ភាគី​ថៃ​អួតអាង​ពី​ភាពងាយស្រួល ក្នុងការ​ឆ្លើយតប​អំណះអំណាង​របស់​កម្ពុជា នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ភាគី ​ថៃ​ត្រូវ​ឡើង​បកស្រាយ​ផ្ទាល់មាត់ ចំពោះមុខ​ចៅក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ ICJ នៅ​រសៀល​ថ្ងៃ​ពុធ ទី​១៧ ខែមេសា​នេះ បន្ទាប់ពី​ភាគី​កម្ពុជា បាន​ឡើង​បកស្រាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៥ ខែ មេសា ដែលជា ​ថ្ងៃ​ដំបូង​នៃ​សវនាការ​។ តាម​ការគ្រោងទុក​តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​បើកសវនាការ​លើ​សំណុំរឿង​ប្រាសាទព្រះវិហារ ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៣ ចំ​ថ្ងៃ​ចូលឆ្នាំ​របស់​កម្ពុជា និង​ថៃ ហើយ​គ្រោង​នឹង​ប្រកាស​សាលដីកា​នៅ​ចុងខែ​តុលា ឆ្នាំ​២០១៣​នេះ​។​


​ភាគី​ថៃ​ត្រូវធ្វើ​បទ​បង្ហាញ​ដោយផ្ទាល់​មាត់ នៅ​ថ្ងៃទី​១៧ ខែមេសា ចាប់ពី​វេលា​ម៉ោង ១០​ព្រឹក ដល់​ម៉ោង ១​រសៀល និង​លើក​ទី​២ ចាប់ពី​ម៉ោង ៣​រសៀល ដល់​ម៉ោង ៤ និង ៣០​នាទី​ល្ងាច​។ ដោយឡែក​សវនាការ​នៅ​ជុំ​ទី​២ ដែលជា​ជុំ​ចុងក្រោយ គឺ​ភាគី​កម្ពុជា នឹងធ្វើ​បទ​បង្ហាញ​ដោយផ្ទាល់​មាត់​នៅ​ថ្ងៃទី​១៨ ខែមេសា ចាប់ពី​ម៉ោង ៣​រសៀល ដល់​ម៉ោង ៥​ល្ងាច រីឯ​ភាគី​ថៃ នឹងធ្វើ​បទ​បង្ហាញ​ដោយផ្ទាល់​មាត់​នៅ​ថ្ងៃទី​១៩ ខែមេសា ចាប់ពី​ម៉ោង ៣​រសៀល​ដល់​ម៉ោង ៥​ល្ងាច​។​

ភាគី​កម្ពុជា បានធ្វើ​បទ​បង្ហាញ​ដោយផ្ទាល់​មាត់​ក្នុង​សវនាការ​នោះ​មុន​ភាគី​ថៃ ដោយបាន​លើកឡើង​នូវ​ទំនាក់ទំនង​ផ្នែក​ច្បាប់ និង​ភស្តុតាង​ផ្សេងៗ អំពី​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា លើ​តំបន់​ប្រាសាទព្រះវិហារ​។ ក្នុង​សវនាការ​កាលពី​ថ្ងៃ​ចន្ទ ទី​១៥ ខែមេសា ឆ្នាំ​២០១៣ ភាគី​កម្ពុជា​ដែលមាន​មេធាវី​បរទេស​៣​រូប បាន​ប្រាប់​អង្គ​សវនាការ​ថា បញ្ហា​កើតឡើង​រវាង​កម្ពុជា និង​ថៃ ដោយសារតែ​ខាង​ភាគី​ថៃ ប្រើប្រាស់​ផែនទី ដែល​គូសវាស ដោយ​ឯកតោភាគី និង​ដោយសារ​បញ្ហា​ប្រែប្រួល​នយោបាយ នៅក្នុង​ប្រទេស​ថៃ ហើយ​ការប្រែប្រួល​នយោបាយ នៅក្នុង​ប្រទេស​ថៃ បាន​នាំអោយមាន​ជម្លោះ​រវាង​កម្ពុជា និង​ថៃ នៅ​តំបន់​ព្រះវិហារ ។​

ដោយឡែក​លោក ស៊ូ​រ៉ា​ពង្ស រដ្ឋមន្ត្រីការបទេស​ថៃ បាន​អះអាង​ភាគី​ថៃ នឹងមាន​ចម្លើយ​ត្រឹមត្រូវ ឆ្លើយតប​នឹង​កម្ពុជា នៅក្នុង​ការ​តទល់​គ្នា​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ បន្ទាប់ពី​កម្ពុជា​បានធ្វើ​បទ​បង្ហាញ​កាលពី​ថ្ងៃទី​១៥ ខែមេសា ហើយ​ភាគី​ថៃ នឹង​ដល់ពេល​ធ្វើការ​ឆ្លើយតប នៅវេលា​ម៉ោង ៣​រសៀល​ថ្ងៃនេះ​។  លោក ស៊ូ​រ៉ា​ពង្ស បាន​និយាយថា សេចក្តីថ្លែងការណ៍​រប​ស់​កម្ពុជា នៅ​ថ្ងៃ​ទីមួយ គឺ​មិនមាន​អ្វី​ហួស​ពី​ការរំពឹងទុក​ទេ ហើយ​ថៃ​អាច​នឹង​តទល់​បាន​យ៉ាង​ស្រួល ដោយមាន​ការត្រៀម​រួចរាល់​អស់ហើយ​ហើយ គឺ​ភាគី​ថៃ​នឹងមាន​ចម្លើយ​ដ៏​ត្រឹមត្រូវ​ទាំងអស់ ៕

17-April

 

 

Leave a Reply

(*) Required, Your email will not be published