មន្ត្រី​ធំៗ​របស់​ក្រសួង​ប្រៃសណីយ៍ មានឈ្មោះ​ស៊ីប្រាក់ខែ​តាម​ក្រុមហ៊ុនទូរស័ព្ទ នាំ​ឲ្យ​មានការ​ប្រកួតប្រជែង ដោយ​មិន​ស្មោះត្រង់​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ចំណាត់ការ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​គ្រប់គ្រង​អត្រា​តម្លៃ​ហៅ​ចេញ​របស់​ក្រុមហ៊ុនទូរស័ព្ទ ដែល​កំពុងធ្វើការ​ប្រកួត​ប្រជែង​គ្នា ហាក់ដូចជា​មិន​​ច្បា​ស់​លា​ស់ធ្វើ​​ឲ្យ​​មា​ន​ប្រតិកម្ម​កាន់តែខ្លាំង​ឡើងពី​អ្នកប្រើប្រាស់​សេវា ​ទូរស័ព្ទ​នៅ​គ្រប់ទិសទី ហើយ​នៅពេលដែល​ក្រុមមន្ត្រី​បាន​អះអាងថា ក្រុមហ៊ុនទូរស័ព្ទ​ទាំងអស់​ត្រូវតែ​អនុវត្តន៍​តាម​សេចក្តីសម្រេច​របស់​ អន្តរក្រសួង​លេខ ២៣២ សហវ​.​បទ ចុះ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០០៩ ស្តីពី​ការកំណត់ថ្លៃ​អប្បបរមា​នៃ​សេវា​ទូរស័ព្ទ​ចល័ត អចល័ត និង​ថ្លៃ​ត​បណ្តាញ ក្នុង​គោលបំណង​ឲ្យ​មានការ​ប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា ផ្តល់​សេវា​ល្អ គុណភាព​ខ្ពស់​តម្លៃថោក​សមរម្យ​និង​បង្កើន​ចំណូល​ថវិកាជាតិ គួរតែ​ចាត់វិធានការ​ឲ្យ​បាន​សមស្រប និង​មាន​តម្លាភាព​។


​កន្លងមក​សេចក្តីប្រកាស​របស់​អន្តរក្រសួង​មួយ​នេះ មិន​ត្រូវបាន​ក្រុមហ៊ុនទូរស័ព្ទ​ធំៗ​ដូចជា​ក្រុមហ៊ុន Metfone និង​ក្រុមហ៊ុន Mobitel  អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ ហើយ​រូបភាព​ជាក់ស្តែង​គេ​សង្កេតឃើញថា  មន្ត្រី​ក្រសួង​ប្រៃសណីយ៍​រករឿង​ចំពោះតែ​ក្រុមហ៊ុន​ដែល​កំណត់​តម្លៃ​សេវា​ ថោក និង​មាន​កម្មវិធី Promotion ដើម្បី​ផលប្រយោជន៍​អតិថិជន រីឯ​សម្រាប់​ក្រុមហ៊ុនទូរស័ព្ទ​ធំៗ​ដែល​កំណត់​តម្លៃ​ហៅ​ចេញ​លើសពី​ សេចក្តីសម្រេច​របស់​អន្តរក្រសួង​បែរជា​គ្មាន​វិធានការ​អ្វី​សោះ​។ ប្រជាពលរដ្ឋ​ទូទៅ បាន​រិះគន់​មិន​សំចៃមាត់​ចំពោះ​ចំណាត់ការ​របស់​មន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ ដែល​គ្រប់គ្រង​ដោយ​លោក​រដ្ឋមន្ត្រី សូរ ឃុន ក្នុង​ការព្រមាន​ក្រុមហ៊ុនទូរស័ព្ទ​ដ៏​មាន​ប្រជាប្រិយភាព​មួយ មិន​ឲ្យ​បន្ថែម​នាទី​ហៅ​ចេញ ឬ​ធ្វើ Promotion សម្រាប់​ការហៅ​ទូរស័ព្ទ​ក្នុង​តម្លៃថោក​នោះទេ ។​


