ច័ន្ទ សុ​ផានី មាន​ទឹកមាត់​លេប​ពេល​ទទួល​ការងារ​ថ្មី​

, , Leave a comment

ភ្នំពេញៈ អតីត​ពិធី​ការិនី​ចាស់វស្សា​សម្តីទន់​ដែល​បាត់បង់​ទ្រនំ​និង​អវត្តមាន​ពីស​ង្វៀន​សិល្បៈ​ក្រោយ​បាត់បង់​ឱកាស​ជា​អ្នក​ផលិតកម្ម​វិធី​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ អ្នកនាង ច័ន្ទ

សុ​ផានី​ពេលនេះ​ផ្តើម​មាន​ទឹកមាត់​លេប​វិញ​ហើយ ខណៈ​ទ្រនំ CTN ផ្តល់ឱកាស​ឲ្យ​នាង​សាង​ប្រជាប្រិយភាព​។​

​ជិត​៥​ឆ្នាំ​ហើយ ដែល​មេម៉ាយ​កូន​មួយ នាង​ច័ន្ទ សុ​ផានី ស្វែងរក​ទ្រនំ​ឈរ​ក្នុង​អាជីព​ជា​អ្នក​អត្ថាធិប្បាយ​តែងតែ​ឃ្វាង​រហូត​ចាប់តាំងពី​នាង​ចុះ​ចេញពី​ទ្រនំ​បាយ័ន​មក​គេង​ចាំ​តំណែង​ជា​អ្នក​ផលិត​កម្មវិធី​នៅ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ប៉ុន្តែ​មិន​ទទួលបាន​សមបំណង​។ បន្តបន្ទាប់​ក៏​តែង​លេចឮ​ដំណឹង​ថា​នាង​ត្រៀម​វេចសម្ពាយ​ឡើង​ទទួល​តំណែង​ជា​ពិធី​ការិនី​ក្នុង​កម្មវិធី​នេះ​កម្មវិធី​នោះ ទូរទស្សន៍​នេះ​ទូរទស្សន៍​នោះ​តែ​មិនឃើញ​ឡើយ​បើ​សូម្បីតែ​វត្តមាន​នាង​ក្នុង​កម្មវិធី​ជួបជុំ​សិល្បៈ​នោះ​ពុំដែល​ឃើញ​ដែរ ក្រៅពី​លេច​ធ្លាយ​រឿងអាស្រូវ​ស្នេហ៍​ដ៏​កម្សត់​។​

​ទើបតែ​ថ្ងៃ​សៅរ៍ ទី​២០ មេសា ក្រោយពី​បញ្ចប់​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​បាន​៣​ថ្ងៃនោះ​ក៏​ស្រាប់តែ​លេច​វត្តមាន​នាង​ក្នុង​កញ្ចក់​ទូរទស្សន៍ CTN ក្នុង​តំណែង​ជា​ពិធី​ការិនី​ជាមួយ​ដៃគូ​ពិធីករ​ល្បីឈ្មោះ​លោក អ៊ិត សេដ្ឋា ក្នុង​កម្មវិធី មន្ត​ស្នេហ៍​សំនៀង ជំនួស​នាង យុគ ចិន្តា​។​

​ការ​បង្ហាញមុខ​នៅក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ផ្សាយ​ផ្ទាល់​មន្ត​ស្នេហ៍​សំនៀង​របស់​អ្នក​មេម៉ាយ​កូន​មួយ នាង ច័ន្ទ សុ​ផានី ក្រោយពី​បាត់ស្រមោល​ពី​ឆាក​ខន​សឺត​ដល់​ថ្នាក់​មហាជន​ស្ទើរ​ភ្លេចមុខ​ហើយ​នោះ ភ្ញាក់ផ្អើល​មិនមែន​ត្រឹមតែ​ទស្សនិកជន​នោះទេ បើ​សូម្បីតែ​ក្រុម​តារា​សិល្បៈ​ដូចគ្នា​នោះ​ក៏មាន​ភាព​ភ្ញាក់ផ្អើល​មិនតិច​ដែរ​។​

