មានការ​យកលុយ​ពី​បេក្ខជន​ប្រឡង ចូល​បម្រើ​ការងារ​នៅ​ក្រសួងកសិកម្ម​ម្នាក់ៗ រហូតដល់​ទៅ ​៥០០០ ដុល្លារ

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ក្រុមនិស្សិត​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម និង​សាលា​ជាតិ​កសិកម្ម​ព្រែកលៀប កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១២ និង​ចុងខែ​មិនា​ឆ្នាំ​២០១៣ បាន​ប្តឹង​ចូលមក

​អង្គភាព​ប្រឆាំង​ អំពើពុករលួយ​ពី​ភាពមិនប្រក្រតី នៅពេល​ប្រឡង​ជ្រើសរើស​មន្ត្រី ចូល​បម្រើ​ការងារ​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ដែលមាន​ការយក​លុយ​ពី​បេក្ខជន​ប្រឡង ចូល​បម្រើ​ការងារ​នៅ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ម្នាក់ៗ រហូតដល់​ទៅ​៥០០០​ដុល្លារ ជា​ថ្នូរ​នឹង​ការប្រឡង​ជាប់ ។​


ក្នុង​ពាក្យបណ្តឹង​របស់​ក្រុមនិស្សិត​អះអាងថា និស្សិត​ដែល​ប្រឡង​ជាប់​នោះ​ភាគច្រើន បាន​ចំណាយ​ប្រាក់​ចំនួន​ពី​៤០០០​ដុល្លារ ទៅ​៥០០០​ដុល្លារ ឲ្យ​ទៅ​មន្ត្រី​ពាក់ព័ន្ធ ចំណែក​និស្សិត​ដែលមាន​សមត្ថភាព ធ្វើ​វិញ្ញាសា​ប្រឡង បាន​ច្រើន​រហូតដល់​៨០​ភាគរយ ទៅ​៩០​ភាគរយ ក៏ដោយ ក៏​មិនអាច​ប្រឡង​ជាប់​ដែរ ។ ករណីនេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានធ្វើ​សំណើ​ទៅ​មន្ត្រី​រៀបចំ​ការប្រឡង មកពី​ក្រសួងកសិកម្ម លោក ថៃ វុទ្ធី ឲ្យ​បំភ្លឺ​ហើយ ប៉ុន្តែ​មិនទាន់​ដឹងថា ករណីនេះ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ថ្នា​កើ​ណាខ្លះ​ទេ​។


​នាយ​ប្រតិបត្តិ​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា លោក ព្រាប កុល បាន​ចាត់ទុកថា ករណី​ពុករលួយ ពេល​ជ្រើសរើស​មន្ត្រីរាជការ​ចូល​ក្នុង​ក្រម​ខណ្ឌ​នេះ​ថា ជា​ជំងឺ​រ៉ាំរ៉ៃ​នៅ​កម្ពុជា ដែល​មកដល់ពេលនេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់​រា​ជ​រដ្ឋាភិបាល មិនទាន់​ទប់ស្កាត់បាន បើទោះបី​កន្លងមក​អង្គភាព​នេះ ធ្លាប់​ចាត់វិធានការ​ករណី​ពុករលួយ​មួយចំនួន​ក៏ដោយ ។ មន្ត្រី​សម្របសម្រួល​នៅ​បណ្តាញ​រួបរួម ដើម្បី​គណនេយ្យភាព​សង្គម​ប្រចាំ​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វី​ច លោក សន ជ័យ ជំរុញ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​ករណី​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ជា​សារ​ព្រមាន​ទៅ​មន្ត្រី​ខិលខូច​មួយចំនួនទៀត ដែល​កំពុង​បង្ក​ផលប៉ះពាល់​ដល់​សង្គម ៕

9-April

 

Leave a Reply

(*) Required, Your email will not be published