ខេត្ដស្វាយរៀង ៖ បុរសជាសន្ដិសុខយាមរោងចក្រម្នាក់ បានឆ្លៀតឱកាសចាប់រំលោភនាងក្រមុំ ពេលដែលនាងចូលទៅបន្ទប់ទឹក ហើយត្រូវកម្មករម្នាក់ទៀតមកទាន់
នាំគ្នាឆោឡោចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចនគរបាលក្រុងបាវិតកាលពី វេលាម៉ោង៨ ព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣ នៅ ចំណុចរោងចក្រឡុងប្រាយ ស្ថិតក្នុងភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្ដស្វាយរៀង ។
ជនសង្ស័យមានឈ្មោះ ប៉ែន ធី អាយុ៣៦ឆ្នាំ ជាបុគ្គលិកសន្ដិសុខក្រុមហ៊ុនសារ៉ាបូព៌ា មានទីលំនៅភូមិស្វាយ ឃុំសំឡី ស្រុកកំពង់រោទិ៍ បច្ចុប្បន្នជាសន្ដិ សុខនៅរោងចក្រឡុងប្រាយ ។ ចំណែកនារីរងគ្រោះមានឈ្មោះ យ.ស.វ.ណ អាយុ ១៥ឆ្នាំ បម្រើ ការងារនៅរោងចក្រឡុងប្រាយ មានទីលំនៅក្នុងភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រា ។ មុនពេលកើតហេតុក្មេងស្រីរងគ្រោះបានដើរចូល ទៅក្នុងបន្ទប់ទឹកក្នុងបរិវេណរោងចក្រ ឡុងប្រាយ ហើយពេលនោះឈ្មោះ ប៉ែន ធី ក៏ដើរ ចូលតាមពីក្រោយរួចធ្វើសកម្មភាពចាប់នាងរំលោភតែម្ដង ។
នៅគ្រានោះមាន កម្មករម្នាក់ដើរទៅរកបត់ជើងតូច ចៃដន្យក៏ឮសម្រែកនារីរងគ្រោះឱ្យជួយទើប មានការភ្ញាក់ផ្អើល ក៏ស្រែកឆោឡោ រួចព័ទ្ធចាប់ជនសង្ស័យប្រគល់ឱ្យនគរបាល ប៉ុស្ដិ៍តែម្ដង ។ ជនសង្ស័យជាមនុស្សមានប្រពន្ធកូន ហើយកន្លងមក ជនសង្ស័យបានព្យាយាមតាម ស្រឡាញ់នារីរងគ្រោះទើបជម្រុញឱ្យជនសង្ស័យទ្រាំលែងបាន ទើបធ្វើសកម្មភាពខុសច្បាប់បែបនេះ៕
ប្រភព វត្តភ្នំ