​មានការ​បញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ននេះ​ក្រុមហ៊ុន Smart ដែល​ទើបតែ​មានការ​បង្រួបបង្រួម​គ្នា​រវាង​ក្រុមហ៊ុន Hello និង​ក្រុមហ៊ុន Smart ដែលមាន​អតិថិជន​ច្រើន​លើសលប់ បាន​ជាប់​លំដាប់ថ្នាក់​ជា​ក្រុមហ៊ុនទូរស័ព្ទ​ដែលមាន​ប្រជាប្រិយភាព និង​ពេញនិយម​ជាងគេ ព្រោះតែ​ក្រុមហ៊ុន​នេះ​បានផ្តល់​អត្ថប្រយោជន៍​ជាច្រើន សម្រាប់​អ្នកប្រើប្រាស់ ហើយ​បើ​និយាយ​ពី​ទីផ្សារសេរី​វិញ​តម្លៃ​កាន់តែ​ថោក កាន់តែ​ល្អ សម្រាប់​ប្រជាពលរដ្ឋ​។ នៅពេល​ក្រសួង​ប្រៃសណីយ៍​របស់លោក សូរ ឃុន ចាប់ផ្តើម​ដាក់​កំហិត​អំពី​តម្លៃ​ហៅ​ចេញ​សម្រាប់​ក្រុមហ៊ុនទូរស័ព្ទ ដោយយោង​លើ​សេចក្តីប្រកាស​រួម​លេខ ២៣២ មហាជន​បាន​លើក​សំណួរ​ទៅកាន់​រដ្ឋាភិបាល ថា​តើ​ហេតុអ្វី​បានជា​គ្មាន​វិធាន​ការកំណត់​តម្លៃ​ប្រេងសាំង និង​តម្លៃ​ទំនិញ​ផ្សេងៗ​ដើម្បី​ជា​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ផង​ទៅ ។


​យោងតាម​សេចក្តីប្រកាស​រួម​របស់​អន្តរក្រសួង​លេខ ២៣២ ចុះ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០០៩ គឺ​ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​ប្រៃសណីយ៍​បាន​ឯកភាពគ្នា​កំណត់​ថ្លៃ​សេវា​អប្បបរមា​នៃ​ បណ្តាញទូរស័ព្ទ​ចល័ត ដែល​ហៅ​ចេញ​ក្នុង​បណ្តាញ​តម្លៃ​ត្រឹមតែ ៤,៥ សេន​ដុល្លារ​អាមេរិក ក្នុង​មួយ​នាទី ហើយ​សម្រាប់​សេវា​អប្បបរមា​ហៅ​ឆ្លងកាត់​ក្រៅ​ប្រព័ន្ធ​ដែល​កំណត់​តម្លៃ​ ត្រឹមតែ ៥,៩៥ សេន​ដុល្លារ​អាមេរិក​ក្នុង​មួយ​នាទី ដោយ​មិនទាន់​គិត​បញ្ចូល​ពី​ពន្ធអាករ​លើ​តម្លៃបន្ថែម​និង​អាករ​ពិសេស​នោះទេ ហើយ​បើ​បូក​បញ្ចូល​ពន្ធអាករ​ថែមទៀត​នោះ គឺ​តម្លៃ​ហៅ​ចេញ​ក្នុង​ប្រព័ន្ធ​មានតម្លៃ​មិន​ដល់ ៦​សេន​នោះទេ ហើយ​ការហៅ​ចេញ​ក្រៅ​ប្រព័ន្ធ​វិញ​ក៏មាន​តម្លៃ​មិន​ដល់​៧​សេន​នោះដែរ​។ ប៉ុន្តែ​ជាក់ស្តែង​មាន​ក្រុមហ៊ុនទូរស័ព្ទ​ធំៗ​ចំនួន​២ គឺ​ក្រុមហ៊ុន Metfone និង​ក្រុមហ៊ុន Mobitel បានកំណត់​តម្លៃ​ហៅ​ចេញ​ក្រៅ​ប្រព័ន្ធ​រហូតដល់​ជាង ១០​សេន​ឯណោះ​ក្នុង​មួយ​នាទី ប៉ុន្តែ​លោក សូរ ឃុន មិនដែល​ហ៊ាន​ហើបមាត់​ពី​បញ្ហា​នេះ​ទេ​។​