​ប៉ុន្តែ​យ៉ាងណា​ក៏មាន​អ្នក​នៅ​ចំណាំ​មុខ​នាង​ជាច្រើន​ផងដែរ ហើយ​ពួកគេ​បាន​លើកឡើងថា អីយ៉ា​! អ្នក​មេម៉ាយ​កូន​មួយ នាង​ច័ន្ទ សុ​ផានី ក្រោយពី​ផ្តាច់ចំណង​ស្នេហ៍​ហេងស៊យ​នំ​ធំ​ជាង​នាឡិ​ពី​លោក​សូ​ណូ ពេលនេះ​បានចេញ​មុខ​ស្រង់ដើម ស្តារ​កេរ្តិ៍ឈ្មោះ​វិញ​ហើយ​តើ​! អ្នកទស្សនា​បន្តថា កន្លែង​ដែល​អ្នក​មេម៉ាយ​នេះ​វិល​មក​សាង​កេរ្តិ៍ឈ្មោះ​នេះ​ប៉ះចំ​កន្លែង​ប៉ុស្តិ៍​ទូរទស្សន៍​ខ្លាំង​ទៀត​! មិនតែប៉ុណ្ណោះ​ថែមទាំង​ដណ្តើម​តំណែង​ពិធី​ការិនី​ជើង​ខ្លាំង អ្នកនាង យុគ ចិន្តា ទៀតផង​។​

​យ៉ាងណាមិញ កាលដែល​ស្ងាត់ៗ​ស្រាប់តែ​ពិធី​ការិនី​កប់​ជើង​ជាច្រើន​ឆ្នាំ​បែរជា​ទទួលបាន​កៅអី​ពិធី​ការិនី ជា​ស្តេចត្រាញ់ នៅ CTN នេះ​ត្រូវបាន​មហាជន​ម៉ៃ​ថា​នាង​មាន​ខ្នង​ធំ​ហើយ​មើលទៅ​ទើប​ទទួលបាន​តំណែង​ធំ​យ៉ាងនេះ​។ ពួក​អ្នក​និយម​តាមដាន​កម្មវិធី​មន្ត​ស្នេហ៍​សំនៀង​នោះបាន​និយាយ​តៗ​គ្នា​គ្រប់ៗ​មាត់​ថា​ប្រហែលជា​នាង ច័ន្ទ សុ​ផានី មាន​ខ្សែ ឬ​ទុយោ​ណា​ក្រាស់ក្រែល​ហើយ​បានជា​នាង​អាច​លេចមុខ​ភ្លែត​ចេញ​ក្នុង​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​តែម្តង​ថែមទាំង​រុញច្រាន​ពិធី​ការិនី​ជើងចាស់​ល្បីឈ្មោះ យុគ ចិន្តា ឲ្យ​ខ្ទាត​ចេញ​។​

​ជាមួយគ្នា​នោះ​ក៏មាន​អ្នក​ខ្លះទៀត​បង្ហើរ​សម្តី​ថា យុគ ចិន្តា អាច​ត្រូវគេ​ផ្អាក​មួយរយៈ​ឬ​ត្រូវ​ដកចេញ​ពី​តំណែង​ឲ្យ​ទៅកាន់​កម្មវិធី​ផ្សេង​ឬក៏​ឈប់​រហូត​ក៏​មិនដឹង​ហើយ​ជំនួស​ដោយ​អ្នកនាង ច័ន្ទ សុ​ផានី ទេ​ដឹង​បានជា​ស្ងាត់ៗ​បាត់​មុខ​នាង​។​

