តារាកំប្លែងនាង ញុ​ង ជំពប់​ស្នេហ៍​អាណិកជន​អូស្ត្រាលី​វ័យ​ ៦០ ​ឆ្នាំ​ប្លាយ​

, , Leave a comment

រាជធានីភ្នំពេញ ៖ ទន្ទឹមនឹង​ព្យុះភ្លៀង​រឿង​ស្នេហា​ក្រៅ​ឆាក​មិនចេះចប់​មិនចេះហើយ ជាមួយ​ដៃគូ​កំប្លែង​ដ៏​ស័​ក្កិ​សម នាយ ពែ​កមី តារា​កំប្លែង​លេចធ្លោ​ក្នុង​ក្រុម​នោះ អ្នកកំប្លែង​មាត់ឆៅ​សម្ដី​ឆើត​មេម៉ាយ​កូន​មួយ​នាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង បាន​អះអាង​យ៉ាង​ដាច់​ណាត់​ថា បេះដូង​នាង​មិន​ជំពាក់​ស្នេហា​ជាមួយ​តារា​កំប្លែង​ក្នុង​ក្រុម​ទេ ដាច់​ខាត់​មិន​ជំពាក់​ស្នេហ៍​បែបនេះ​ឡើយ​។ ជាមួយ​ពាក្យសម្ដី​ម៉ាត់ៗ​នាង ខ្ញុង បាន​បញ្ជាក់ថា​ «​បេះដូង​ខ្ញុំ​កំពុង​ពិចារណា​សំណើ​ស្នេហ៍​ពី​តា អាណិកជន​ម្នាក់​រស់​នៅឯ​ប្រទេស​អូស្ត្រាលី​ឯណោះ​ទេ​»​។​

 

​ពាក្យ​ចចាមអារ៉ាម ស្នេហា​ក្រៅ​ឆាក​រវាង នាង ខ្ញុង និង​នាយ ពែ​កមី មិនមែន​ទើបតែ​ផុស​ឡើង​ក្នុងពេល​ថ្មីៗ​នេះ​ទេ ពោលគឺ​ស្ទើរតែ​តាំងពី​អ្នក​ទាំងពីរ​ក្លាយខ្លួនជា​តារា​កំប្លែង​ប្រចាំ​ស្ថានីយទូរទស្សន៍ CTN ដំបូង​ម្ល៉េះ ហើយ​បើទោះជា​កន្លងមក​ពួកគេ​ម្នាក់ៗ​ចេញមុខ​បកស្រាយ​និង​បដិសេធ​យ៉ាង​ដាច់អហង្ការ​ថា រវាង​ពួកគេ​ទាំងពីរ​ស្នេហា​មានតែ​លើ​ឆាកកំប្លែង ដោយឡែក​ក្រៅ​ឆាកកំប្លែង​ពួកគេ​មាន​ត្រឹមតែ​មិត្តភក្ដិ​ប៉ុណ្ណឹង​ក៏​មិនមាន​អ្នកណាម្នាក់​ជឿ​ដែរ​»​។​

ប៉ុន្តែ​យ៉ាងណា​ពាក្យសម្ដី​របស់​ពួកគេ​ម្នាក់ៗ​នោះ​លាង​មិន​ជ្រះ​នូវ​មន្ទិល​ស្នេហា​ចចាមអារ៉ាម​នេះ​បានឡើយ ខណៈ​ភាពស្និទ្ធស្នាល​ពួកគេ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ត្រូវបាន​មហាជន​សង្កេតឃើញថា​ភាពស្និទ្ធស្នាល​មិនមែនជា​មិត្តភក្ដិ​ធម្មតា ហើយ​កាន់តែ​ស្អិតល្មួត​ជាង​មុន ប្រៀប​ដូច​ស្រមោច​និង​ស្ករ​ទៅហើយនោះ​។​