​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ជួបប្រជុំ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ ដើម្បី​ជជែក​ពិភាក្សាគ្នា ហើយ​ដាក់ចេញ​នូវ​សេចក្តីប្រកាស​អន្តរក្រសួង​លេខ​២៣២ ចុះ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០០៩ ស្តីពី​ការកំណត់ថ្លៃ​អប្បបរមា នៃ​ការហៅ​ចេញ​សេវា​ទូរស័ព្ទ​ចល័ត អចល័ត និង​ថ្លៃ​ត​ភ្ជាប់​បណ្តាញ​ក្នុង​គោលបំណង​ឲ្យ​មានការ​ប្រកួតប្រជែង​ដោយ​ ស្មើភាព ផ្តល់​សេវា​ល្អ គុណភាព​ខ្ពស់ តម្លៃថោក​សមរម្យ និង​បង្កើន​ចំណូល​ថវិកាជាតិ។ ត្រង់ចំណុច​នេះ​គេ​អាច​វាយតម្លៃ​បាន​ថា នៅពេល​តម្លៃ​សេវា​ទូរស័ព្ទ​ឡើងថ្លៃ ហួស​ពី​ការកំណត់​របស់​សេចក្តី​ប្រកាស​អន្តរក្រសួង តើ​ប្រយោជន៍​បាន​ទៅខាង​ណាខ្លះ បានជា​ក្រសួង​ប្រៃសណីយ៍​មិនដែល​ចាត់វិធានការ​ទប់ស្កាត់​ចំពោះ​ការកំណត់​ តម្លៃ​ហៅ​ចេញ​ទូរស័ព្ទ ផ្ទុយ​ពី​សេចក្តីប្រកាស​របស់​អន្តរក្រសួង​លេខ ២៣២ បែរជា​គិតគូរ​តែ​បញ្ហា​តម្លៃ​ដែល​ទាប​ជាង​ការកំណត់​ទៅវិញ នាំ​ឲ្យ​មានការ​រិះគន់​ជុំ​ទិស​ពី​ប្រជាពលរដ្ឋ​។​


​តាម​ការគ្រោងទុក​នៅ​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៣ ខាងមុខនេះ មន្ត្រី​ក្រសួង​ប្រៃសណីយ៍ នឹងធ្វើ​ការកោះប្រជុំ​បណ្តា​ក្រុមហ៊ុនទូរស័ព្ទ​ទាំងអស់​ដើម្បី​ដោះស្រាយ​ បញ្ហា​ទាក់ទង​នឹង​ការប្រកួតប្រជែង​មិន​ស្មោះត្រង់​ក្នុងចំណោម​ ក្រុមហ៊ុនទូរស័ព្ទ​ទាំងអស់​ដែល​កំពុងបើក​ធ្វើ​អាជីវកម្ម​នៅក្នុង​ប្រទេស​ កម្ពុជា ជាពិសេស​បញ្ហា​តម្លៃ​សេវា​អប្បបរមា​នៃ​ការហៅ​ចេញ ធ្វើយ៉ាងណា​ឲ្យ​មានតម្លៃ​សមរម្យ​និង​មាន​គុណភាព​បង្ក​ភាពងាយស្រួល​ដល់​អតិថិ ​ជន​ជា​អ្នកប្រើប្រាស់​។ មានការ​បញ្ជាក់​ផងដែរ​ថា ការប្រកួតប្រជែង​ដោយ​មិន​ស្មោះត្រង់ និង​បញ្ហា​ជាច្រើន​ដែល​ប៉ះពាល់ ផលប្រយោជន៍​របស់​អតិថិជន មិន​ត្រូវបាន​ក្រសួង​ប្រៃសណីយ៍​យកចិត្តទុកដាក់​ដោះស្រាយ ក៏​ព្រោះតែ​មន្ត្រី​ធំៗ​ក្នុង​ក្រសួង​ប្រៃសណីយ៍​សុទ្ធ​តែមាន​តួនាទី​បម្រើ​ ការងារ​ជាទី​ប្រឹក្សា ឬ​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៅតាម​ក្រុមហ៊ុនទូរស័ព្ទ​ទាំងអស់ បង្កើត​ឲ្យ​មានទំនាស់​ផលប្រយោជន៍​ដែល​ទាមទារ​ឲ្យ​រាជ​រដ្ឋា​ផិ​បាល​កម្ពុជា ពិនិត្យមើល​ភាពមិនប្រក្រតី​អស់​ទាំងនេះ​ឡើងវិញ​ផង​៕

4-May

 

Leave a Reply

(*) Required, Your email will not be published