កូនប្រុស​លោក​ឧកញ៉ា ដួង ងៀប ដែល​បង្កបញ្ហា​ជាច្រើន​ក្នុងសង្គម សមត្ថកិច្ច​កំពុង​តាម​ប្រ​ម៉ាញ់

, , Leave a comment

​រាជធានី​ភ្នំពេញ  ៖ សមត្ថកិច្ច ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​ព្រះរាជអាជ្ញា បាន​ចាប់ខ្លួន​យុវជន​ម្នាក់ ជា​កូនប្រុស​របស់ លោក​ឧកញ៉ា ដួង ងៀប កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៣ ប៉ុន្តែ​ម្នាក់ទៀត ​មានសំណាង​បាន​រត់គេចខ្លួន ហើយ​សមត្ថកិច្ច​បានបញ្ជាក់​ថា កូនប្រុស​របស់លោក​ឧក​ញ៉ា ដួង ងៀប ទាំងពីរ​នាក់​នេះ ជាប់ចោទ​ពីបទ ប្រើប្រាស់​អាវុធខ្លី​ម៉ាក​រ៉ូឡូ វាយ​សំពង​ជនរងគ្រោះ​ជា​និស្សិត បណ្ដាល​ឲ្យ​រងរបួស​ហូរឈាម​ស្រោច​ខ្លួន និង​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​នៅក្នុង ហាង​ហ្គេ​ឡាង​ឡា​រ៉ង់ ។​


​លោក យ៉ា គឹមអ៊ី មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា មានរឿង​ទំនាស់​ក្នុងពេល​ផឹកស៊ី​រវាង​តុ ជនរងគ្រោះ និង​តុ​របស់​កូនលោក​ឧកញ៉ា នៅក្នុង​ហាង​មួយ​យីហោ ហ្គេ​ឡាង​ឡា​រ៉ង់ នៅជាប់​ផ្លូវ​៦៣ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង ២​យប់ ថ្ងៃទី​១៣​ឈានចូល​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៣ ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ជនរងគ្រោះ ដែល​ត្រូវបាន​កូនលោក​ឧកញ៉ា ដួង ងៀប ធ្វើការ​វាយ​សំពង​និង​សម្លុត​គំរាមកំហែង​បណ្ដាល​ឲ្យ​រងរបួស​ក្បាល​ជា​ទម្ងន់ ក្នុង​ហាង​ផឹកស៊ី​នោះ មានឈ្មោះ មុំ ឌី​ណា ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​៦៧ ផ្លូវ​៤៧៤ សង្កាត់​បឹងត្របែក ខណ្ឌចំការមន​។​


​សមត្ថកិច្ច​បានបញ្ជាក់​ថា មុនពេល​កើតហេតុ​ភាគី​រងគ្រោះ​និង​ភាគី​បង្ក​បាន​ផឹកស៊ី​ក្នុង​ហាង​កើតហេតុ ខាងលើ នៅ​តុ​ផ្សេងគ្នា ដោយ​ភាគី​រងគ្រោះ​មាន​គ្នា​ប្រមាណ​៥​ទៅ​៦​នាក់ ហើយ​ភាគី​បង្ក​មាន​គ្នា​ប្រហាក់ប្រហែលគ្នា​ដែរ រួមទាំង​អង្គរក្ស​។ នៅពេល​ផឹកស៊ី​រហូត​ស្រវឹង​រៀងៗ​ខ្លួន​កូនប្រុស​ទាំង​២​របស់លោក​ឧកញ៉ា ដួង ងៀប បាន​ខឹងសម្បា នៅពេល​ភាគី​ជនរងគ្រោះ​បាននាំគ្នា ថតរូប​អនុស្សាវរីយ និង​ហ៊ោកញ្ជ្រៀវ​មុនពេល​ទេវតា​ឆ្នាំ​ថ្មី​ចុះ​មកដល់​ប្រមាណ​ជា​១០​នាទី ប៉ុណ្ណោះ​។ បន្ទាប់មក​កូនប្រុសរ​បស់​លោក​ឧកញ៉ា ដួង ងៀប បាន​ទាញ​កាំភ្លើងខ្លី​មក​វាយ​ក្បាល​ជនរងគ្រោះ​បណ្ដាល​ឲ្យ បែក​ឈាម​ហូរ​ជោក​ខ្លួន និង​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុង​ហាង​ដើម្បី​គំរាមកំហែង​។​


​មុនពេល​សមត្ថកិច្ច​ទៅដល់ ភាគី​បង្ក​បានគេច​ខ្លួន​អស់ រហូតដល់​ល្ងាច​ថ្ងៃទី​១៤ ខែមេសា កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ​បាន​សហការ​ជាមួយ​លោក​ព្រះរាជអាជ្ញារង ហៀ​ង សុភ័ក្ត្រ ឈានដល់​ការឃាត់ខ្លួន​កូនប្រុស​លោក​ឧកញ៉ា ដួង ងៀប បាន​ម្នាក់​គឺ​ឈ្មោះ ដួង គឹម​ឡុង អាយុ​១៧​ឆ្នាំ ប៉ុន្តែ​ម្នាក់ទៀត​ឈ្មោះ ដួង ឆាយ អាយុ​២០​ឆ្នាំ បាន​រត់គេចខ្លួន ។ កូនប្រុស​របស់លោក​ឧក​ញ៉ា ដួង ងៀប ទាំង​២​នាក់​ត្រូវបាន​ចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា ប្រើប្រាស់​ដោយ​អាវុធ និង​ចោទប្រកាន់​ពីបទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ត្រូវបាន​កង​សាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ក្នុងនោះ​វត្ថុតាង​រួមមាន​អាវុធខ្លី​ម៉ាក​រឡូ​មួយ​ដើម កាំភ្លើង AK ស្វាយ​បត់​មួយ​ដើម រថយន្ត​ទំនើប​២​គ្រឿង​ម៉ាក​មែក​សឺ​ដេ​ស​ពណ៌​ស និង​ម៉ាក​អ៊ី​ន​ហ្វី​នី​ទី​ហ្វ ពណ៌​ខ្មៅ​។ សូម​រំលឹកថា​កូនប្រុស​របស់លោក​ឧក​ញ៉ា ដួង ងៀប បាន​បង្កបញ្ហា​ជាច្រើន​ក្នុងសង្គម តែ​គ្មាន​នរណា​ហ៊ាន​បង្ក្រាប​ទេ ៕

17-April (1) 17-April

 

Leave a Reply

(*) Required, Your email will not be published