តារា​កំប្លែង​មានកំណើត​ពី​ដីចម្ការ​ស្រុក​កៀនស្វាយ ជំពប់​ស្នេហ៍​បុរស​ក្រុង​អង្គរ​បានកូន​មួយ​ក៏​ព្រាត់​គ្នា​នាង ខ្ញុង បាន​បញ្ជាក់ថា​ «​ដ្បិតថា​ខ្ញុំ​ជា​ស្ត្រី​មេម៉ាយ​និយាយ​មិនសូវ​ខ្មាសអៀន​ជាមួយ​បង ពែ​កមី នោះ ក៏​ខ្ញុំ​មិន​អាចមាន​ស្នេហា​ជាមួយ​គាត់​ទេ ដាច់ខាត​មិនអាច​ព្រោះ​ខ្ញុំ​ក៏​ដឹង​ហើយ គាត់​មាន​ប្រពន្ធ​កូន​ហើយ​ខ្ញុំ​ក៏​ដឹងចិត្ត​ស្ត្រី​ដូចគ្នា​បើ​គេ​ឆក់​ស្នេហ៍​ទៅ​តើ​ឈឺចាប់​ប៉ុនណា ខ្ញុំ​យល់​ពី​ភាពឈឺចាប់​នេះ​ណាស់ នេះ​ខ្ញុំ​ជួប​ជីវិត​នេះហើយ ហើយ​ពេលនោះ​ខ្ញុំ​ស៊ូ​ដេក​ឱប​កូន​តែម្នាក់ឯង​»​។ នាង​បានបញ្ជាក់​បន្ថែមទៀតថា​៖«​ខ្ញុំ​មិន​ចង់​ឲ្យ​ស្ត្រី​ដូចគ្នា​ឈឺចាប់​រឿង​ប្តី​ដោយសារតែ​ខ្ញុំ​ដែរ​»​។​

ជាមួយ​ការបរិយាយ​នេះ អ្នកកំប្លែង​ស្ពាយ​កូនប្រុស​ពី​ដី​ក្រុង​អង្គរ មក​សាង​កេរ្តិ៍ឈ្មោះ​ក្នុង​អាជីព​កំប្លែង​នៅ​ដី​ក្រុងភ្នំពេញ​រូបនេះ​ក៏បាន​សារភាពថា ពេលនេះ​បេះដូង​នាង​ក៏​មិនមែន​នៅ​រងា​ឯកា​មិនមាន​អ្នក​ជួយ​ទំនុក​បម្រុង​​នោះដែរ ដោយ​នាង​បាន​បញ្ជាក់ថា​ «​តាមពិត​មាន​លោកតា ម្នាក់​រស់នៅ​អូស្ត្រាលី តាម​សុំ​ស្នេហ៍​ខ្ញុំ​ពិតមែន​តាំងពី​ជាង​១​ឆ្នាំ​មុននេះ​ម្ល៉េះ ហើយ​គាត់​តែងតែ​ផ្ញើ​លុយ​មក​ឲ្យ​ខ្ញុំ​រៀងរាល់ខែ និង​ធានា​ជួយ​ទំនុក​បម្រុង​ខ្ញុំ​បាន​ច្រើន​ផងដែរ​»​។ ប៉ុន្តែ​នាង​ប្រាប់​ប៉ុន្តែ​នាង​ប្រាប់ថា​ «​ដ្បិតតែ តា វ័យ​ជាង ​៦០ ​ឆ្នាំ​នៅ​អូស្ត្រាលី​នោះ គាត់​បាន​ផ្ញើ​លុយ​មក​ឲ្យ​ខ្ញុំ​រាល់​ខែ និង​ខ្ញុំ​ទទួល​យ៉ាង​សប្បាយចិត្ត​ពី​ជំនូន​ទឹកប្រាក់​ពី​គាត់​បាន​ច្រើន​គួរ​សម​​​យ៉ាងនេះ​ក្តី តែ​រហូតមក​ដល់ពេលនេះ​គាត់​មិនទាន់បាន​ចម្លើយ​ពី​ខ្ញុំ​ថា​យ៉ាង​ណាមួយ​ម៉ាត់​នោះឡើយ គឺ​បានត្រឹមតែ​ពាក្យ​អរគុណ​និង​និយាយ​លេង​ធម្មតាៗ ដូច​មនុស្ស​រាប់អាន​គ្នា​ទេ​»​។​

អ្នកកំប្លែង​មេម៉ាយ​កូន​មួយ​អន្ទង​ចិត្ត​កន្លង់​ចំណាស់​នៅ​អូស្ត្រាលី​ឲ្យ​ទម្លាក់​ប្រាក់​មក​ឲ្យ​ទាំង​ដុំៗ នាង ស្រេង សុ​កាន់​ដា ហៅ​ខ្ញុង បាន​បញ្ជាក់ថា​ «​មូលហេតុ​ដែល​ខ្ញុំ​មិន​ផ្តល់​ចម្លើយ​ថា យ៉ាងណា​ទៅ​គាត់​ក៏​ព្រោះតែ​ខ្ញុំ​និង​គាត់​​នៅ​មិនទាន់​បានឃើញ​មុខ​គ្នា​និង​មិនទាន់បាន​សិក្សា​ប្រវត្តិ​គាត់​ថា​យ៉ាងណាដែរ តែបើ​គាត់​ពិតជា​មនុស្ស​ប្រុស​ស្អាតស្អំ មិន​ពាក់ព័ន្ធ​យ៉ាងណា​នោះ រឿងនេះ​ខ្ញុំ​ក៏​ពិចារណា​ដែរ ខ្ញុំ​មិន​គិតថា​គាត់​ចាស់​អាយុ​ច្រើន​អី​ទេ​»។​

