កូនអ្នកមាន​ប្រចាំខេត្ត​សៀមរាប ស្រវឹង​ជោក បើករថយន្ត​ទំនើប​បុក​គេ​ហើយ ស្រែក​អួតថា​គ្មាន​អ្នកណា​ខ្លាំង​ជាង​អញ​ទេ​

, , Leave a comment

ខេត្តសៀមរាប​៖ យុវជន​ទំនើង​ម្នាក់​ឈ្មោះ សាល វណ្ណដា អាយុ​២៥​ឆ្នាំ ជា​កូន​របស់លោក ជា សុ​ភឿ​ត អ្នកមាន​លំដាប់​សេដ្ឋី​នៅ​ខេត្តសៀមរាប បាន​ផឹកស្រា​ស្រវឹង​ហើយ​បើករថយន្ត​ស៊េរី​ទំនើប

ទៅបុក​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត បណ្តាល​ឲ្យ​មនុស្ស​រងរបួស ហើយ​ចុះ​ពី​រថយន្ត​ស្រែក​ក្តែ​ងៗ​ប្រាប់​គេឯង​ថា នៅ​សៀមរាប​គ្មាន​នរណា​ធំ​ជាង​អញ​ទេ​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៣ នៅត្រង់​ផ្លូវបំបែក​ភូមិ​ជន្លង់ (​ផ្លូវ​ក្រវ៉ាត់​ក្រុង ប្រសព្វ​និង​ផ្លូវ​មកពី​វិទ្យាល័យ​អង្គរ​) ព្រំប្រទល់​រវាង​សង្កាត់​ជ្រាវ និង​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​។​

 

​អ្នកឃើញ​ហេតុការណ៍​បាន​និយាយថា រថយន្ត​ម៉ាក​សាំ​យ៉ុង​១៥​កៅអី ពណ៌​ស ពាក់​ស្លាក​លេខ ព្រៃវែង 2A-1002 បើកបរ​តាមផ្លូវ​ក្រវ៉ាត់​ក្រុង ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​ម៉ាក​រ៉េវ​ហ្វ​រ​(Rav 4) ស៊េរី​ទំនើប​មួយគ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2A-7286 បើកបរ​យ៉ាង​លឿន​តាមផ្លូវ​ចេញពី​វិទ្យាល័យ​អង្គរ ទិល​ដៅ​ពី​លិចទៅ​កើត​។ ដល់​ចំណុចកើតហេតុ​រថយន្ត​ទាំងពីរ​បាន​បន្ថយល្បឿន​ដូចគ្នា ឃើញ​ដូច្នេះ អ្នកបើកបរ​រថយន្ត​សាំ​យ៉ុង​ក៏​បន្តដំណើរ​ទៅមុខទៀត ពេលនោះ​អ្នកបើកបរ​រថយន្ត​រ៉េវ​ហ្វ​រ​ក៏​បន្ថែម​ល្បឿន​ដែរ បណ្តាល​ឲ្យ​បុក​រថយន្ត​សាំ​យ៉ុង​ពេញទំហឹង ហើយ​បន្ត​ទៅបុក​រោង​យានដ្ឋាន​ដែល​នៅក្បែរនោះ​ថែមទៀត​ទើប​រថយន្ត​ឈប់​។ ក្នុង​ហេតុការណ៍​នេះ ពុំមាន​អ្នកដំណើរ​ណា​ម្នាក់​រងរបួស​ធ្ងន់​នោះទេ គ្រាន់តែ​របួសស្រាល​៥​ទៅ​៦​នាក់​ប៉ុណ្ណោះ​។​

 

​មន្ត្រីនគរបាល​ចរាច​រណ៍​ខេត្តសៀមរាប ដែល​ចុះ​ទៅដល់​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា អ្នកបើកបរ​ឡាន​សាំ​យ៉ុង​ឈ្មោះ រ៉ី សារ៉ាន់ អាយុ​ជាង​២០​ឆ្នាំ ក្នុង​រថយន្ត​មាន​ផ្ទុក​មនុស្ស​ជិត​២០ នាក់ ដែល​អ្នក​ទាំងនោះ​ជា​កម្មករ​ត្រូវ​ទៅធ្វើ​ការ​នៅ​ខេត្តបន្ទាយមានជ័យ​។ ចំណែក​អ្នក​បើកឡាន​រ៉េវ​ហ្វ​រ មានឈ្មោះ សាល វណ្ណដា អាយុ​២៥​ឆ្នាំ ជា​កូន​របស់លោក ជា សុ​ភឿ​ត អ្នកមាន​លំដាប់​សេដ្ឋី​នៅក្នុង​ខេត្តសៀមរាប​។​

 

​ប្រភព​ដដែល​បាន​បន្តថា នៅ​កន្លែងកើតហេតុ​ឈ្មោះ សាល វណ្ណដា បាន​ស្រែ​កអួត​ក្អេងក្អាង​ក្នុង​សភាព​ស្រវឹង​ថា នៅក្នុង​ខេត្តសៀមរាប​នេះ គ្មាន​អ្នកណា​ស្មើ​ខ្លួន​ទេ មានតែ​ខ្លួន​ធំជាងគេ ព្រោះ​មាន​មីង មា សុទ្ធតែជា​អ្នកធ្វើការ​នៅ​តុលាការ ដូច្នេះ​កុំ​ចង់​ខ្លាំង​។ ក្រៅពី​ចរិត​ច្រងេងច្រងាង របស់​យុវជន​ទំនើង​រូបនេះ គេ​ក៏​ឃើញ​មាន​វត្តមាន​របស់លោក ជា សុ​ភឿ​ត និង​ប្អូនស្រី ដែល​ម្នាក់ៗ​សុទ្ធតែ​ជិះឡាន​ស៊េរី​ទំនើប មកជួយ​អន្តរាគមន៍ ដល់​កូនក្មួយ​របស់ខ្លួន ដោយ​ប្រើ​សំដី​គ​ម្រោះ​គំរើយ​ដាក់​សមត្ថកិច្ច​ថែម​ទៀតផង​។​

 

​ប្រជាពលរដ្ឋ​ដែល​ចោមរោម​មើល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ បាន​និយាយ​រិះគន់ ទង្វើ​របស់​ក្រុមគ្រួសារ​អ្នកមាន​មួយ​នេះ​យ៉ាងខ្លាំង ដោយ​ពួកគេ​និយាយថា ដោយសារតែ​សាច់ញាតិ គាំទ្រ​ខ្លាំង​ដូច្នេះ បានជា​យុវជន​ទំនើង​រូបនេះ ហ៊ាន​អួត​ក្អេងក្អាង​ថា គ្មាន​អ្នកណា​ស្មើ​ខ្លួន​ឡើយ​៕​ ann.com.kh

 

car24-4-2013

 

Leave a Reply

(*) Required, Your email will not be published