កូនប្រុស​មេ​គយ​ខេត្តកំពង់ចាម​លោក ឃុន រ៉ា​ន់ នាំ​បក្ខពួក​ទៅ​បង្ក​បទល្មើស​ព្រហ្មទណ្ឌ រំខាន​ក្តី​សុខ​របស់​សង្សារ​ចាស់ ផ្អើល​ក្រុង​ដោយ​មិន​ខ្លាច​ច្បាប់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​មួយក្រុម មាន​ម្នាក់​ដែលជា​មេខ្លោង​ត្រូវបាន​គេ​អះអាងថា ត្រូវជា​កូនប្រុស​របស់លោក ឃុន រ៉ា​ន់ ប្រធាន​សាខាគយ ខេត្ដ​កំពង់ចាម ត្រូវបាន​ក្រុមគ្រួសារ​មួយដាក់ពាក្យ​បណ្ដឹង​ទៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដោយ​ប្ដឹង​ចោទប្រកាន់​ពីបទ បង្ក​ហិង្សា​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្ដិ និង​ប្លន់​យកលុយ​អស់​ជាង ១.០០០ ដុល្លារ ក្នុង​ហេតុការណ៍​មួយ​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា ១០​យប់ ថ្ងៃ ទី​២៨ ខែមេសា ឆ្នាំ​២០១៣ នៅ​ចំណុច​ស្ដុ​ប​ពេទ្យ​ចិន ក្នុង​ទឹកដី​ខណ្ឌ ៧​មករា ។​

 

​ករណី​បង្ក​ហិង្សា​និង​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្ដិ ដែល​បង្កដោយ​មនុស្ស​មួយក្រុម​ដឹកនាំ​ដោយ​ឈ្មោះ ឃុន ដូ​រ៉េ ជា​កូនប្រុស​របស់លោក ឃុន រ៉ា​ន់ ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ដ​កំពង់ចាម រួមជាមួយ​បក្ខពួក ប្រមាណ ៥-៦​នាក់​ទៀត ។ ចំណែក​ភាគី​រងគ្រោះ ត្រូវបាន​គេ​ដឹងថា ជា​ក្រុមគ្រួសារ​មួយ​ដែលមាន​ឪពុក​និង​កូនស្រី​-​ប្រុស ចំនួន​៣​នាក់​ទៀត ជិះ​រថយន្ដ​ម៉ាក​លុ​ច្ស​ស៊ី​ស ៣០០ ពណ៌​ស ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2V-6283 ដែល​ឪពុក​មានឈ្មោះ ជៀប អូ​ឡែ​ន និង​កូនប្រុស​ម្នាក់​ឈ្មោះ ឡែ​ន ង៉ែត ភេទ​ប្រុស អាយុ ២៤​ឆ្នាំ និង​កូនស្រី​ម្នាក់ទៀត ឈ្មោះ ជា គឹម​ឡាយ អាយុ​២១​ឆ្នាំ ដែល​បច្ចុប្បន្ន ពួកគេ​មាន​ទីលំនៅ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​។​

 

​មានការ​បញ្ជាក់ថា កូនប្រុស​លោក ឃុន រ៉ា​ន់ ឈ្មោះ ឃុន ដូ​រ៉េ និង​ស្ដ្រី​រងគ្រោះ ជា គឹម​ឡាយ កន្លងមក ធ្លាប់មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា តែ​បាន​បែក​គ្នា​អស់​រយៈពេល ២-៣​ឆ្នាំ​មកហើយ ដោយសារតែ​ឈ្មោះ ឃុន ដូ​រ៉េ មាន​ប្រពន្ធ​និង​កូន​ម្នាក់ ។ នៅ​មុនពេល​កើតហេតុ ខណៈដែល​ស្ដ្រី​ឈ្មោះ ជា គឹម​ឡាយ រួមជាមួយ​បងប្អូន​ទៅ​ហូប​អាហារ​នៅក្នុង​ហាង​មួយ ក្បែរ​កន្លែងកើតហេតុ ចៃដន្យ​ក៏បាន​ជួប​ឈ្មោះ ឃុន ដូ​រ៉េ រួមជាមួយ​បក្ខពួក​កំពុង​ហូបចុក​នៅ​ហាង​នោះដែរ ។ ពេល​ឈ្មោះ​ឃុន ដូ​រ៉េ ឃើញ​ឈ្មោះ ជា គឹម​ឡាយ ដែលជា​ស្រី​ធ្លាប់​ស្រឡាញ់​ពីមុន ក៏​ចាប់ផ្ដើម​រករឿង ព្រោះ​ក្រោយពេល​បែកបាក់​គ្នា រូបគេ​ធ្លាប់​បោះពាក្យ​សំដី​ថា នឹងមិន​ឱ្យ​នាង​បាន​សុខ បាន​រៀបការ​ជាមួយ​ប្រុស​ថ្មី​ឡើយ ។​

