នរណា​ទទួលខុសត្រូវ ចំពោះ​ការកាប់​ឈើ​ថ្មីៗ​ជាង​ ១ ​ម៉ឺន​ ៦ ​ពាន់​ដើម ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ លើ​ផ្ទៃដី ១៥​ គីឡូម៉ែត្រ​ការ៉េ​

, , Leave a comment

ខេត្តរតនគិរី ៖ អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​បាននាំគ្នា​ចុះ​ល្បាត​តាម​ព្រៃ ហើយ​​បា​ន​​ប្រ​ទះ​ឃើ​ញ​​ឈើ​ជាង ១៦០០០​ដើម នៅក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ ស្ថិតក្នុង​ស្រុក​កូន​មុំដែល​ឈើ​ទាំងនេះ​ ត្រូវបាន​គេ​កាប់បំផ្លាញ ហើយ​បាន​ដឹក​ចូលទៅក្នុង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​វៀតណាម​និង​ ចិន ដែល​នៅក្បែរនោះ ហើយ​ក្រោយពេល​បែកធ្លាយ​រឿងអាស្រូវ​ដ៏​ធំ​មួយ​នេះ គួរតែមាន​ការនាំ​ខ្លួន​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​មួយចំនួន​ទៅ​ដាក់ពិន័យ ។


​ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា តំបន់​ព្រៃ​នោះ​ពួកគាត់​តែងតែ​នាំគ្នា​ចូល​ព្រៃ​ស្វែងរក​អនុផល​ព្រៃឈើ ដូចជា​ដង​ជ័រទឹក​ជាដើម ហើយក៏​ប្រទះឃើញ​ដើមឈើ​ហុ​៊​ប ប្រមាណ​ជាង ១៦០០០​ដើម ដែល​ត្រូវបាន​គេ​កាប់បំផ្លាញ​នៅលើ​ផ្ទៃដី​ប្រមាណ ១៥​គីឡូម៉ែត្រ​ក្រឡា​។ តាម​សេចក្តីបញ្ជាក់​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ឈើ​ហុ​៊​ប​ដែល​គេ​កាប់បំផ្លាញ​នោះ មានមុខ​កាត់​ចាប់ពី​កន្លះ​ម៉ែត្រ​ឡើងទៅ មានដូចជា​គគីរ ឈើទាល ត្រាច ផ្តៀក និង​សុ​ក្រំ ហើយ​គេ​អាច​បា​៉​ន់​ប្រមាណ​ដឹងថា សកម្មភាព​កាប់បំផ្លាញ​ដើមឈើ​នៅក្នុង​ដែន​ជម្រក​សត្វ​នោះ ធ្វើឡើង​ដោយ​គ្មាន​ការ​ក្រែង​ញញើត​អ្វី​ឡើយ​។​


​ប្រជាពលរដ្ឋ​បានបញ្ជាក់​ទៀតថា ក្រុម​ឈ្មួញ​បាន​ដណ្តើម​គ្នា​កាប់​ឈើ និង​ដឹកឈើ​តាម​ឡាន​ពី ២០​ទៅ​៣០​គ្រឿង ចូលទៅក្នុង​ក្រុមហ៊ុន​សម្បទាន​របស់​ចិន និង​វៀតណាម​ក្នុង​មួយថ្ងៃៗ​ហើយ​ពេលខ្លះ​ការដឹកជញ្ជូន​ឈើ​ធ្វើឡើង​ទាំងយប់​ ទាំង​ថ្ងៃ​លាន់ឮ​កងរំពង​ពេញ​ព្រៃ​។ បន្ទាប់ពី​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​ដើមឈើ​ដែល​ត្រូវ​កាប់បំផ្លាញ​ ទ្រង់ទ្រាយ​ធំ​ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ មាន​ដំណឹង​ថា ក្រុម​ឈ្មួញ​បាន​ផ្អាក​សកម្ម​ភាពជា​បណ្តោះអាសន្ន ប៉ុន្តែ​គំនរ​ឈើ​មួយចំនួន​ត្រូវបាន​ដឹកជញ្ជូន​ចូលទៅក្នុង​បរិវេណ​របស់​ ក្រុមហ៊ុន​អស់​ទៅហើយ​។​


