មន្ត្រីនគរបាលខណ្ឌចំការមន បានបញ្ជាក់ថាឈ្មោះ លី សុណាក់ភ័ក្ត្រា អាយុ២១ឆ្នាំ ជាមន្ត្រីការិយាល័យស្រាវជ្រាវ និងយុត្តិធម៌នៃបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវជាកូនប្រុសលោក លី ខាត់សាយ មានតួនាទីជាមេបញ្ជាការរងប៉េអឹមរាជធានីភ្នំពេញ និងក្មួយប្រុសរបស់គាត់ឈ្មោះ ផែន បញ្ញារិទ្ធិ អាយុ ២០ឆ្នាំជានិស្សិត ត្រូវបានដោះលែងឲ្យនៅក្រៅឃុំដោយព្រះរាជអាជ្ញារងសាលាដំបូងរាជធានី ភ្នំពេញនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣។
សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមេសា ២០១៣នៅវេលាម៉ោងប្រហែល ២រសៀលឈ្មោះ លី សុណាក់ភ័ក្ត្រា និងឈ្មោះ ផែន បញ្ញារិទ្ធិ បានបើកម៉ូតូម៉ាកណៃហតនិងបានឆក់ខ្សែកមាសពីស្ត្រីម្នាក់ ខណៈដែលនាងកំពុងបើកម៉ូតូទំនើប តាមមហាវិថីកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អក់២ខណ្ឌទួលគោក នៅខាងមុខវិទ្យាល័យសន្ធរម៉ុក។ បន្ទាប់ពីឆក់ខ្សែកពួកគេបានបើកម៉ូតូគេចខ្លួននិងចតម៉ូតូ នៅមុខមជ្ឈមណ្ឌលរ៉ុក ក្នុងសង្កាត់ទន្លេបាសាក់ហើយត្រូវបានចាប់ខ្លួននៅទីនោះដោយនគរបាល ដោយផ្អែកតាមពាក្យបណ្តឹង របស់នារីជាជនរងគ្រោះ។
បន្ទាប់ពីការចាប់ខ្លួនឈ្មោះ លី សុណាក់ភ័ក្ត្រា និងឈ្មោះ ផែន បញ្ញារិទ្ធិ នគរបាលបានរឹបអូសម៉ូតូម៉ាកណៃហតដែលពាក់ស្លាកលេខយោធា ប៉ុន្តែខ្សែកមាសដែលពួកគេឆក់មិនរកឃើញនោះទេដោយសារពួកគេបានឲ្យវា ទៅជនសង្ស័យពីរនាក់ផ្សេងទៀត ដែលបានរត់គេចខ្លួន ហើយឥឡូវ នគរបាលកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនពួកគេ ដើម្បីនាំមកកាត់ទោសទៅតាមច្បាប់។ ករណីដែលឈ្មោះ លី សុណាក់ភ័ក្ត្រា និងឈ្មោះ ផែន បញ្ញារិទ្ធិ ចេញប្រព្រឹត្តបទល្មើស ហើយត្រូវដោះលែងឲ្យមានសេរីភាពវិញនោះ នាំឲ្យមានប្រតិកម្ម ពីសាធារណជន និងមានការ ទាមទារឲ្យនាំឈ្មោះ លី សុណាក់ភ័ក្ត្រា និងឈ្មោះ ផែន បញ្ញារិទ្ធិ មកឃុំខ្លួន ដើម្បីជំនុំជម្រះ ទោសតាមផ្លូវច្បាប់ ៕
ប្រភព វត្តភ្នំ