ការអនុវត្តន៍​នយោបាយ​ត្បិតត្បៀត របស់​ប្រទេស​ក្រិ​ក ប៉ះពាល់​សិទ្ធិ​រស់នៅ​របស់​ប្រជាជន​

, , Leave a comment

ប្រទេស​ក្រិ​ក ៖  អង្គការសហប្រជាជាតិ​បាន​បើ​ក​​កា​រ​ស៊ើ​ប​អ​ង្កេ​ត​​មួ​យក្នុ​ង​សប្តាហ៍​នេះ ​ដើម្បី ចង់ដឹងថា តើ​វិបត្តិ​សេដ្ឋកិច្ច និង​ការអនុវត្តន៍​នយោបាយ​ត្បិតត្បៀត​របស់​រដ្ឋាភិបាល​ប្រទេស​ក្រិ​កនាំ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន ​ដែរឬទេ ហើយ​រហូតដល់​ថ្ងៃទី​២៧ ខែមេសា​នេះ លទ្ធផល​នៃ​ការស៊ើបអង្កេត​បាន​ទាញ​សញ្ញា​អាសន្ន​ថា នយោបាយ​ត្បិតត្បៀត​របស់​រដ្ឋាភិបាល​បាន​ជះឥទ្ធិពល​យ៉ាង​អាក្រក់​ដល់​សង្គម ពិសេស​បានធ្វើ​ឲ្យ​បាត់បង់​សិទ្ធិ​មួយចំនួន​របស់​ប្រជាជន​ដែល​ធ្លាប់​ទទួល មាន​ពី​ពេលមុន​។


​យោងតាម​របាយការណ៍ របស់​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​ទីក្រុង​អាថែន​គួរតែ​គិតគូរ ពិចារណា​ឡើងវិញ​អំពី​បញ្ហា​នេះ​ព្រោះ​ច្បាប់​ទទួលបាន​ជំនួយ​ផ្នែក​លំនៅដ្ឋាន ផ្នែក​ការងារ ឬមួយ​ផ្នែក​ធានារ៉ាប់រង​សុខភាព សុទ្ធសឹង​ជា​ច្បាប់​ដែល​ត្រូវបាន​រដ្ឋាភិបាល​កាត់បន្ថយ ឬ​លុបចោល​ទាំងស្រុង​តែម្តង​នៅក្នុង​នយោបាយ​ត្បិតត្បៀត​របស់ខ្លួន​។ សេចក្តីសន្និដ្ឋាន​ដដែល​បាន​បង្ហាញថា ក្រិ​ក​គឺជា​ប្រទេស​តែមួយគត់​នៅក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ​ដែល​នៅ​ខ្វះខាត រចនាសម្ព័ន្ធ​ផ្នែក​ជំនួយ​សង្គម និង​ផ្នែក​ធានារ៉ាប់រង​សុខភាព​។


​ម្យ៉ាងទៀត ច្បាប់​ទទួលបាន​ប្រាក់​ជំនួយ សម្រាប់​អ្នក​អត់​ការងារ​ធ្វើ​ក៏ត្រូវ​បាន រដ្ឋាភិបាល​កាត់បន្ថយ​មក​នៅត្រឹមតែ ១២​ខែ​ប៉ុណ្ណោះ ហើយ នៅពេលដែល​អ្នក​អត់​ការងារ​ធ្វើ បាន​បាត់បង់​សិទ្ធិ​ក្នុង​ការទទួល ប្រាក់​ជំនួយ​ដោយ​ពួកគេ​ក៏បាន​បាត់បង់​សិទ្ធិ ផ្នែក​ធានារ៉ាប់រង​សុខភាព​ផងដែរ​។ ក្រៅពី​ការកាត់បន្ថយ និង​ការបាត់បង់​សិទ្ធិ​មួយចំនួន​របស់​ប្រជាជន លទ្ធផល​នៃ​ការស៊ើបអង្កេត​របស់​អង្គការសហប្រជាជាតិ ក៏បាន​បង្ហាញ​ឲ្យ​ឃើញ ពី​ផលប៉ះពាល់​លើ​គោលការណ៍​ស្មើភាព​គ្នា​រវាង​បុរស និង​ស្ត្រី​ដែរ ពិសេស​គឺ​អំពើហិង្សា​ប្រកាន់ពូជសាសន៍​ចំពោះ​ជន​អន្តោ​ប្រវេ​ស្តន៍ និង​ការអនុវត្តន៍​វប្បធម៌​និ​ទណ្ឌ​ភាព​។


​អ្នកឯកទេស​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹងថា គោលដៅ​នៃ​ការអនុវត្តន៍​នយោបាយ​សន្សំសំចៃ គឺ​ដើម្បី​កាត់បន្ថយ​ឱនភាព​ថវិកាជាតិ និង​ជួយផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ឲ្យ​មានការ​ប្រកួតប្រជែង តែ​ផ្ទុយទៅវិញ សេដ្ឋកិច្ច​ក្រិ​ក​នៅតែ​មានដំណើរ​ថយក្រោយ ព្រមទាំង​បាន​ជះ​ផលវិបាក​លើ​សង្គម​យ៉ាង​ខ្លាំងក្លា​ទៅវិញ​។ យ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិ​បានដាក់​អនុសាសន៍​មួយចំនួន​ទៅ​ឲ្យ​រដ្ឋាភិបាល​ក្រិ​ក និង​ដៃគូ​អឺរ៉ុប​របស់​ប្រទេស​ក្រិ​ក សម្រាប់​ការកែទម្រង់ តែ​គេ​មិនទាន់​ដឹងថា តើ​អនុសាសន៍​ទាំងនោះ​នឹងត្រូវ​គេ​យកទៅអនុវត្ត ឬ​អត់​ទេ​៕

28-April

ប្រភព វត្តភ្នំ

 

Leave a Reply

(*) Required, Your email will not be published