​ប្រជាពលរដ្ឋ​បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ការកាប់បំផ្លាញ​ព្រៃឈើ​ ទ្រង់ទ្រាយ​ធំ​បែបនេះ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ ហើយ​ទម្រាំ​តែ​ទីតាំង​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​វៀតណាម ស្ថិតក្នុង​ស្រុក​កូន​មុំ មិនដឹង​ជាមាន​ការកាប់បំផ្លាញ​ព្រៃឈើ​កម្រិតណា​នោះទេ ព្រោះ​គេ​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ចេញចូល​ដើម្បី​ស្វែងរក​អនុផល​ព្រៃឈើ ​ក្នុង​តំបន់​នោះទេ​។ បើតាម​ការលើកឡើងរ​បស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់​ដើមឈើ​ច្បោះ​ជ័រ ចំនួន​៤០០​ដើម​ដែល​ប្រជាពលរដ្ឋ​ធ្លាប់​ចោះ​យក​ជ័រ ក៏ត្រូវ​បាន​គេ​កាប់​ផ្តួល​រលំ​អស់​ទៅហើយ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខឹងសម្បា​យ៉ាងខ្លាំង ។​


​ប្រជាពលរដ្ឋ​ក៏បាន​បញ្ជាក់​ផងដែរ​ថា គេ​ឃើញ​ជនជាតិ​វៀតណាម​ដើរ​ប្រមូល​ឈើ​ដែល​បាន​កាប់​នោះ​ដឹកជញ្ជូន​ចូលទៅក្នុង ​ក្រុមហ៊ុន​សម្បទាន​របស់​យួន​មួយកន្លែង ឈ្មោះ ក្រុមហ៊ុន ហុង​អា​ញ អណ្តូង​មាស ហើយ​ជនជាតិ​វៀតណាម​អស់ទាំងនោះ​មិនចេះ​ភាសា​ខ្មែរ​មួយ​ម៉ាត់​ទេ មិនអាច​និយាយ​ទាក់ទង​គ្នា​បាន ប៉ុន្តែ​ពួកគេ​បានធ្វើ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ មិនដែល​ក្រែង​ញញើត​អ្វី​ឡើយ​។ មន្ត្រី​មួយចំនួន​មិន​ហ៊ាន​និយាយ​រឿង​ពិត​ពី​ភាពអនាធិបតេយ្យ​នៃ​ ការកាប់បំផ្លាញ​ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់​នោះទេ។​


​បើ​យោងតាម​អនុក្រឹត្យ​គឺ​ក្រុមហ៊ុន  ហុង​អា​ញ អណ្តូង​មាស ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ទំហំ ៩៧៨៥​ហិកតា កាលពី​ឆ្នាំ​២០១១ ហើយ​សកម្មភាព​របស់​ក្រុមហ៊ុន​នេះ គ្មានអ្វី​ជា​ដុំកំភួន​នោះទេ​។ បើទោះបីជា​សម្តេច ហ៊ុន សែន បានចេញ​បទបញ្ជា​ឲ្យ​បង្ការ​បង្ក្រាប​និង​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​ ច្រើនលើកច្រើនសា​រួចមកហើយ​ក៏ដោយ ក៏​បទបញ្ជា​នេះ​គ្មាន​ប្រសិទ្ធភាព​ទាល់តែសោះ​។ សូមបញ្ជាក់ថា តំបន់​ជម្រក​សត្វព្រៃ​លំផាត់ ស្ថិតនៅ​ព្រំប្រទល់​ខេត្តរតនគិរី មណ្ឌលគិរី និង​ខេត្តស្ទឹងត្រែង ដែលមាន​ទំហំ​ប្រមាណ ២៥០០​គីឡូម៉ែត្រ​ការ៉េ ហើយ​ការប្រទះឃើញ​ឈើ​ដែល​គេ​កាប់បំផ្លាញ​ទ្រង់ទ្រាយ​ធំ គឺ​នៅលើ​ផ្ទៃដី​ប្រមាណ ១៥​គីឡូម៉ែត្រ​ការ៉េ​៕

28-April

ប្រភព វត្តភ្នំ

 

Leave a Reply

(*) Required, Your email will not be published