ភ្នំពេញៈ បន្ទាប់ពីប្រថុយបោះជំហានចូលផលិតកម្មថោន កាលពីដំបូងនោះ នៅពេលនេះ ផលិតកម្មថោន ពិតជាអាចលើកមុខមាត់តារាចម្រៀង ករុណា ពេជ្រ បានដូចបំណងមែនពោលគឺតារាដែលមានអតីតកាលនៅក្នុងផលិតកម្មក្លាស៊ីករូបនេះបានសាងកេរ្តិ៍លេចធ្លោតែម្តង ក្រោមពាក្យលេចឮថា តារារូបនេះទទួលការជ្រោមជ្រែងខ្លាំងនៅទ្រនំថ្មីមួយនេះ។
ទន្ទឹមគ្នានឹងភាពជោគជ័យនោះ គេសង្កេតឃើញថា តារាចម្រៀងរូបនេះបានឡើងកាលីបជិះរថយន្តទំនើបម៉ាកប្រាដូ និងអាចមានលទ្ធភាពទិញផ្ទះវីឡាភ្លោះមួយកន្លែងស្ថិតក្នុងបុរីពិភពថ្មីមានតម្លៃប្រមាណ២០ម៉ឺនដុល្លារធ្វើមិនដឹងទៀតផង។ ចម្ងល់បានកើតមានឡើងភ្លាមៗផងដែរថា តើកញ្ចប់ប្រាក់ដ៏ធំរាប់ម៉ឺនដុល្លារទាំងនោះមានប្រភពមកពីណាមកពីសិល្បៈ ឬក៏មានការឧបត្ថម្ភអ្វីមួយ?
ប៉ុន្តែយ៉ាងណាតារារូបនេះក៏មិនបានឲ្យចម្ងល់នោះអណ្តែតត្រសែតគ្មានចម្លើយដែរ ពោលគឺកន្លង ករុណា ពេជ្រ បានចេញមុខមកបញ្ជាក់ថា ប្រាក់ទាំងនោះបានមកពីសិល្បៈរបស់លោកមួយភាគ និងបានមកពីទ្រព្យឪពុកម្តាយមួយភាគធំខណៈម្តាយឪពុករបស់លោកក៏ជាអ្នកជំនួញមានទ្រព្យមិនធម្មតានោះ។
យ៉ាងណាមិញផ្ទះមានតម្លៃ២០ម៉ឺនដុល្លារ ពិតជាមិនធម្មតាទេសម្រាប់ពលរដ្ឋកម្ពុជាថ្នាក់កណ្តាល តែសម្រាប់ ករុណា ពេជ្រ ត្រូវបានគេមើលឃើញថា វាហាក់បីដូចជារឿងកំប៉ិកកំប៉ុកមួយប៉ុណ្ណោះ ខណៈនៅពេលនេះមានប្រភពព័ត៌មានមួយបានទម្លាយរឿងក្រោយខ្នងតារាចម្រៀងតួឯកនៅក្នុងផលិតកម្មថោនរូបនេះថា រូបគេបានដាក់ជួលផ្ទះដែលមានតម្លៃ២០ម៉ឺនដុល្លារនោះឲ្យគេហើយ ដោយសារតែរូបគេឡើងកាលីបទិញផ្ទះវីឡាមួយកន្លែងទៀតដែលមានតម្លៃប្រមាណ៥០ម៉ឺនដុល្លារឯណោះ។
ផ្ទះវីឡានោះក៏ត្រូវបានគេដឹងផងដែរថា មានទំហំធំប្រមាណ២០ម៉ែត្រគុណនឹង៣០ម៉ែត្រហើយវីឡានោះក៏ស្ថិតនៅមិនឆ្ងាយពីផ្ទះវីឡាភ្លោះចាស់នៅបុរីពិភព ថ្មីនោះដែរ។ ចំពោះការទិញផ្ទះវីឡាថ្មីនេះ ករុណា ពេជ្រ បានទទួលស្គាល់ ប៉ុន្តែលោកបានបញ្ជាក់ថា ផ្ទះវីឡាភ្លោះចាស់របស់លោកមិនទាន់បានដាក់ជួលដូចគេនិយាយនោះទេ។
