ក្រុងព្យុងយ៉ាង ៖ នៅទីបំផុតមេដឹកនាំកូរ៉េខាងជើង បានទាមទារឱ្យមានការទទួលស្គាល់ថា ខ្លួនជាប្រទេសដែលមាន អាវុធនុយក្លេអ៊ែរមួយ ដោយរំលោភទៅលើលក្ខខណ្ឌ
ដែលបានព្រមព្រៀងជាមួយអាមេរិកក្នុងការ បោះបង់កម្មវិធីអាវុធនុយក្លេអ៊ែរ មុនពេលដំណើរការចរចាចាប់ផ្ដើម ពោលគឺកូរ៉េខាងជើងនៅតែមានចេតនា គំរាមកំហែងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីយកប្រៀបសម្រាប់ការចរចាដដែល ។
សារព័ត៌មានរបស់កូរ៉េខាងជើងបានផ្សព្វផ្សាយថា ជារឿងគ្មានហេតុផលនិងមិនអាចទទួលយកបានឡើយ ចំពោះលក្ខខណ្ឌរបស់អាមេរិក និងកូរ៉េខាងត្បូងដែលថា ឱ្យកូរ៉េខាងជើងយល់ព្រមបញ្ឈប់កម្មវិធី នុយក្លេអ៊ែរ និងសកម្មភាពបាញ់សាកល្បងកាំជ្រួចនាពេលខាងមុខជាបន្ដទៀត នោះ។ មានការអត្ថាធិប្បាយថា “ ប្រសិនបើភាគីសាធារណរដ្ឋប្រជាជនប្រជាធិបតេយ្យកូរ៉េ ស្ថិតនៅក្នុងតុចរចាជាមួយអាមេរិកនោះ ខ្លួននឹង ពិភាក្សាស្ដីអំពីរដ្ឋដែលមានអាវុធនុយក្លេអ៊ែរ មិនមែនភាគីមួយបង្ខំឱ្យភាគី មួយទៀតបោះបង់អាវុធនុយក្លេអ៊ែរនោះឡើយ ” ។
មុននេះតែបន្តិច អាមេរិក និងកូរ៉េខាងត្បូងបានអំពាវនាវឲ្យ កូរ៉េខាងជើង បង្ហាញអំពីការបោះបង់មហិច្ឆតាអាវុធនុយក្លេអ៊ែរ ដើម្បីការពិភាក្សា មួយទទួលបានផ្លែផ្កា ព្រោះកូរ៉េខាងជើងនៅឆ្នាំ២០០៥ ធ្លាប់បានចុះហត្ថលេខាលើសន្ធិសញ្ញា មិនរីកសាយភាយអាវុធនុយក្លេអ៊ែរជាថ្នូរនឹងការផ្ដល់ជំនួយ ។ ប៉ុន្ដែបច្ចុប្បន្ននេះ កូរ៉េខាងជើងចាត់ទុកថា អាវុធនុយក្លេអ៊ែរជារតនវត្ថុដ៏មាន តម្លៃដែលខ្លួនមិនអាចបោះបង់ឡើយ ហើយនៅខែកុម្ភៈកន្លងមកនេះ កូរ៉េខាងបានជើងបានបាញ់សាកល្បងកាំជ្រួចមីស៊ីល លើកទី៣របស់ខ្លួនប្រកបដោយជោគជ័យថែមទៀតផង ។
ភាពក្រអឺតក្រទមបែបនេះ ធ្វើឱ្យមានការដាក់ទណ្ឌកម្មពីអង្គការសហ ប្រជាជាតិទៅលើកូរ៉េខាងជើង ហើយជាដើមចមនាំឱ្យមានការគំរាមកំហែងបន្ថែម ទៀតពីកូរ៉េខាងជើងថា នឹងបើកការវាយ ប្រហារដោយអាវុធនុយក្លេអ៊ែរប្រឆាំង ទៅលើកូរ៉េខាងត្បូង និងអាមេរិក ។ យ៉ាងណាក៏ដោយ កូរ៉េខាងជើង បានដាក់លក្ខខណ្ឌមួយចំនួនឱ្យអាមេរិក និងកូរ៉េខាងត្បូង មុនពេលបើកកិច្ចចរចាគ្នា ត្រូវលុបចោល ការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិផងដែរ ។ ប៉ុន្តែអាមេរិកនៅតែរង់ចាំសញ្ញាច្បាស់លាស់ ដែលកូរ៉េខាងជើងបញ្ឈប់សកម្មភាពអាវុធ នុយក្លេអ៊ែររបស់ខ្លួន ៕