ករណី​លោក​ផ្កាយ​ពីរ​យោធា​ជួញដូរ​គ្រឿងញៀន ចាប់​ឃុំ​៤​នាក់ ក្រោយមក​ដោះលែង​ម្នាក់ ឱ្យនៅ​ក្រៅ​ឃុំ​

, , Leave a comment

​រាជធានី​ភ្នំពេញ​ ៖ សំណុំរឿង​លោក​ផ្កាយ​ពីរ​យោធា​ម្នាក់​មានមុខ​ងារ​ជា​នាយរង​សេនាធិការ​កងទ័ពជើងគោក និង​ជា​ថៅកែ​ភោជនីយដ្ឋាន​រស្មី​បឹង​កេងកង និង​មនុស្ស ៣ នាក់​ទៀត ជាប់ចោទ​ពីបទ​ជួញដូរ​គ្រឿងញៀន​រហូត​មកទល់ពេលនេះ​មាន​រយៈពេល​ជិត ៩ ខែ​ហើយ ពុំទាន់​ឃើញ​តុលា​ការលើក​យកមក​បើកសវនាការ​ជំនុំជម្រះ​នៅឡើយ​ទេ​។​
 


​នៅ​ចន្លោះ​ពេលនេះ​តាម​ប្រភព​មួយ​បាន​អះអាងថា ស្ត្រី​ម្នាក់​ជា​ម្ចាស់​ហាង​សំអាងការ​រតនា​ពេជ្រ បាន​ត្រូវ​ដោះលែង​នៅក្រៅ​ឃុំ​រួចហើយ ពោលគឺ​នៅសល់តែ​ជនជាប់ចោទ ៣ នាក់​ប៉ុណ្ណោះ ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​។​
 


​គួររំឭកថា​កាលពី​រសៀល​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១២ ក្នុងពេលដែល​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រតិបត្តិការ ឆែកឆេរ​រកឃើញ​គ្រឿងញៀន ជា​ទ្រង់ទ្រាយ​ធំ នៅក្នុង​លំនៅឋាន​ភូមិគ្រឹះ​លេខ ៤៤ ផ្លូវលំ ភូមិ​អូរអណ្តូង ១ សង្កាត់​ព្រែកប្រា ខណ្ឌមានជ័យ ដោយបាន​ឃាត់ខ្លួន លោក​ផ្កាយ​២​យោធា​ម្នាក់ ឈ្មោះ ចាន់ ឬ​ទ្ធី​ឌី បុរស​អ្នកបើកបរ​រថយន្ត​ម្នាក់​ឈ្មោះ​លៀប ឈុន​រី អាយុ ២៨ ឆ្នាំ និង​មនុស្ស​ប្រមាណ ៣០ នាក់​ទៀត ព្រមទាំង​ដកហូត​បាន​ថ្នាំញៀន​គ្រាប់​ប្រមាណ ២ ម៉ឺន​គ្រាប់​ប្រភេទ​ម្សៅ ប្រមាណ​ជាង ២០ កញ្ចប់​ធំ និង​រថយន្ត​ចំនួន ៤ គ្រឿង​។​

 

​បន្ទាប់មក​សមត្ថកិច្ច​បាន​ចុះទៅ​ឆែកឆេរ​ភោជនីយដ្ឋាន​រស្មី​បឹង​កេងកង ដែលមាន​ទីតាំង​ស្ថិតនៅ​សង្កាត់​បឹង​កេងកង​ទី ១ ខណ្ឌចំការមន ដែលជា​ហាង​របស់​ឈ្មោះ ចាន់ ឬ​ទ្ធី​ឌី ។ ប៉ុន្តែ​ពុំបាន​រកឃើញ​អ្វី​ទេ ហើយ​យោងតាម​ចម្លើយ​របស់​ឈ្មោះ ចាន់ ឬ​ទ្ធី​ឌី នៅ​រសៀល​ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១២​សមត្ថកិច្ច​បាន​ចុះទៅ​ឆែកឆេរ នៅផ្ទះ​សំអាងការ​រតនា​ពេជ្រ ដែលមាន​ទីតាំងនៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​ឈ្មោះ ឌៀប ស៊ុន​ឡាយ អាយុ ៥១ ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ញ៉ែម សុខា អាយុ ៤៩ ឆ្នាំ ដកហូត​បាន​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន ៣៧១៩,៥ ក្រាម និង​ប្រភេទ​ម៉ា​ទឹកកក​មាន​ចំនួន ៩៨៩,៩ ក្រាម ព្រមទាំង​ដកហូត​រថយន្ដ​បា​ឡែ​ន ១ គ្រឿង ពណ៌​ទឹកប្រាក់ និង​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន ១ គ្រឿង​ផងដែរ ។​
 


​ដោយឡែក​មនុស្ស​ផ្សេងៗ​ទៀត ដែល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ក្នុង​រង្វង់​ប្រតិបត្តិការ​ត្រូវ​ដោះលែង ឱ្យមាន​សេរីភាព​វិញ ដោយសារ​ពុំមាន​ជាប់​ពាក់ព័ន្ធ​ក្នុងករណីនេះ​ទេ​។ ដោយ​យោងតាម​ចម្លើយ និង​ភស្តុតាង​ដាក់បន្ទុក នៅ​រសៀល​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១២ លោក លាង សំណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​មនុស្ស​ទាំង​៤​នាក់​នេះ ដាក់ពន្ធនាគារ​ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​ជា​បន្តទៀត​។​
 


​ក្រោយពេល​សម្រេច​ឃុំខ្លួន​មនុស្ស​ទាំង ៤ នាក់​នេះ​រួចហើយ ចៅក្រម​ស៊ើបសួរ​បានចេញ​ដីកា​កោះហៅ​ឈ្មោះ ឯក សុគន្ធ ភរិយា​លោក​ផ្កាយ​ពីរ​យោធា យកមក​សាកសួរ​ករ​ណី​ជាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន​ដ៏​ធំ​នេះ​។ ប៉ុន្តែ​ក្រោយមក​ការ​ស៊ើបសួរ​នេះ​បាន​ត្រូវ​បញ្ចប់​វិញ ពោលគឺ​កាត់ផ្តាច់​កុំឱ្យ​មាន​ជាប់​ពាក់ព័ន្ធ​ជា​បន្តទៀត​ដល់​អ្នកដទៃ​។​
 


​រយៈពេល​ប្រហែល​២​ខែក្រោយ ពោលគឺ​ក្នុងអំឡុង​ខែតុលា ឆ្នាំ​២០១២ មាន​លេចឮ​ព័ត៌មាន​ថា​តុលាការ​បាន​ដោះលែង​ឈ្មោះ ញ៉ែម សុខា ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ដោយ​សំអាង​លើ​ហេតុផល​សុខភាព​៕

14

 

Leave a Reply

(*) Required, Your email will not be published