តារាចម្រៀងឆ្អឹងខ្នងរបស់ផលិតកម្មថោនរូបនេះឲ្យដឹងថា៖« ខ្ញុំអត់ដឹងថា ព័ត៌មានគេថា ខ្ញុំជួលផ្ទះនោះមានប្រភពចេញមកពីណាទេ តាមពិតផ្ទះនោះខ្ញុំនៅរាល់ថ្ងៃ អត់ទាន់បានដាក់ជួលនោះទេ តែរឿងថា ទិញផ្ទះនោះ ខ្ញុំពិតជាបានទិញផ្ទះវីឡាថ្មីមែន គ្រាន់តែផ្ទះនោះកំពុងស្ថិតនៅក្នុងការសាងសង់នៅឡើយ នៅម្តុំជិតសំរោងអណ្តែតហ្នឹងដែរ»។
ជាបុរសដើមទ្រូងប្រាំហត្ថ ករុណា ពេជ្រ ពិតជាចិត្តសឿងមែន រូបគេបានបញ្ជាក់ឲ្យដឹងថា ផ្ទះវីឡាដែលលោកទិញនោះមានតម្លៃជាង៤០ម៉ឺនដុល្លារតែយ៉ាងណាលោកបញ្ជាក់ថា ផ្ទះវីឡានោះជាផ្ទះទិញបង់រំលស់តែប៉ុណ្ណោះ បើផ្ទះយកប្រាក់ទាំងដុំទៅទិញលោកក៏មិនហ៊ានថ្លើមធំទិញផ្ទះតម្លៃកប់ពពកនោះដែរ។
តារាចម្រៀងដែលចាប់អាជីពសិល្បៈតាមរយៈការប្រឡងជាប់ចំណាត់ថ្នាក់លេខមួយក្នុងកម្មវិធីតារា ណេសស្លេ ( Nestle) នៅឆ្នាំ២០០៥ ករុណា ពេជ្រ បាននិយាយថា៖«ផ្ទះវីឡាដែលខ្ញុំទិញនោះ ខ្ញុំមិនដឹងគេដឹងមកពីណាថា តម្លៃ៥០ម៉ឺនដុល្លារទេ តាមពិតទៅផ្ទះនោះស្អាតល្អប្រណីតណាស់មានតម្លៃ៤១ម៉ឺនដុល្លារអាមេរិក ហើយផ្ទះនោះគឺទិញបង់រំលស់ទេ បើមិនដូច្នេះខ្ញុំក៏មិនហ៊ានដែរ។ នៅ២ឆ្នាំដំបូងគេតម្រូវឲ្យយើងបង់១ខែ៦០០០ដុល្លារ ហើយបន្ទាប់ពីនោះ គឺយើងអាចបង់តាមលទ្ធភាពដែលយើងមានប៉ុន្មានឆ្នាំក៏បាន»។
ការបង់រំលស់មួយខែ៦០០០ពាន់ដុល្លារ គឺជារឿងមិនធម្មតាឡើយ តើ ករុណា ពេជ្រ អាចមានលទ្ធភាពដល់ថ្នាក់មួយខែបង់៦០០០ដុល្លារទេ? តារាចម្រៀង ករុណា ពេជ្រ បានឆ្លើយភ្លាមថា លោកអាចបង់បាន។ ពេជ្រ បាននិយាយថា៖«តាមចំណូលខ្ញុំសព្វថ្ងៃ ខ្ញុំពិតជាអាចបង់បាន ព្រោះតម្លៃខ្លួនខ្ញុំច្រៀងតាមខេត្តជាង១០០០ដុល្លារហើយមួយខែៗ ខ្ញុំអាចច្រៀងបានជាច្រើនកម្មវិធី។ ម្យ៉ាងខ្ញុំជាកូនពៅ ម្តាយខ្ញុំក៏ជាអ្នកជំនួញដែរដូច្នេះខ្ញុំអាចបង់បាន។ ដំបូងប្រាក់នោះខ្ញុំចង់ប្តូរឡានទេ តែម៉ាក់ខ្ញុំប្រាប់ថា ឲ្យទិញផ្ទះទៅ ខ្ញុំក៏ទិញតាមគាត់តែម្តង»៕
ប្រភព postkhmer