គង់ សុជាតិ ក្ដាប់​តំណែង​ពិធី​ការិនី​នៅ My TV

, , Leave a comment

ពិធី​ការិនី​ជើងចាស់ សាច់​ស​ទ្រលុកទ្រលន់ នាង គង់ សុជាតិ បាន​បង្ហាញមុខ​នៅក្នុង​កម្មវិធី​ថ្មី​របស់​ស្ថានីយទូរទស្សន៍ My TV ក្នុងនាម​ជា​ពិធី​ការិនី​ដោយបាន​ចាប់​ដៃគូ​ជា មួយ​នាយ ទុយ​។ អ្នកនាង គង់ សុជាតិ បាន​និយាយថា នោះ​ជា​ការងារ​រយៈពេល​ខ្លី និង​ជាការ​កម្សាន្ត​របស់ខ្លួន​ប៉ុណ្ណោះ​។ ម្យ៉ាងទៀត អ្នកធ្វើការ​ស្ថានីយទូរទស្សន៍​មួយ​នេះ ភាគច្រើន​ជា​អ្នក​ស្គាល់ និង​រាប់អាន​គ្នា​ជាមួយ​អ្នកនាង​។ អ្នកនាង​និយាយថា “​ប្រហែលជា​គិតថា យើង​ល្អ​ហើយ បានជា​គេ​ហៅ​ឲ្យ​ធ្វើការ​ជាមួយ​ដូច្នេះ​នោះ​”​។​


​ទោះ យ៉ាងណា ពិធី​ការិនី​មាន​ប្រជាប្រិយភាព​រូបនេះ​បាន​បញ្ជាក់ថា ខ្លួន​មាន​គម្រោង​ថា​នឹង​ចាក​ចេញពី​អាជីព​នេះ ដូច្នេះ​អ្នកនាង​នឹង​មិនមាន​វត្តមាន​ក្នុង​កម្មវិធី​ទូរទស្សន៍ បានយូរ​ឡើយ​។​


​ពិធី​ការិនី​រូបនេះ​បាន​បន្ថែមថា នាពេល​កន្លងមក អ្នកនាង​បាន​ចូលរួម​ជា​គណៈកម្មការ​កិត្តិយស​នៅក្នុង​កម្មវិធី​កម្សាន្ត មួយចំនួន​របស់ My TV រួចទៅហើយ តប​តាម​ការអញ្ជើញ​របស់​អ្នក​ផលិត​កម្មវិធី​។ ដោយឡែក​សម្រាប់​តំណែង​ជា​ពិធី​ការិនី​លើកដំបូង​នៅក្នុង​កម្មវិធី​ថ្មី មួយ ដែល​បាន​ចាក់ផ្សាយ​នៅក្នុង​សប្ដាហ៍​កន្លងទៅ​នៅ​ស្ថានីយ​ខាងលើ គឺជា​តំណែង​មួយរយៈ​ខ្លី​ប៉ុណ្ណោះ​។ អ្នកនាង​ថា “​ដោយសារ​ពីមុន​ធ្លាប់ធ្វើ​ការងារ​នេះហើយ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ភ្លេច​ប៉ុណ្ណោះ ក៏​មក​ធ្វើទៅ​”​។​


​ពិធី​ការិនី យូរ​ឆ្នាំ​រូបនេះ មិនបាន​បញ្ជាក់​ច្បាស់លាស់​ថា ពេលណា​នឹង​ដកខ្លួន​ចេញពី​ក្នុង​កម្មវិធី​ខាងលើ​នោះទេ ប៉ុន្តែ​អ្នកនាង​បាន​សង្កត់ធ្ងន់ថា អ្នកនាង មានការ​មមាញឹក​ក្នុង​មុខ​របស់​ផ្ទាល់ខ្លួន​ស្ទើរ​ដក​ដៃ​មិន​រួចទៅហើយ​។ ដូច្នេះហើយ អ្នកនាង​មិនអាច​បន្តការងារ​នេះ​បានយូរ​អង្វែង​ឡើយ​។​


​តា​ប៊ុ​យ ជា​ផលិតករ​វ័យក្មេង​ក្នុង​កម្មវិធី​នៅ My TV បាន​បញ្ជាក់ថា សប្ដាហ៍​កន្លងទៅនេះ ស្ថានីយ​ខាងលើ​បាន​បញ្ចេញ​កម្មវិធី​ថ្មីៗ​ចំនួន​ពីរ​ទៀត ខណៈ​អ្នក​ឧបត្ថម្ភ​កាន់តែ​ច្រើនឡើង​។ កម្មវិធី​ដែលជា​ការទទួលខុសត្រូវ​របស់​អ្នកនាង គង់ សុជាតិ និង នាយ ទុយ នោះ​មាន​ឈ្មោះថា “​ហាម​សើច​” ជា​កម្មវិធី​ថត​ទុកជាមុន​។ ថវិកា​ដែល​ទទួលបាន​នឹងត្រូវ​បង្វិល​ចូល​មន្ទីរពេទ្យ​គន្ធបុប្ផា ជា​រៀងរាល់​សប្ដាហ៍​។​


​តា​ប៊ុ​យ និយាយថា “​នេះ​ជាការ​រួមចំណែក​មួយ​។ ខ្ញុំ​មិន​ចង់​ឲ្យ​គេ​និយាយថា យើង​មានតែ​កម្មវិធី​កម្សាន្ត មិនបាន​ជួយ​អ្វី​សង្គម​នោះទេ​”​។ សំណើ​ត្រូវបាន​ឆ្លងកាត់​ថ្នាក់ដឹកនាំ​របស់ខ្លួន​រួចហើយ ដោយបាន​ដំណើរការ​នៅ​សប្ដាហ៍​កន្លងទៅនេះ ក្រោម​ការចូលរួម​ពី​អ្នកសិល្បៈ​ដូចគ្នា​៕

14 (1) 14 (3) 14 (4) 14 (5) 14 (6)

​ប្រភព សប្បាយ​
 
 
 
 
 
 

 

Leave a Reply

(*) Required, Your email will not be published