ប្រជាជន​ខ្មែរ​ម្នាក់ ជិះ​ម៉ូតូ​អត់​ពាក់មួក និង​កញ្ចក់ ប៉ូលិស​និង​ប៉េអឹម ព្រួត​គ្នា​វាយ ឱ្យ​សន្លប់ ក្នុងឱកាស​បុណ្យចូលឆ្នាំ​

, , Leave a comment

​ខេត្តស្ទឹងត្រែង​៖ កាលពី​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១៣ វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ដែលជា​ថ្ងៃទី​២​នៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ នៅ​ចំណុច​ភូមិ​តា​ខិង ឃុំ​ព្រែ​កមាស ស្រុក​សៀម​ប៉ាង​ប៉ូលិស​និង​ប៉េអឹម ចំនួន​៤​នាក់​បាន​ព្រួត​គ្នា​វាយ​ទៅលើ​បុរស​ម្នាក់​រហូតដល់​សន្លប់​បុរស​ដែល​ត្រូវ​ប៉ូលិស​និង​ប៉េអឹម វាយ​រហូតដល់​សន្លប់​នោះ​ឈ្មោះ ឡាន់ សេន អាយុ​២៥​ឆ្នាំ មុខរ​បរជាកសិករ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​


​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​កំណើត​ថ្មី​ថា នៅ​កាលពី​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១៣ ជា​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ថ្ងៃទី​២ កម្លាំង​សមត្ថកិច្ច​មួយក្រុម មាន​ប៉ូលិស​និង​ប៉េអឹម ដែល​ដឹកនាំ​កម្លាំង​ដោយ​លោក ជុំ សុភាព ជា​អធិការរង​ស្រុក​សៀម​ប៉ាង បានដាក់​កម្លាំង​នៅត្រង់ចំណុច​ផ្លូវបំបែក​ចូល​ភូមិ​តា​ខិង គោលបំណង​ដើម្បី​ផាក​អ្នកជិះ​ម៉ូតូ​អត់​ពាក់មួក និង​កញ្ចក់​។ លុះ​ពេល​បុរស​ជា​ជនរងគ្រោះ​ខាងលើ​ជិះ​ម៉ូតូ​មកដល់​ចំណុច​នោះ ឃើញ​សមត្ថកិច្ច  ខ្លួន​ក៏​ជិះ​ម៉ូតូ​គេច ហើយ​សមត្ថកិច្ច​បាន​ជិះ​ម៉ូតូ​ដេញតាម ហើយ​វាយ​ពីក្រោយ​មួយ​ដៃ បណ្តាល​ឲ្យ​ដួល​ម៉ូតូ រួច​ប៉ូលិស​និង​ប៉េអឹម ក៏បាន​វាយ​ទៅលើ​ជន​នោះ​ឲ្យ​សន្លប់ រួច​អូស​ដាក់​ក្នុង​រថយន្ត​។​


​ប្រជាពលរដ្ឋ​បាន​រិះគន់ថា សមត្ថកិច្ច​ថា​ដូចជា​ប្រើ​អំពើ​ហឹ​ង្សា​ធ្ងន់​ដៃ​និង​សាហាវ​ពេក​ហើយ​គ្រាន់តែ​ជិះ​ម៉ូតូ អត់​ពាក់មួក និង​កញ្ចក់​មិនត្រូវ​ធ្វើ​យ៉ាង​ដូច្នេះ​ទេ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ គួរតែ​ទុក​ឱកាស​ឱ្យ​ពួកគេ​បាន​សប្បាយរីករាយ​ផង ។​


​គួរ​បញ្ជាក់ថា​ស្រុក​សៀម​ប៉ាង​គឺជា​ស្រុក​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ឡាវ និង​បទល្មើស​ជំនួញ​ឈើ​ក្រញូង​និង​ឈើប្រណិត​ច្រើនជាងគេ​ហើយ​កម្រ​ឃើញ កម្លាំង​សមត្ថកិច្ច ប៉ូលិស​ក្រោម​ការគ្រប់គ្រង លោក វ៉ា សុផាន់​អធិការ​ស្រុក​សៀម​ប៉ាង ធ្វើការ​បង្ក្រាប​នោះទេ​។​ប៉ុន្តែ​គ្រាន់តែ ជិះ​ម៉ូតូ អត់​ពាក់មួក និង​កញ្ចក់ កម្លាំង​ប៉ូលិស ក្រោម​ការគ្រប់គ្រង លោក វ៉ា សុផាន់ បាន​ប្រើ​អំពើ​ហឹ​ង្សា​ធ្ងន់​ដៃ​និង​សាហាវ​បាន​វាយ​ទៅលើ​ជន​នោះ​ឲ្យ​សន្លប់ រួច​អូស​ដាក់​ក្នុង​រថយន្ត​ធ្វើអោយមាន​ការរិះគន់​បែបនេះ​សោះ​។​


​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៣ ប្រជាពលរដ្ឋ​ក្នុងភូមិ​តា​ខិង ចំនួន​ជាង​២០​គ្រួសារ បាននាំគ្នា​ទៅ​អធិការដ្ឋាន ដើម្បី​ធ្វើការ​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​។ ជុំវិញ​បញ្ហា​នេះ លោក​អធិការ វ៉ា សុផាន់ អធិការ​ស្រុក​សៀម​ប៉ាង មិនអាច​ទាក់ទង​បានទេ​ព្រោះ​មិនមាន​លេខ​ទំនាក់ទំនង​៕

19

 

Leave a Reply

(*) Required, Your email will not be published