ខេត្តស្ទឹងត្រែង ៖ ច្រើនឆ្នាំមកហើយ ដែលគ្រប់ៗគ្នាស្គាល់ពីឥទ្ធិពលនិងអំណាចរបស់យាយព្រឿងដែលជាមេឈ្មួញជនជាតិយួនក្នុងការរកស៊ីដឹកជញ្ជូនឈើប្រណីតទាំងតាមផ្លូវទឹកនិងតាមផ្លូវគោកផ្តាច់មុខដោយសារតែជំនាញរដ្ឋបាលព្រៃឈើបើកភ្លើងខៀវ ឲ្យយាយព្រឿងធ្វើអ្វីៗតាមតែអំពើចិត្តគ្មានការបង្ក្រាបទាល់តែសោះបើទោះបីជាលោករដ្ឋមន្ត្រី ច័ន្ទ សារុន ធ្លាប់បានអួតអាងថាខេត្តស្ទឹងត្រែងគឺជាគោល ដៅធំទី២ដែលត្រូវបង្ក្រាបជំនួញឈើប្រណីតខុសច្បាប់ឲ្យមានប្រសិទ្ធភាព បន្ទាប់ពីខេត្តព្រះវិហារក៏ដោយ ក៏យាយព្រឿងនៅតែធ្វើសកម្មភាពលួចដឹកជញ្ជូនឈើប្រណីតខុសច្បាប់ យ៉ាងអនាធិបតេយ្យដូចមុនដដែល។
សេចក្តីរាយការណ៍ពីខេត្តស្ទឹងត្រែងបានឲ្យដឹងថា យាយព្រឿងមិន ចេះនិយាយភាសាខ្មែរក៏ពិតមែន ប៉ុន្តែយាយព្រឿងមានដៃជើងគ្រប់ប្រភេទ ទាំងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ កម្លាំងប្រដាប់អាវុធ និងអ្នកកាសែតមួយចំនួនក៏សុទ្ធតែត្រូវបានយាយព្រឿងប្រើប្រាស់ដើម្បីសម្របសម្រួលការងារក្នុងការដឹកជញ្ជូនឈើរបស់គាត់ឲ្យមានភាពរលូនល្អចៀសផុតពីឧបសគ្គផងដែរ ហើយប៉ុន្មានថ្ងៃមុននេះ មានអំពើកុងកាច់គ្នាក្នុងជួរសមត្ថកិច្ចក៏មានការបំបែកព័ត៌មានពីជំនួញឈើខុសច្បាប់ទ្រង់ទ្រាយធំរបស់យាយព្រឿង ជាបន្តបន្ទាប់។ លោករដ្ឋមន្ត្រី ច័ន្ទ សារុន ជាពិសេសលោក ឆេង គឹមស៊ុន ជាប្រធានរដ្ឋបាលព្រៃឈើ ប្រសិនបើមានឆន្ទៈពិតប្រាកដក្នុងការអនុវត្តបទបញ្ជាលេខ០១ ក្នុងការបង្ការបង្ក្រាបនិងទប់ស្កាត់ការដឹកជញ្ជូនឈើខុសច្បាប់របស់រាជរដ្ឋាភិបាលមិនគួរមើលរំលងពីជំនួញឈើខុសច្បាប់ទ្រង់ទ្រាយធំរបស់យាយព្រឿងដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូន ទាំងតាមផ្លូវទឹកនិងតាមផ្លូវគោកសឹងផ្តាច់មុខទៅហើយក្នុងខេត្តស្ទឹងត្រែងនោះទេ។ ប្រសិនបើអាចបង្ក្រាបជំ នួញឈើខុសច្បាប់របស់យាយព្រឿង បានដោយជោគជ័យនោះ គេយល់ថាសកម្មភាពកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅភូមិភាគឦសាន ជាពិ សេសនៅប៉ែកខាងជើងនៃខេត្តស្ទឹងត្រែងពិតជាអាចទប់ស្កាត់ដោយប្រសិទ្ធភាពជាមិនខាន។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា