បើយោងតាមសេចក្តីរាយការណ៍ព័ត៌មានដែលបានចេញផ្សាយដោយគេហទំព័របរទេស CNN នាវេលាប៉ុន្មានម៉ោងមុននេះបន្តិចបានគូសបញ្ជាក់អោយដឹងថា សមយុទ្ធយោធាកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានបញ្ចប់ជាផ្លូវការហើយ ។
ការលើកឡើងខាងលើនេះ ក៏ជាការបញ្ជាក់អះអាងពីរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះក៏មានការបញ្ជាក់បន្ថែមថា កូរ៉េខាងត្បូងនៅតែបន្តមានការយកចិត្តទុកដាក់ខ្ពស់ និងតាមដានត្រួតពិនិត្យយ៉ាងជិតស្និទ្ធជាមួយនឹងសកម្មភាពបង្កហេតុ ក៏ដូចជាការបាញ់បង្ហោះម៉ីស៊ីលពីសំណាក់កូរ៉េខាងត្បូង ដែលវាជាសកម្មភាពអាចកើតមានឡើងបានគ្រប់ពេល។
គួរបញ្ជាក់ផងដែរថា ដំណើរប្រឈមដាក់គ្នាក្នុងឧបទ្វីបកូរ៉េនាប៉ុន្មានសប្តាហ៍ចុងក្រោយនេះបានធ្វើអោយទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែផុយស្រួលឡើងនៅក្នុងតំបន់ ។ លើសពីនេះ ប្រភពដដែលបន្ថែមថា វោហាសាស្ត្រកូរ៉េខាងជើងកាន់តែខ្លាំងឡើង បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបោះឆ្នោតកាលពីអំឡុងខែមុន ដើម្បីទណ្ឌកម្មលើរបបនេះ។
គួររំឭកផងដែរថា ស្ថានការណ៍នៅឧបទ្វីបកូរ៉េ នាប៉ុន្មានខែចុងក្រោយនេះមានភាពតាន់តឹងជាខ្លាំង បន្ទាប់ពីកូរ៉េខាងជើងបានបដិសេធទៅនឹងការស្នើសុំពីកូរ៉េខាងត្បូងអោយងាកទៅរកតុចរចារដោយសន្តិវិធី មិនត្រឹមតែប៉ុណ្ណោះ កាលពីពេលកន្លងទៅ កូរ៉េខាងជើងបានក៏បានបិទទ្វារច្រកចេញចូល តំបន់ស្មុគស្មាញឧស្សាហកម្មរួម រោងចក្រ គីសុង ផងដែរ ។
ដោយឡែក ទើបតែមកដល់ថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៣ កន្លងទៅនេះទេ ទើបកូរ៉េខាងជើងបានអនុញ្ញាត ឲ្យប្រជាជនកូរ៉េខាង ត្បូងទាំងអស់ លើកលែងតែមនុស្សប្រាំពីរនាក់ ឲ្យចាកចេញពីរោងចក្រ គែសុង ទៅកាន់លំនៅដ្ឋានវិញ បន្ទាប់ពី មានភាពតានតឹងកើតមានឡើងក្នុងឧបទ្វីបកូរ៉េ៕