បូន​។ ក្នុងករណី​កម្រ មេជី​វិត​ញី​ដែល​បង្ក​កំណើត​ស្ថិតនៅក្នុង​អូវែរ ឬ​សរីរាង្គ​ផ្សេងទៀត​ក្នុង​ពោះ​របស់​អ្នក​។ ក្នុងករណី​ទាំងពីរ​នេះ​អ្នក​សុទ្ធតែ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​។ នៅពេល​មាន​ករណី​កូនក្រៅស្បូន អ្នក​ត្រូវ​ស្វែងរក​ការព្យាបាល​ជាបន្ទាន់​។​

ជា​ញឹកញាប់ កូនក្រៅស្បូន​កើតឡើង​ក្នុង​រយៈពេល​ពីរ​ឬ​បី​សប្តាហ៍​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​។ អ្នក​អាច​នឹងមិន​ដឹងខ្លួន​ថា​មាន​ផ្ទៃពោះ​នៅឡើយ​ទេ​។​

កូនក្រៅស្បូន​អាចជា​រឿង​គួរឱ្យ​ភ័យខ្លាច​ណាស់​។ ទារក​នឹង​ស្លាប់ ដែលជា​ការបាត់បង់​មួយ ដែល​ត្រូវការ​ពេលវេលា​ដើម្បី​បំបាត់ទុក្ខ​នេះ​បាន​។ ប៉ុន្តែ​អ្នក​អាចមាន​អារម្មណ៍​ធូរស្បើយ​នៅពេលដែល​អ្នក​ដឹងថា បើទោះជា​អ្នកមាន​កូនក្រៅស្បូន​ក៏ដោយ​ក៏​អ្នកនឹង​អាចមាន​ផ្ទៃពោះ​ប្រកបដោយ​សុខ​ភាពល្អ​នៅពេល​អនាគត​។​

 

សំណួរ​ទី​១៖ តើ​អ្វី​ជាស​ញ្ញា និង​រោគសញ្ញា​នៃ​កូនក្រៅស្បូន​?

​រោគសញ្ញា​នៃ​កូនក្រៅស្បូន​គឺ ហូរឈាម​តាម​ទ្វារមាស​តិចតួច ក្អួត ចង្អោរ ឈឺ​ចុកចាប់​ត្រង់​ពោះ​ផ្នែក​ខាងក្រោម ឈឺ​រមួល​ក្នុង​ពោះ​ខ្លាំង ឈឺ​មួយ​ចំហៀង​ខ្លួន វិលមុខ ឬ​អស់កម្លាំង​ឈឺ​ស្មា ក ឬ​ចុង​ពោះវៀនធំ ប្រសិនបើ​ដៃ​ស្បូន​រហែក វា​អាចធ្វើឱ្យ​ឈឺ​ចុកចាប់ និង​ហូរឈាម​ដែល​អាច​បណ្តាលឱ្យ​សន្លប់​។​

ប្រសិនបើ​អ្នក​ជួបប្រទះ​នឹង​អាការរោគ​ដូច ខាងលើ ចូរ​ទាក់ទង​ទៅ​អ្នកផ្តល់​សេវា​ថែទាំ​សុខភាព​របស់​អ្នកជា​បន្ទាន់ ហើយ​ទៅ​បន្ទប់សង្គ្រោះបន្ទាន់​។ ការ​ទៅ​មន្ទីរពេទ្យ​បាន​ឆាប់រហ័ស​គឺជា​កត្តា​ដ៏​សំខាន់​ក្នុងការ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ការ​ហូរឈាម​ធ្ងន់ធ្ងរ និង​ដើម្បី​រក្សា​លទ្ធភាព​មានកូន​របស់​អ្នក​។​

សំណួរ​ទី​២៖ តើ​អ្វី​ជា​មូលហេតុ​បណ្តាលឱ្យមាន​បញ្ហា​កូនក្រៅស្បូន​?

​បញ្ហា​មួយ​ដែល​បណ្តាលឱ្យមាន​បញ្ហា​កូនក្រៅស្បូន គឺ​ដៃ​ស្បូន​រង​ការបំផ្លាញ ដែល​មិន​អាចឱ្យ​មេជី​វិត​ញី​បង្ក​កំណើត​ចូលទៅក្នុង​ស្បូន ដូច្នេះ​វា​ក៏​ធ្វើការ​លូតលាស់​ក្នុង​ដៃ​ស្បូន ឬ​កន្លែង​ផ្សេងទៀត​។​

 

​អ្នក​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​តើ​អ្វីដែល​បណ្តាលឱ្យ​មានកូន​ក្រៅ​ស្បូន​។ ប៉ុន្តែ​អ្នក​អាចមាន​បញ្ហា​ប្រឈម​ខ្ពស់​ប្រសិនបើ​អ្នក​ដាក់​កង​ក្នុង​ស្បូន (IUD) នៅពេលដែល​អ្នក​មិនដឹងថា​ខ្លួន​មាន​ផ្ទៃពោះ ធ្លាប់មាន​ជំងឺ​រលាក​អាង​ត្រគាក (PID) មាន​ជំងឺឆ្លង​តាមរយៈ​ការរួម​ភេទ (Chlamydia and Gonorrhea) មាន​ដៃ​ស្បូន​មិន​ប្រក្រតី​តាំងពី​កំណើត ធ្លាប់​វះកាត់​នៅ​អាង​ត្រគាក (​ពីព្រោះ​ស្នាម​វះ​អាច​រារាំង​មេជី​វិត​ញី​ដែល​បង្ក​កំណើត​មិនឱ្យ​ធ្វើដំណើរ​ទៅក្នុង​ស្បូន​) ធ្លាប់មាន​កូនក្រៅស្បូន ចងដៃ​ស្បូន (​ការវះកាត់​មិនឱ្យ​មានកូន​) ឬ​ស្រាយ​ដៃ​ស្បូន​មិនបាន​សម្រេច​។​

សំណួរ​ទី​៣៖ តើ​គេ​ធ្វើ​រោគវិនិច្ឆ័យ​កូនក្រៅស្បូន​យ៉ាងដូចម្តេច​?

