ជឿ​ទេ​ការបើក​ខុស​គន្លង​ផ្លូវ​ក៏បង្ក​ឲ្យ​ស្ទះចរាចរណ៍​ដែរ​?

, , Leave a comment

​មាន​កត្តា​ជាច្រើន ដែល​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរ ណ៍ នៅ​រាជធានី​ភ្នំពេញ ក្នុងនោះ​កត្តា​បើកបរ​ខុស​គន្លង​ផ្លូវ និង​រំលោភ​ទៅលើ​ចំណែក​ផ្លូវ​របស់​យានយន្ត​ដទៃទៀតក៏​ត្រូវបាន​រាប់បញ្ចូល​ផងដែរ​។​ ​មានមតិ​ខ្លះ​លើកឡើងថា ការបើកបរ​បែបនេះ​មិន​ត្រឹមតែ​បង្ក​ឲ្យ​មានការ​កកស្ទះ​នោះទេ តែ​ពេលខ្លះ​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ទៀត​។​
 

​ជាក់ស្ដែង យុវជន ចាន់ សុ​វណ្ណា និស្សិត​ឆ្នាំ​ទី​២ ជំនាញ​គ្រប់គ្រង​ពាណិជ្ជកម្ម នៅ​សាកលវិទ្យាល័យ ន័​រ​តុ​ន បាន​បន្ទោស​ដល់​អ្នកបើក​បរ​ម៉ូតូ​តែម្ដង គឺ​តែងតែ​ជិះ​ជ្រែ​ចូល​ផ្លូវ​ឡាន គ្មាន​ខ្លាច​នោះទេ​។ ការបើកបរ​ដូច្នេះ​មិន​ត្រឹមតែ​ស្ទះ​នោះទេ ពេលខ្លះ អ្នកបើកបរ​ឡាន​មិន​ប្រយ័ត្ន អាច​បុក​គ្នា​ក៏មានដែរ​។​


​កញ្ញា ស្រស់ ស្រី​ពេជ្រ និស្សិត​ឆ្នាំ​ទី​១ ជំនាញ​ហិរញ្ញវត្ថុ និង​ធនាគារ នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ដែល​មើលឃើញ​ស្រដៀង​គ្នា​នេះ បាន​ឲ្យ​ដឹងថា តាម​ដងផ្លូវ​សព្វថ្ងៃនេះ ការបើកបរ​ខ្វះ​សុជីវធម៌ ហើយ​ឲ្យ​តែមាន​ប្រឡោះ​អាច​បើក​បាន គឺ​អ្នកបើកបរ​ម៉ូតូ​តែង​បើក​កាត់​តែម្ដង​។ ប៉ុន្តែ មិនមែន​ត្រឹមតែ​ម៉ូតូ​នោះទេ សូម្បីតែ​អ្នកបើក​ឡាន ឬ​រ៉ឺម៉ក​កង់​បី ពេលខ្លះ ឈប់​លើផ្លូវ​ម៉ូតូ បង្ក​ឲ្យ​មានការ​កកស្ទះ​។​

យុវជន ម៉េង​ហុង និស្សិត​ឆ្នាំ​ទី​១ ជំនាញ​អក្សរសាស្ត្រ​អង់គ្លេស នៅ​សាកលវិទ្យាល័យ​ធនធានមនុស្ស បាន​ឲ្យ​ដឹងថា លោក​ធ្លាប់​ឃើញ​ឡាន​មួយ បើក​មក​ឈប់​ពេល​ភ្លើងស្តុប​កំពុង​លោត​ពណ៌​ខៀវ​នៅឡើយ ហើយ​ឡាន​នោះ​កាច់​ស៊ីញ៉ូ​បត់​ឆ្វេង​។ គាត់​ធ្វើ​ដូច្នេះ​គឺ​ធ្វើ​ឲ្យ​អ្នកបើកបរ​នៅ​ពីក្រោយ ដែលមាន​គោលដៅ​ទៅ​ត្រង់ ត្រូវ​ស្ទះ​រង់ចាំ​រហូតដល់​ភ្លើងស្តុប​លោត​ពណ៌​ខៀវ​ម្ដងទៀត ទើប​អាច​ទៅបាន​។​

អ្នក វិភាគ​សង្គម លោក ម៉ាក ចំរើន ប្រធាន​សមាគមយុវជន​ខ្មែរ បាន​ចាប់អារម្មណ៍​ដែរ​ថា មិនមែន​តែ​ឡាន ឬ​ម៉ូតូ​នោះទេ សូម្បី​រទេះគោ​ក៏​បរ​ចូលក្នុង​ទីក្រុង​បានដែរ ហើយ​ថែមទាំង​បរ​មិន​ប្រកាន់​ស្ដាំ​ទៀតផង ។ តាម​ការយល់ឃើញ​រប​ស់លោក ការបើកបរ​គ្មាន​សណ្ដាប់ធ្នាប់​បែបនេះ គឺ​កើតចេញពី​ការមិន​សូវ​គោរព​ច្បាប់ និង​ការយល់ដឹង​នៅមានកម្រិត​ទាប​នៅឡើយ ពិសេស​ការមិន​សូវ​ស្គាល់​ស្លាក​សញ្ញា​ចរាចរណ៍​តែម្ដង​។​

ដូច្នេះ ដើម្បី​អាច​ដោះស្រាយ​បញ្ហា​ខាងលើនេះ លោក ម៉ាក ចំរើន ឲ្យ​យោបល់​ថា មន្ត្រី​មាន​សមត្ថកិច្ច គួរ​ជួយផ្ដល់​ការអប់រំ និង​ផ្សព្វផ្សាយ​ដល់​អ្នកបើកបរ​ទាំងអស់​ឲ្យ​ចេះ​ច្បាប់​ចរាចរណ៍ ចេះ​បើកបរ​លើផ្លូវ​របស់ខ្លួន​ឲ្យ​បាន​ត្រឹម និង​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ លុបបំបាត់ចោល​វប្បធម៌​អាង​អំណាច អាងខ្នង​បង្អែក ដែល​ពួកគាត់​បង្ក​បំពាន​លើ​ចំណែក​ផ្លូវ​គេ ហើយ​ដោះស្រាយ​ដោយ​លុយកាក់ ដើម្បី​ជៀសវាង​ប្រជាជនមាន​អារម្មណ៍​ថា ឲ្យ​តែ​អ្នកមាន​លុយ​គឺ​ចប់​បញ្ហា​នោះ​។​ ​លោក​ក៏បាន​អំពាវនាវ​ថា អ្នកបើកបរ​ទាំងអស់​សូម​គោរព​ច្បាប់​ចរាចរណ៍ បើកបរ​ដោយមាន​ការយោគយល់​អ​ធ្យា​ស្រ័យ​គ្នា ប្រកបដោយ​សីលធម៌​ល្អ ដើម្បី​ឲ្យ​សង្គម​មាន​សណ្ដាប់ធ្នាប់រ​បៀ​ប​រៀបរយ​៕

03 (2) 03 (3) 03 (4) 03 (1)

 

Leave a Reply

(*) Required, Your email will not be published