ខេត្តព្រៃវែង ៖ ក្នុង ពិធីកាត់ឫសសីមា ឆ្លងព្រះវិហារ វត្តសិរីឧត្តម ហៅវត្តត្របែក ក្នុងឃុំពាមរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៣ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រកាសអំពាវនាវឲ្យប្រជាជនកម្ពុជា ត្រូវមានទំនុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ជុំវិញសំណុំរឿងក្តីបកស្រាយសាលក្រម ឆ្នាំ១៩៦២ ស្តីពីប្រាសាទព្រះវិហារ នៅតុលាការយុត្តិធម៌អន្តរជាតិ រវាងកម្ពុជានិងថៃ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣។
សម្តេច ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាល បានប្រគល់ការងារនេះ ទៅឲ្យលោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងមេធាវីកម្ពុជា ដែលជាជនជាតិអាមេរិក និងជនជាតិបារាំងពីររូបទៀត ដែលគួរឲ្យជឿជាក់សម្រាប់ការតតាំងរឿងក្តី ។ សរុបមកសវនាការលើបញ្ហាប្រាសាទព្រះវិហារ នៅទីក្រុងឡាអេ ដែលទើបបិទបញ្ចប់នេះ គឺកម្ពុជា ស្នើសុំឲ្យតុលាការបកស្រាយសាលក្រមឆ្នាំ១៩៦២។ ចំណែកឯថៃបានតតាំងនៅតុលាការឡាអេ គឺក្នុងគោលបំណងតែមួយគត់ ដោយសុំកុំឲ្យតុលាការបកស្រាយសាលក្រមនោះ។
សម្តេច ហ៊ុន សែន បានបន្តថា ភាគីកម្ពុជា បានប្រើប្រាស់គ្រប់ទឡ្ហីករទាំងអស់ ទាំងអង្គច្បាប់ និងទាំងអង្គហេតុ ដើម្បីធ្វើយ៉ាងណា ទាមទារឲ្យតុលាការបកស្រាយសាលក្រមឆ្នាំ១៩៦២ ដោយសម្តេចបានធ្វើការព្យាករណ៍ថា " តែមានចំណុចពីរ ទីមួយតើតុលាការនឹងដោះស្រាយយ៉ាងម៉េច នៅសាលដីការបស់ខ្លួន កាលពីខែកក្កដា ឆ្នាំ២០១១ ដែលបង្កើតជាតំបន់ឥតកងទ័ព នៅតំបន់ប្រាសាទព្រះវិហារ ក្នុងករណីដែលតុលាការ មិនបកស្រាយតើរឿងនេះ វាទៅជាយ៉ាងម៉េច ទុកអាតំបន់កងទ័ពនេះ ឲ្យវានៅជាតំបន់ហ្នឹងរាប់រយ តទៅទៀត ឫយ៉ាងម៉េច ឫឲ្យវាវិលត្រឡប់ទៅរកស្ថានភាពដើម ឲ្យទាំងសងខាង បញ្ជូនកងទ័ពចូល តុលាការពិបាកបកស្រាយណាស់ ចំណុចទីពីរ ចៅក្រមជនជាតិសូម៉ាលី បានស្នើសុំឲ្យភាគីទាំងពីរ ទាំងកម្ពុជានឹងថៃ ដាក់និយាមការនឹងផែនទីចូល ឲ្យទៅតុលាការ នៅត្រឹមថ្ងៃទី២៦ ខែមេសា " ។
សម្តេច ហ៊ុន សែន បានបន្ថែមថា ទោះជាសាលក្រមរបស់តុលាការឡាអេ បកស្រាយយ៉ាងណាក៏ដោយ ក៏កម្ពុជា និងថៃ មិនក្លាយទៅជាសត្រូវនឹងគ្នាទេ ព្រោះកម្ពុជានិងថៃ ប្រៀបដូចជាអណ្តាតនិងធ្មេញ គេមិនអាចដកចេញពីគ្នាបានទេ ហើយក៏មិនអាចដកកម្ពុជា ឲ្យចេញផុតពីប្រទេសថៃនោះទេ។ សម្តេចហ៊ុនសែន ក៏បានថ្លែងអំណរគុណ និងសរសើរចំពោះគណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដោយបានបំពេញបេសកកម្មនៅតុលាការឡាអេ ប្រកបដោយជោគជ័យ៕