ក្រុងចាកាតា ៖ នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០១៣ សារព័ត៌មានធំៗបានរាយការណ៍ថា កម្លាំងពិសេសឈុតខ្មៅរបស់ឥណ្ឌូនេស៊ី បានសម្រុកចូលចាប់ខ្លួន ក្រុមភេរវកម្មដែលមានគម្រោងបំផ្ទុះគ្រាប់បែកនៅស្ថានទូត មីយ៉ាន់ម៉ា ហើយក្រុមជនល្មើសបានបាញ់ស្រោចទៅលើសមត្ថកិច្ច ក៏ត្រូវកម្លាំងពិសេសឈុតខ្មៅ បាញ់តបតបណ្តាលឲ្យ ស្លាប់៧នាក់ និង របួស ៦នាក់។
សារព័ត៌មាន វ៉ាស៊ីនតោនប៉ុស្តិ៍ បានឲ្យដឹងថា ក្រុមប៉ូលីសប្រឆាំងភេរវកម្ម ឥណ្ឌូនេស៊ី បានសម្រុកចូលចាប់ខ្លួន ក្រុមភេរវកម្មមួយក្រុមក្នុងភូមិគ្រឹះមួយកន្លែង ស្ថិតនៅបរិវេណកោះជ្វា ដែលក្រុមនេះត្រូវបានសមត្ថកិច្ចឥណ្ឌូនេស៊ី សង្ស័យថា បានរៀបគម្រោងបំផ្ទុះគ្រាប់បែក នៅស្ថានទូតមីយ៉ាន់ម៉ា ប្រចាំទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៣ ខែឧសភា កន្លងទៅនេះ។
ខណៈដែលប៉ូលីសឈុតខ្មៅឥណ្ឌូនេស៊ី ធ្វើការបង្ក្រាបក្រុមជនល្មើស មានការប៉ះទង្គិចគ្នាដោយអាវុធ ជាមួយសមត្ថកិច្ច បណ្តាលឲ្យក្រុមជនល្មើសស្លាប់ចំនួន៧ នាក់ និងរបួសចំនួ ៦នាក់។ អាជ្ញាធរបានសន្និដ្ឋានថា ក្រុមភេរវកម្មទាំងនេះ ជាសមាជិករបស់ក្រុមបះបោរ ក្នុងប្រទេសឥណ្ឌូនេស៊ី ដែលធ្លាប់ដើរក្បួន ប្រឆាំងនឹងជម្លោះសាសនា រវាងអ្នកកាន់ព្រះពុទ្ធសាសនា និង អ្នកកាន់សាសនាអ៊ីស្លាម ដែលជាហេតុបង្កឲ្យកើត ជាអំពើហិង្សាច្រើនលើកច្រើនសាររួចមកហើយ ៕