ដោយ​ឃើញ​ហេតុការណ៍​មិន​ស្រួល នារី​រងគ្រោះ​ឈ្មោះ ជា គឹម​ឡាយ បាន​ទូរស័ព្ទ​ហៅ​ឪពុកម្ដាយ​បងប្អូន​មកជួយ ហើយ​ម្ចាស់​ហាង​ខ្លាច​មាន​បញ្ហា ក៏បាន​បញ្ជា​ឱ្យ​ភាគី​ទាំង​២​មក​ឈ្លោះ​គ្នា​ឱ្យ​ផុតពី​ហាង​លក់ដូរ​នោះ ។ ដោយសារតែ​ភាគី​ទាំង​២​នៅតែ​បន្ដ​ឈ្លោះ​គ្នា​ទើប​មាន​ការប្រតាយប្រតប់គ្នា​រវាង​ភាគី​រងគ្រោះ នឹង​ភាគី​បង្ក ដោយ​ក្នុងពេលនោះ​ភាគី បង្ក​មាន​គ្នា​ប្រុសៗ​៥​ទៅ​៦​នាក់ រីឯ​ភាគី រងគ្រោះ​មាន​ត្រឹមតែ​ឪពុកម្ដាយ​និង​កូន ២​នាក់​ប៉ុណ្ណោះ ហើយ​ត្រូវបាន​ភាគី​ជន​ទំនើង​វាយ​ទ្រមខ្លួន រួច​វាយបំផ្លាញ​រថយន្ដ ភាគី​រងគ្រោះ​ទៀត ។ ភ្លាមៗ​នោះ​សមត្ថកិច្ច​ក៏បាន​ទៅដល់​ជួយ​អន្ដរាគមន៍​ធ្វើឱ្យ ភាគី​បង្ក​រត់ឡើង​រថ​យន្ដ​របស់​ពួក​បក្ខ​១ គ្រឿង​ទៀត​គេចខ្លួន​អស់​ទៅ​បន្សល់​តែ រថយន្ដ​ម៉ាក​រ៉ង់​រ៉ូ​វ័រ ពណ៌​ស ១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2T-3277 នៅ​កន្លែងកើតហេតុ ដែល​រថយន្ដ​នេះ​ជា​របស់​កូនលោក ឃុន រ៉ា​ន់ ។​

 

​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមេសា នេះ ភាគី​ជនរងគ្រោះ បាន​ចូលទៅ​ដាក់ពាក្យ​ប្រឹង​ជនបង្ក​និង​បក្ខពួក ដោយ​ចោទប្រកាន់ ៣ ចំណុច រួមមាន ទី​១ ពីបទ​ហិង្សា​ដោយ​ចេតនា ទី​២ ពីបទ​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្ដិ​ខូចខាត​រថយន្ដ និង​ទី​៣ ពីបទ​ប្លន់​យកលុយ​អស់​ជាង ១​ពាន់​ដុល្លារ ហើយ​មន្ដ្រី​កងរាជអាវុធហត្ថ​បានឱ្យដឹងថា ពាក់ព័ន្ធ​ករណី​ខាងលើនេះ សមត្ថកិច្ច​បាន​ស្គាល់​អត្ដ​សញ្ញាណ របស់​ជនសង្ស័យ​រួច​អស់ហើយ ដោយ​រង់ចាំតែ​កោះហៅ ចូលខ្លួន​មក​បំភ្លឺ​តែប៉ុណ្ណោះ ។ ដូច្នេះ​អ្វីដែល​កូនលោក​មេ​គយ​ខេត្ដ​កំពង់ចាម ជា​ជន​ទំនើង​អុកឡុក​ក្នុង​រាជធានី​ភ្នំពេញ​ទាំង​ចំណាត់ការ​របស់​កង រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏ដូចជា​សាលាដំបូង​រាជធានី អាច​ស្វែងរក​ក្រុម​ជនបង្ក​ដែលជា​កូនអ្នកមាន​លុយ​មាន អំណាច​មក​ផ្តន្ទាទោស​បាន​ឬក៏​អត់ ៕

 

30-01 (2) 30-01 (1)
​ទិ​ដ្ធ​ភាព​កន្លែងកើតហេតុ​ដែល កូនប្រុស​មេ​គយ​ខេត្តកំពង់ចាម នាំ​បក្ខពួក​ទៅ​បង្ក​​បទល្មើស​ព្រហ្មទណ្ឌ

 25
​រថយន្ដ​ម៉ាក​រ៉ង់​រ៉ូ​វ័រ របស់​កូនលោក ឃុន រ៉ា​ន់

sssas

​រថយន្ដ​ម៉ាក​លុ​ច្ស​ស៊ី​ស ៣០០​ភាគី បង្ក វាយបំផ្លាញ​

 

Leave a Reply

(*) Required, Your email will not be published