​យ៉ាងណា​ពាក្យ​ម៉ៃ​របស់​មហាជន​ដែល​គ្មាន​មូលដ្ឋាន​ជាក់លាក់​នេះ ក៏ត្រូវ​បាន​អ្នកគ្រប់គ្រង​កម្មវិធី​ម្នា​ក់នៅ CTN និង​ជា​អ្នកនិពន្ធ​រឿង​កំប្លែង​ដ៏​ល្បី លោក សុវណ្ណ​រិទ្ធី ប្រាប់ថា តំណែង​នេះ​គ្មាន​ដកហូត​ពី​អ្នកណា​ឲ្យ​ទៅ​អ្នកណា​ទេ​។ អ្នកនាង យុគ ចិន្តា គាត់​ជាប់​មាន​ភារកិច្ច​ផ្ទាល់ខ្លួន ទើប​ឲ្យ​ពិធី​ការិនី​ថ្មី​ជំនួស​ហើយ​ពេលដែល​គាត់​ចប់​ភារៈ​គាត់​គាត់​នឹង​មក​ទទួល​តំណែង​ធម្មតា​។​

​លោក សុវណ្ណ រិទ្ធី បាន​បន្តថា​៖«​អ្នកនាង យុគ ចិន្តា មិនមែន​ទើបតែ​បាត់​មុខ​ពី​កម្មវិធី​មន្ត​ស្នេហ៍​សំនៀង​នេះ​នៅ​ថ្ងៃ​សៅរ៍​ទី​២០​នេះ​ទេ គាត់​បាន​បាត់​មុខ​ពី​កម្មវិធី​នេះ​ច្រើន​សប្តាហ៍​ហើយ​»​។ លោក សុវណ្ណ​រិទ្ធី បាន​បញ្ជាក់ថា​៖«​ដោយសារតែ​អ្នកនាង ជាប់រវល់​ទៅ​សហរដ្ឋអាមេរិក​រយៈពេល​១​ខែ​ទើប​អ្នកដឹកនាំ​កម្មវិធី​ជំនួស​ដោយ​ពិធី​ការិនី​ល្បីឈ្មោះ​ដែរ នោះ​គឺ​អ្នកនាង ច័ន្ទ សុ​ផានី​» ។​

​ចំណែកឯ​អ្នកនាង ច័ន្ទ សុ​ផានី មុននឹង​ទទួលបាន​ទ្រនំ​ជ្រក​នោះ នាង​ក៏បាន​លើក​ពី​គុណ​ស​ម្ប​តិ្ត​ដល់​លោក សុវណ្ណ រិទ្ធី ដែរ ដោយ​នាង​និយាយថា​៖«​ខ្ញុំ​អរគុណ​ដល់​លោក Victor ដែលជា អ្នកដឹកនាំ​កម្មវិធី​នៅ​ទូរទស្សន៍ CTN ដែល​បាន​ហៅ​ខ្ញុំ​ទៅធ្វើ​ពិធី​ការិនី​ក្នុង​កម្មវិធី​តន្ត្រី​ផ្សាយ​បន្ត​ផ្ទាល់​នោះ​គឺ​រយៈពេល​តែ​១​ខែ​ទេ ដៃគូ​ជាមួយ​លោក អ៊ិត សេដ្ឋា​»​។ នាង​បន្តថា​អ្នកនាង យុគ ចិន្តា គាត់​ជាប់រវល់​ទៅ​សហរដ្ឋអាមេរិក ទើបបានជា​អ្នកគ្រប់គ្រង​កម្មវិធី​ឲ្យ​ខ្ញុំ​ឡើងកាន់តំណែង​អត្ថាធិប្បាយ​កម្មវិធី​មន្ត​ស្នេហ៍​សំនៀង​ជាមួយ​លោក អ៊ិត សេដ្ឋា​ជំនួស​គាត់​»​។​

​អ្នក​មេម៉ាយ​ចាយ​សម្រស់​រូបនេះ​បញ្ជាក់ថា​៖« បន្ទាប់ពី​រយៈពេល​១​ខែ​នេះ​ទៅ ខ្ញុំ​ក៏​មិន​បាត់​មុខ​ពី CTN នេះដែរ គឺ​ខ្ញុំ​នៅតែ​ជា​ពិធី​ការិនី​ក្នុង​ទូរទស្សន៍​នេះ​តែ​ក្នុង​កម្មវិធី​ផ្សេង​១​ទៀត​»៕

130424_28a 130424_24

​ប្រភព ភ្នំពេញ​ប៉ុស្តិ៍​

 

Leave a Reply

(*) Required, Your email will not be published