ចៅហ្វាយខេត្ត​សៀមរាប​ថ្មី​ចូលកាន់​តំណែង ចៅហ្វាយខេត្ត​ចាស់​ចូលនិវត្តន៍ ត្រូវ​តែងតាំង​ជាទី​ប្រឹក្សា​អាជ្ញាធរ​អប្សរា​

, , Leave a comment

​ខេត្តសៀមរាប ​៖ អភិបាលខេត្ត​សៀមរាប​អាណត្តិ​ទី​២ ត្រូវបាន​ប្រកាស​ឲ្យ​ចូលកាន់​តំណែង​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៣ នៅ​បុរី​រដ្ឋបាល​មាន​ចម្ងាយ​ប្រមាណ​ជា​២០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត ក្រោម​អធិបតីភាព​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។ អភិបាលខេត្ត​សៀមរាប​អាណត្តិ​ទី​២​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឃឹម ប៊ុន​សុង មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប ត្រូវបាន​ដាក់ជំនួស​លោ​ក ស៊ូ ភិរិន្ទ ដែល​ត្រូវ​ចូលនិវត្តន៍ និង​ត្រូវ​ព្រះមហាក្សត្រ​តែងតាំង​ជាទី​ប្រឹក្សា​អាជ្ញាធរ​អប្សរា​។

 

​នៅក្នុង​ពិធី​ផ្ទេរតំណែង​នេះ លោក ស៊ូ ភិរិន្ទ ដែល​ត្រូវ​ចាក​ចេញពី​តំណែង​បាន​រាយការណ៍​ពី​ស្នាដៃ​របស់ខ្លួន​យ៉ាង​វែង​អន្លាយ និង​ជា​ចុងក្រោយ​លោក​បាន​សុំ​ការ​អភ័យទោស​ពី​មន្ត្រីក្រោមឱវាទ​របស់លោក​ឲ្យ​អធ្យាស្រ័យ​ដល់​លោក​ក្រែង​នៅក្នុង​ការអនុវត្តន៍​ការងារ​កន្លងមក​មាន​ការប៉ះពាល់ ឬ​លើសលួស​ដោយ​ប្រការ​ណាមួយ​។ ចំណែក​លោក ឃឹម ប៊ុន​សុង វិញ​បាន​ឡើង​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ថា លោក​នឹង​ខិតខំ​អនុវត្ត​ការងារ​ដោយ​តម្កល់​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ​ជាធំ និង​ប្រឹងប្រែង​ប្រើ​ឲ្យ​អស់​លទ្ធភាព នូវ​សក្តា នុព​ល​ដែល​ខេត្តសៀមរាប​មាន​ដើម្បី​អភិវឌ្ឍន៍​ខេត្ត​នេះ​ឲ្យ​កាន់តែ​រីកចម្រើន​។​

 

​បើទោះជា​មាន ការប្តេជ្ញាចិត្ត​របស់​អភិបាលខេត្ត​សៀមរាប​ថ្មី​យ៉ាង​ដូច្នេះ​ក្តី ទាំង​ប្រជាពលរដ្ឋ​ទាំង​មន្ត្រីរាជការ​នៅក្នុង​ខេត្ត​នេះ​នៅ​មិនទាន់​ហ៊ាន​វាយតម្លៃថា នឹងមាន​អ្វី​ផ្លាស់ប្តូរ​ខ្លះ​នោះទេ បើទោះជា​ពួកគាត់​ធ្លាប់​ស្គា​ល់ពី​ចរិតលក្ខណៈ​របស់លោក ឃឹម ប៊ុន​សុង ខ្លះ​ហើយ​ក្តី​។ លោក​ឃឹម ប៊ុន​សុង ជា​អ្នក​ដែលមាន​ស្រុកកំណើត​នៅក្នុង​ស្រុក​ជីក្រែង ខេត្តសៀមរាប ។ មន្ត្រីរាជការ​បម្រើការ​នៅ​សាលា​ខេត្តសៀមរាប​មួយក្រុម​ដែល​សុំ​លាក់​ឈ្មោះ​បាន​និយាយថា ពួកគាត់​មានការ​សប្បាយចិត្ត​នៅពេលដែល​មានការ​ផ្លាស់​ប្តូរ​ចៅហ្វាយខេត្ត​ចាស់ (​លោក​ស៊ូ ភិរិន្ទ​)​ចេញ​។​

 

​ពួកគាត់​និយាយថា ដោយសារតែ​លោក​ស៊ូ ភិរិន្ទ ពួកគាត់​ត្រូវ​មក​ធ្វើការ​នៅក្នុង​ការិយាល័យ​ដែលមាន​ចម្ងាយ​ប្រមាណ​ជា​២០​គីឡូម៉ែត្រ​ពី​ផ្ទះ​ដែលជា​ហេតុ​បង្ក​ឲ្យ​គ្រួសារ​ពួកគាត់​ពួកគាត់​ជួបប្រទះ​បញ្ហា​សេដ្ឋកិច្ច​ក្នុង​ជីវភាព​ជាខ្លាំង ព្រោះ​ប្រាក់ខែ​តិច និង​ចំណាយ​ច្រើន​។​មន្ត្រី​ទាំងនោះ​និយាយថា លោក​ស៊ូ ភិរិន្ទ ចង់​បានតែ​មុខមាត់ មិន​គិតពី​ទុក្ខលំបាក​របស់​ពួកគាត់ ដែលជា​មន្ត្រី​តូចតាច​មាន​ប្រាក់ខែ​តិច​។

 

​ចំពោះ​ការតែងតាំង​លោក ឃឹម ប៊ុន​សុង ដែលជា​អ្នកមាន​ស្តុកស្តម្ភ​ម្នាក់ និង​ជា​អ្នក​ដែល​កូនចៅ ក្រោម​ឧិ​វាទ​អួត​សរសើរ​ថា ជា​មនុស្ស​ដែលមាន​បុគ្គលិកលក្ខណៈ​ជា​អ្នកដឹកនាំ​នោះ ក្រុមមន្ត្រី​រាជការ​ខាងលើ​នៅ​មិនទាន់​ហ៊ាន​ទទួលយក​បញ្ហា​នេះ​ទាំងស្រុង​នោះទេ ។ ពួកគាត់​ថា រង់ចាំ​ដល់ពេល​អនុវត្ត​ការងារ​សិន​ទើប​អាច​និយាយបានថា យ៉ាងម៉េច​។ ចំណែក​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប​ឯណេះ​វិញ បាន​និយាយថា ពួកគាត់​មិនមាន​ការភ្ញាក់ផ្អើល​ចំពោះ​ការផ្លាស់ប្តូរ​តំណែង​ចៅហ្វាយខេត្ត​នេះ​ប៉ុន្មាន​ទេ ព្រោះថា​ចង់​ដូរ​ចៅហ្វាយខេត្ត​ប៉ុន្មាន​នាក់​ក៏​នៅតែ​ប៉ុណ្ណឹង ៕ 

VBCG

 

Leave a Reply

(*) Required, Your email will not be published