យាយព្រឿងបានដឹកជញ្ជូនឈើប្រណីតខុសច្បាប់ចេញតាមទូកពីស្រុកសៀមប៉ាង និងស្រុកសេសាន ចូលទៅស្តុកទុកក្នុងឃ្លាំងដ៏ធំមួយក្បែរផ្ទះរបស់គាត់កណ្តាលក្រុងស្ទឹងត្រែង គឺធ្វើជាចំហមិនដែលមានការបង្ក្រាបឬទប់ស្កាត់ពីមន្ត្រីជំនាញនោះ ទេ ហើយការដឹកជញ្ជូនឈើតាមទូករបស់យាយព្រឿង មានប្រភេទឈើគ្រញូង បេង ធ្នង់ នាងនួន ក្នុងមួយយប់ៗមកគ្រប់ទីកន្លែងចូកមកក្រុងស្ទឹងត្រែងរាប់សិបម៉ែត្រគូប ប៉ុន្តែមន្ត្រីជំនាញរដ្ឋបាលព្រៃឈើនិងសមត្ថ កិច្ចពាក់ព័ន្ធមិនដែលចាត់វិធានការបង្ក្រាបម្តងណាឡើយ។ រៀងរាល់យប់ប្រជាពលរដ្ឋរកដឹកពួនសឹងមិនបានដោយសារតែសំឡេងស្រែកហ៊ោកញ្ជៀវរបស់កម្មករ ដែលលើកឈើចេញពីទូកទម្លាក់នៅចំណុចច្រាំងទន្លេមេគង្គ ខាងក្រោយផ្ទះយា យព្រឿង ដែលស្ថិតនៅភូមិបាចុង សង្កាត់ព្រះបាត ក្រុងស្ទឹងត្រែង ហើយក្រោយពីប្រមូលឈើស្តុកទុករួចហើយនោះ យាយព្រឿងបានបន្តដឹកជញ្ជូនតាមរថយន្តកូរ៉េ ឬតាមរថយន្តយីឌុប ទៅចែកចាយតាមសិប្បកម្មនានានៅទូទាំងខេត្តស្ទឹងត្រែង។ ជាទៀងទាត់យាយព្រឿងតែងតែដឹកជញ្ជូនឈើចេញទៅស្រុកយួន ដោយឆ្លងកាត់ខេត្តក្រចេះ មិនដែលមានឧបសគ្គអ្វីទេ ព្រោះជំនាញរដ្ឋបាលព្រៃឈើនិងកងកម្លាំងប្រដាប់អាវុធមួយចំនួនជាអ្នកជួយសម្របសម្រួលបើកភ្លើងខៀវឲ្យយាយព្រឿងដឹកឈើខុសច្បាប់តាមចិត្ត។
យាយព្រឿងក៏មានបងម្នាក់ទៀតឈ្មោះយាយ បូន ដែលមានសិប្បកម្មកែច្នៃឈើដ៏ធំនៅក្បែរឃ្លាំងស្តុកឈើរបស់យាយព្រឿង ហើយយាយបូន ចាំទទួលទិញឈើដែលក្រុមឈ្មួញតូចតាចដឹកជញ្ជូនឈើខុសច្បាប់មកពីតំបន់ផ្សេងៗ យកមកស្តុកទុកសម្រាប់នាំចេញទៅស្រុក យួនឬចែកចាយទៅឲ្យសិប្បកម្មដទៃ ទៀតដោយគ្មានច្បាប់ទម្លាប់អ្វីឡើយ។ ជំនួញឈើខុសច្បាប់របស់យាយព្រឿងដែលគ្មាននរណាហ៊ានបង្ក្រាប ឬហ៊ានហើបមាត់ ត្រូវគេដឹងថាមានលោក អីុវ ឯកសាវត្តី ជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងជាអ្នកជួយសម្របសម្រួល ហើយគេសង្ស័យថា យាយព្រឿងជាអ្នកផ្តល់ផលប្រយោជន៍ឲ្យលោក អីុវ ឯក សាវត្តី យ៉ាងច្រើនក្នុងមួយខែៗទើបទីតាំងស្តុកឈើខុសច្បាប់ ឬការដឹកជញ្ជូនឈើទាំងតាមផ្លូវទឹកនិងផ្លូវគោករបស់យាយព្រឿងមិនដែលមាន ការត្រួតពិនិត្យ ឬបង្ក្រាបពីមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ៕
ប្រភព មនសិការ