ការចំណាយ​ដ៏​ច្រើន​ហួសហេតុ របស់​ក្រុង​ព្យុងយ៉ាង​ទៅលើ​វិស័យ​យោធា នាំ​ឲ្យ​ជួប​គ្រោះ​អត់ឃ្លាន​ជាប្រចាំ​

, , Leave a comment

​ក្រុង​ព្យុងយ៉ាង ៖ ក្រោយពី​កូរ៉េខាងត្បូង បានស្នើ​ទៅកាន់​កូរ៉េខាងជើង ដើម្បី​ចរចា​អំពី​ការបើក​ឲ្យ​មាន​សកម្មភាព​ឡើងវិញ​នៅ​តំបន់ឧស្សាហកម្ម Kaesong  កាលពី​ថ្ងៃទី​២៦ ខែមេសា​នេះកូរ៉េខាងជើង​បាន​ច្រានចោល ​សំណើរ​នេះ បើទោះបីជា​ក្រុង​សេ​អ៊ូ​ល បានដាក់​កំហិត ២៤​ម៉ោង ឲ្យ​ទីក្រុង​ព្យុងយ៉ាង ព្រម​ចរចា​ជាមួយ​ខ្លួន​បើ​ពុំ​នោះទេ កូរ៉េខាងត្បូង​នឹង​ចាត់វិធានការ តប​កូរ៉េខាងជើង​វិញ​ក៏ដោយ​។


​តំបន់ Kaesong  ត្រូវបាន​របប​ព្យុង​យ៉ាងបិទ​ទា្វរ​ពុំមាន​ដំណើរ​ការតាំង​ពីថ្ងៃ​ទី​៣  ខែមេសា ដោយសារតែ​កូរ៉េ​ទាំងពីរ​មាន​ភាព​តានតឹង​ផ្នែក​យោធា ហើយ​កូរ៉េខាងជើង បាន​គំរាម​កូរ៉េខាងត្បូង​ថា បើ​ក្រុង​សេ​អ៊ូ​ល​នៅតែ បង្ក​ភាព​តានតឹង​ថែមទៀត​ជាមួយ​ខ្លួន​នោះ កូរ៉េខាងជើង​នឹង​ចាត់វិធានការ​ធម៌ ក្តៅ​ចុងក្រោយ​ដើម្បី តបត​នឹង​កូរ៉េខាងត្បូង​វិញ ។ នេះ​ជាការ​ព្រមាន​របស់​គណ​កម្ម​ការ​ការពារជាតិ កូរ៉េខាងជើង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​របស់ខ្លួន ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap​។


​កូរ៉េខាងជើង បាន​ហាម​មិន​ឲ្យ​ជនជាតិ​កូរ៉េខាងត្បូង​ចូលទៅ​កាន់​តំបន់ឧស្សាហកម្ម Kaesong  ដែល​ស្ថិតនៅក្នុង​ទឹកដី​កូរ៉េខាងជើង​ចម្ងាយ​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ ពី​ព្រំប្រទល់​រវាង​កូរ៉េ​ទាំងពីរ ចាប់តាំងពី​ថ្ងៃទី​៣ ខែមេសា​។ មិនតែប៉ុណ្ណោះ ក្រុង​ព្យុងយ៉ាង បាន​ជម្លៀស​បុគ្គលិក​ការងារ​របស់ខ្លួន​ពី​ទីនោះ​ចំនួន ៥​ម៉ឺន​៣០០០​នាក់ នៅ​ខណៈដែល​ស្ថានភាព​នៅក្នុង​តំបន់​ធ្លាក់ចុះ​ធ្ងន់ធ្ងរ​ខ្លាំង​។ ក្នុង​ពេលនេះ ចំនួន​ជនជាតិ​កូរ៉េខាងត្បូង​ដែល​កំពុង​ស្ថិតនៅក្នុង​តំបន់​នោះ​មាន ចំនួន​ប្រមាណ​១៧០​នាក់​។​


​ក្រុង​សេ​អ៊ូ​ល បាន​គំរាម​យ៉ាងច្បាស់ៗ​ថា ខ្លួន​បាន​ត្រៀម​រួចស្រេច​ដើម្បី​ធ្វើ​ការដក​បុគ្គលិក​កូរ៉េខាងត្បូង ដែល​ធ្វើការ​ឲ្យ​សហគ្រាស​ខ្លួន​ប្រមាណ​ជា​៨៥០​នាក់​ចេញពី​តំបន់ Kaesong  ក្នុងនោះ​មួយ​ភាគ​ធំ​គឺ​សុទ្ធសឹង​ជា​អ្នកគ្រប់គ្រង​សហគ្រាស​កូរ៉េ​ខាង ត្បូង​ដែលមាន​ចំនួន​១២៣​នៅ ក្នុង​តំបន់ Kaesong​។ សូមបញ្ជាក់ថា ក្រុង​ព្យុងយ៉ាង បាន​ចេញមុខ​ប្រឆាំង​ក្រុង​សេ​អ៊ូ​ល និង​វ៉ាស៊ីនតោន​ទាំងស្រុង ក្រោយពី​សេចក្តីសម្រេច ដាក់ទណ្ឌកម្ម​ថ្មីៗ​មួយចំនួនទៀត ដើម្បី​ឆ្លើយតប​នឹង​ការបាញ់​សាកល្បង​កាំជ្រួច​មី​ស្ស៊ី​ល​ជា​លើក​ទី​៣​របស់ កូរ៉េខាងជើង កាលពី​ខែកុម្ភៈ​។


​តំបន់ឧស្សាហកម្ម Kaesong ដែល​នៅតែ​បិទ​ជិតឈឹង​គ្មាន​សកម្មភាព​នោះ អាច​ប្រឈមមុខ​នឹង​ភាព​ក្ស័យធន នៅ​ខណៈដែល​ផលទុន មាន​ចំនួន​រហូតដល់ ៤៦៩​លាន​៥​សែន​ដុល្លារ ឬ​ស្មើនឹង ៣៦០​លាន​អឺរ៉ូ​នៅ​ឆ្នាំ​២០១២​។ ម្យ៉ាងទៀត កូរ៉េខាងជើង បាន​ជួបប្រទះ​នូវ​គ្រោះ​អត់ឃ្លាន​ជាប្រចាំ ដោយ​មូលហេតុ​ការគ្រប់គ្រង​មិនល្អ នៅក្នុង​វិស័យ​កសិកម្ម បញ្ហា​អាកាសធាតុ​មិន​អំណោយផល ហើយ​ជំនួយ​មនុស្សធម៌​អន្តរជាតិ​មានការ​យឺតយ៉ាវ ជាពិសេស​ការចំណាយ​ដ៏​ច្រើន​ហួសហេតុ​របស់​ព្យុងយ៉ាង​ទៅលើ​វិស័យ​យោធា​៕

28-April

ប្រភព វត្តភ្នំ

 

Leave a Reply

(*) Required, Your email will not be published