ការបោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ ដែល​ប្រជាជន​ម៉ាឡេស៊ី មានឱកាស​ផ្តួល​បក្ស​កាន់អំណាច ដែល​គ្រប់គ្រង​ប្រទេស​ជាង ៥៦ ឆ្នាំ​

, , Leave a comment

​ក្រុង​កូ​ឡា​ឡាំ​ពួ ៖ កាលពី​ថ្ងៃអាទិត្យ​ទី​០៥ ខែឧសភា​នេះ ប្រជាជន​ម៉ាឡេស៊ី​រាប់លាន​នាក់ បាននាំគ្នា​ទៅ​បោះឆ្នោត​រើស​តំណាងរាស្ត្រ​របស់ខ្លួន ស្ថិតក្នុង​បរិយាកាស​ដ៏​សែន​រំជើបរំជួលព្រោះថា​វា​ជា​ឱកាស​ផ្តួល​គណបក្សកាន់អំណាច ដែល​គ្រប់គ្រង​ប្រទេស អស់​រយៈពេល​ជាង​កន្លះ​សតវត្សរ​មកហើយ​នោះ ឲ្យ​ចុះ​ពី​តំណែង​។


​ការបោះឆ្នោត​សភា នៅ​ម៉ាឡេស៊ី នៅពេលនេះ ជាការ​បោះឆ្នោត​មួយ​ដែលមាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ ព្រោះថា​សំរាប់​ប្រទេស​ម៉ាឡេស៊ី​ដែល​បានទទួល​ឯករាជ្យ​ពី​អាណានិគម អង់គ្លេស​នៅ​ឆ្នាំ​១៩៥៧​នោះ នេះ​ជា​ឱកាស​លើកទីមួយ អាច​ឲ្យ​ជាតិ​របស់ខ្លួន​ផ្លាស់ប្តូរ​គោលនយោបាយ ផ្តួល​គណបក្សកាន់អំណាច​ដែលមាន​វត្តមាន ក្នុងការ​គ្រប់គ្រង​ប្រទេស​ជាង​៥៦ ឆ្នាំ​មកនេះ ទន្ទឹម​ពេលដែល​គណបក្ស​កាន់អំណាច​កំពុងតែ​មានរឿង​អាស្រូវ ទាក់ទង​នឹង​អំពើពុករលួយ​។​


​យោងតាម​ការ​ស្ទាបស្ទង់​មតិ ដែល​បាន​ធ្វើឡើង​កាលពី​ខែមេសា​កន្លងទៅ គណបក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេស៊ី​ហៅ​កាត់​ថា UMNO ជា​គណបក្ស​របស់​នាយ​ក​រដ្ឋមន្ត្រី Najib Razak នឹង​ចាញ់​ប្រៀប​គណបក្សប្រឆាំង​រប​ស់​បេក្ខជន Anwar Ibrahim​។ ក្នុងចំណោម​អាសនៈ​២២២ ក្នុង​សភា គណបក្សប្រឆាំង​អាចនឹងទទួល​បាន​៨៩​អាសនៈ ឈ្នះ​គណបក្សកាន់អំណាច​ដែល​គេ​ប្រមើល​មើលថា ទទួលបាន​៨៥​អាសនៈ​។ ប​ច្ច​ប្បន្ន​នេះ គណបក្សប្រឆាំង​របស់​លោក Anwar Ibrahim  មាន​៧៥​អាសនៈ​ក្នុង​សភា ហើយ​រដ្ឋាភិបាលចម្រុះ របស់​នាយករដ្ឋមន្ត្រី Najib Razak មាន​១៣៥​អាសនៈ​។
 


​គួររំលឹកថា លោក Anwar Ibrahim ជា​អតីត​ឧបនាយករដ្ឋមន្ត្រី​ដែល​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង កាលពី​ឆ្នាំ​១៩៩៨ ដែល​កាលណោះ លោក​បាន​ត្រូវ​ជាប់ពន្ធនាគារ​៦​ឆ្នាំ ដោយ​ជាប់ទោស​ពីបទ​ពុករលួយ និង​បទ​រួមភេទ​អនាចារ​ជាមួយ​បុរស ប៉ុន្តែ​លោក​បាន​ប្រាប់ថា ការចោទប្រកាន់​អស់នេះ​គឺ​សុទ្ធតែជា​កលល្បិច​នយោបាយ បង្កឡើង​ដោយ​សត្រូវ របស់លោក​។ ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​កន្លងមក សកម្មជន​កំណែទម្រង់​រូបនេះ បាន​សន្យា​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ និង​ស្វែងរក​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​ជូន​ប្រទេសជាតិ​។ លោក Anwar Ibrahim បាន​ប្រាប់ថា ប្រសិនបើ​មានការ​បន្លំ​ណាមួយ​កើតឡើង នៅក្នុងពេល​បោះឆ្នោត​នេះ នោះ​គណបក្ស​លោក​អាច​នឹង​បរាជ័យ ៕

6-May

 

Leave a Reply

(*) Required, Your email will not be published