កាប៊ុល ៖ បើតាមប្រភពពីខេត្តមួយ ក្នុងប្រទេសអាហ្វហ្គានីស្ថាន បានឲ្យដឹងនៅថ្ងៃអង្គារនេះថាយន្តហោះដឹកទំនិញ មួយគ្រឿងបានធ្លាក់ នៅស្រុក បាក្រាម ខេត្ត ប៉ាវ៉ាន់ ភាគខាងកើតប្រទេស អាហ្វហ្គានីស្ថាន បណ្តាលឲ្យមនុស្ស ដែលជិះនៅលើយន្តហោះនោះ ចំនួន ០៧នាក់ស្លាប់។
យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៣ ស្រុក បាក្រាម មានចម្ងាយប្រហែល ៥០គីឡូម៉ែត្រ ពីភាគខាងជើងទីក្រុង កាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ហើយក៏មានមូលដ្ឋានយោធា សំខាន់របស់កងកម្លាំងអាមេរិក ស្ថិតនៅទីនោះផងដែរ។
ប្រភពបាននិយាយថា ក្នុងចំណោមជនរងគ្រោះទាំងនោះ មាន ០៥នាក់ ជាជនជាតិអាមេរិកផងដែរ។ មេប៉ូលីសប្រចាំនៅខេត្ត ប៉ាវ៉ាន់ លោក អាប់ឌុល រ៉ាម៉ាន់ សាចាង បានប្រាប់ស៊ិនហួ កាលពីថ្ងៃច័ន្ទថាឧប្បតិហេតុធ្លាក់នេះ បានកើតឡើង នៅផ្លូវហោះហើររបស់យន្តហោះ ដោយសារតែបញ្ហាបច្ចេកទេស បន្ទាប់ពីយន្តហោះចាប់ផ្តើម ហោះហើរបានបន្តិច។
ក្រោយការធ្លាក់នេះកើតឡើង ក្រុមឧទ្ទាមតាលីបង់ ដែលបានក្រុមបះបោរ ក្នុងការប្រយុទ្ធ ជាងមួយទសវត្សរ៍ក្នុងប្រទេស បានចេញមុខអះអាង ទទួលខុសត្រូវចំពោះ ហេតុការធ្លាក់នេះផងដែរ។ ក្រុមឧទ្ទាមប្រដាប់អាវុធនេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានបញ្ជូនទៅកាន់សារព័ត៌មានដោយអះអាងថា ក្រុមប្រយុទ្ធតាលីបង់ បានយកយន្តហោះដឹកទំនិញ របស់កម្លាំងអាមេរិក ជាគោលដៅវាយប្រហារ នៅមូលដ្ឋានអាកាសក្នុងស្រុក បាក្រាម កាលពីវេលាម៉ោង ០៤រសៀលម៉ោងក្នុងតំបន់កាលពីថ្ងៃច័ន្ទ។ យន្តហោះត្រូវភ្លើងឆេះ ហើយអ្នកជិះទាំងអស់ត្រូវសា្លប់ផងដែរ។ ចំណែកយោធាអាមេរិក នៅមិនទាន់ធ្វើការ អត្ថាធិប្បាយនៅឡើយទេ ពាក់ព័ន្ធនឹងការធ្លាក់នេះ៕