​នៅពេល​អ្នក​ទៅ​មន្ទីរពេទ្យ​គ្រូពេទ្យ​អាចធ្វើ​តេស្ត​ពិនិត្យ​ផ្ទៃពោះ ពិនិត្យ​អាង​ត្រគាក និង​តេស្ត អេកូ​សាស្ត្រ​ដើម្បី​មើល​ស្ថានភាព​ស្បូន និង​ដៃ​ស្បូន​។​

ប្រសិនបើ​ពិនិត្យឃើញថា​មាន​កូនក្រៅស្បូន អ្នកផ្តល់​សេវា​ថែទាំ​សុខភាព​នឹង​សម្រេច​ថា​នឹងត្រូវ​ព្យាបាល​បែបណា​ទើប​ល្អ ដោយ​យោងទៅលើ​ស្ថានភាព​វេជ្ជសាស្ត្រ​របស់​អ្នក និង​គម្រោង​មាន​ផ្ទៃពោះ​របស់​អ្នកនា​ពេលអនាគត​។​

សំណួរ​ទី​៤៖ តើ​គេ​ព្យាបាល​កូនក្រៅស្បូន​ដោយ​របៀប​ណា​?

​ទារក​មិនអាច​សង្គ្រោះ​បានទេ​នៅពេល​មាន​កូនក្រៅស្បូន​។ ប្រសិនបើ​បញ្ហា​កូនក្រៅស្បូន​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ឃើញ​មុនពេល​ដៃ​ស្បូន​របស់​អ្នក​រហែក​អ្នក​អាចមាន​ជម្រើស​ក្នុងការ​ព្យាបាល​ដូចជា​៖ ក​- ការពិនិត្យ​តាមដាន​យ៉ាង​ដិតដល់ ខ​- ការប្រើ​ថ្នាំ​និង គ​- ការវះកាត់​។ វេជ្ជបណ្ឌិត​ជំនាញ ឬ វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ដ្រី​អាច​ផ្ដល់​ដំបូន្មាន​ដល់​អ្នក​អំពី​សារប្រយោជន៍​និង​គ្រោះថ្នាក់​នៃ​ជម្រើស​នីមួយៗ​។​

 

​ក​- ការពិនិត្យ​តាមដាន​យ៉ាង​ដិតដល់​

​ប្រសិនបើ​អ្នកមាន​រោគសញ្ញា​តិចតួច​នោះ​ការ​មាន​ផ្ទៃពោះ​នឹង​អាច​ដោះស្រាយ​ដោយ​ខ្លួនឯង​។ មេជី​វិត​ញី​ដែល​បង្ក​កំណើត​នឹង​ងាប់​ហើយ​ត្រូវបាន​ស្រូប​ចូលទៅក្នុង​ជាលិកា​ជិតៗ​នោះ​ដោយ​មិនបាច់​ព្យាបាល​។ ការព្យាបាល​ទំនងជា​មិនចាំបាច់​ទេ ប្រសិនបើ​ការធ្វើ​តេស្ត​ឈាម​រកឃើញថា​កម្រិត​អ័រម៉ូន hCG ទាប​។​

 

​ខ​- ថ្នាំ Methotrexate

​ប្រសិនបើ​បញ្ហា​កូនក្រៅស្បូន​កំពុងតែ​វិ​វ​ឌ្ឍ ប៉ុន្តែ​បញ្ហា​នេះ​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​រកឃើញ​ទាន់ពេលវេលា​គ្រូពេទ្យ​អាច​ព្យាបាល​បញ្ហា​នេះ​ដោយ​ប្រើប្រាស់​ថ្នាំ Methotrexate ។​

 

​គ​-​ការវះកាត់​

​ការវះកាត់​យក​កូនក្រៅស្បូន​ចេញ​ជាការ​ព្យាបាល​ដែល​ធ្វើឡើង​ញឹកញាប់​ជាងគេ​សម្រាប់​បញ្ហា​មាន​កូនក្រៅស្បូន​។ ជាធម្មតា​គេ​ប្រើប្រាស់​ការវះកាត់​បែប​ឡា​ប៉ា​រ៉ូ​ស្កូ​ពី​(Laparoscopy)​។ ក្នុងការ​វះកាត់​បែបនេះ​គេ​ស៊ក​កាមេរ៉ា​តូច​មួយ​និង​ឧបករណ៍​វះកាត់​ចូល​ដោយ​ចោះ​រន្ធ​តូច​នៅក្នុង​ពោះ​របស់​អ្នក​។ ប្រសិនបើ​ដៃ​ស្បូន​ខូចខាត​គ្រូពេទ្យ​អាច​នឹង​កាត់​ដៃ​ស្បូន​នេះ​ចោល​ដែរ​។​

130515_23

ប្រភព ភ្នំពេញ​ប៉ុ​ស្ត៍

 

Leave a Reply

(*) Required, Your email will not be published