នាង​បាន​បន្ថែមថា​៖«​បើ​ខ្ញុំ​មើលទៅ​ថា​ល្អ គាត់​ចូល​ស្តីដណ្តឹង​ខ្ញុំ​តាម​ប្រពៃណី​មែន​នោះ ខ្ញុំ​នឹង​ទទួលយក​គាត់​រៀបការ​តាម​ប្រពៃណី​ភ្លាម​មិន​ប្រកែក​ទេ​»​។​ ​បន្ថែម​លើ​ការរៀបរាប់ បែប​ជា​សារ​បង្ហាញ​ភ្លើង​ខៀវ​ឲ្យ​កន្លង់​ចំណាស់​ឆ្លង​ទ្វីប មាន​ទឹកមាត់​លេប​នោះ នាង​ខ្ញុង ក៏បាន​ឲ្យ​ដឹង​ពី​ជំនូន​ដែល​កន្លងមក​កន្លង់​ចំណាស់​នោះ​ផ្ញើជូន​នាង​ផងដែរ ដោយ​នាង​បាន​ប្រាប់ថា​៖«​ខ្ញុំ​មិនដឹងថា គាត់​គិត​យ៉ាងណា​ចំពោះ​ខ្ញុំ​ថា ជា​មនុស្ស​យ៉ាងណា​នោះដែរ ប៉ុន្តែ​គាត់​កាលពី​ជាង​មួយ​ឆ្នាំមុន​ក្រោយពី​គាត់​បាន​ស្គាល់​លេខ​ទូរស័ព្ទ និង​បានខ​ល​មកលេង​ខ្ញុំ ដឹង​ពី​ជីវិត​ខ្ញុំ​បានតែ​ពីរ​ថ្ងៃនោះ គាត់​បាន​ផ្ញើ​ប្រាក់​មក​ឲ្យ​ខ្ញុំ​ភ្លាម​ដែល​ពេលនោះ​គាត់​ផ្ញើ​ឲ្យ​ដំបូង​ចំនួន​៧០០​ដុល្លារ​អាមេរិក និង​ខ្សែក​ពេជ្រ​២​ខ្សែ ហើយ​បន្តបន្ទាប់​គឺ​គាត់​ផ្ញើ​ឲ្យ​រាល់​ខែ មិនដែល​រំលង​ខែ​ណាមួយ​ឡើយ​»​។​

 

​នាង​បាន​បញ្ជាក់ថា​ «​ប៉ុន្តែ​ខែក្រោយៗ​មក​នោះ​គាត់​មិនបាន​ផ្ញើ​របស់​មានតម្លៃ​មក​ឲ្យ​ដូច​មុនដំបូង​ទេ មានតែ​ប្រាក់​ដុល្លារ​សុទ្ធតែ​ប៉ុណ្ណឹង​ទេ​»​។​ ​បើទោះជា​កន្លង់​ចំណាស់​នោះ បាន​បញ្ជូន​ទឹកប្រាក់​និង​របស់​មានតម្លៃ​យ៉ាង​សន្ធឹកសន្ធាប់​មក​ឲ្យ​នាង​ខ្ញុង យ៉ាងនេះ​ក្តី​ប៉ុន្តែ​បុរស​ចំណាស់​នោះ​នៅ​មិនទាន់​ប្រាកដ​ក្នុង​ដំណើរ​ហោះហើរ​មក​គយគន់​អ្នក​មេម៉ាយ​នាង​ខ្ញុង ដែល​ខ្លួន​ផ្ញើ​ប្រាក់​ឲ្យ​ពេលណា​នោះទេ ខណៈ​នាង​ខ្ញុង និយាយថា គាត់​ដូចជា​មិនទាន់​ប្រាកដថា​ចង់​មកជួប​មុខ​នាង​ផង ហើយ​ដូចជា​មិនដែល​ឮ​គាត់​ថា​ចង់​មកលេង​ស្រុក​ខ្មែរ​ដែរ អត់​សោះ​ហើយ​គាត់​ក៏​មិនដែល​ស្នើ​រូបនាង​ឲ្យ​ទៅ​អូស្ត្រាលី​ដែរ​»៕​

01 (2)

 

Leave a Reply

(*) Required, Your email will not be published