តុលាការ​កោះហៅ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង ឲ្យ​ទៅ​បំភ្លឺ​បណ្តឹង​ទាក់ទិន​អំពើពុករលួយ​

, , Leave a comment

ខេត្តស្វាយរៀង ៖  លោក ហុក បូ​ទី ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង ត្រូវបាន​មន្ត្រីក្រោមឱវាទ​ដាក់ពាក្យ​ប្ដឹង ទៅកាន់​តុលាការ សាលាដំបូង ខេត្តស្វាយរៀង ដោយ​ចោទប្រកាន់ថាបាន​ ប្រព្រឹត្ត​អំពើពុករលួយ ដោយបាន​កាត់​ប្រាក់ខែ បុគ្គលិក​ចំនួន​១៧​នាក់ ដែល​បាន​ចេញទៅ​ធ្វើការ​នៅក្រៅ​អង្គភាព ក៏ប៉ុន្តែ លោក ហុក បូ​ទី បាន​ច្រាន​ន​ចោល​នូវ​ការចោទប្រកាន់​ទាំងនេះ​ថា ជា​រឿង​មិន​ពិត​នោះទេ ។​


​រឿងនេះ​ត្រូវបាន​បែកធ្លាយ បន្ទាប់ពី​ព្រះរាជអាជ្ញារង អម​សាលាដំបូង ខេត្តស្វាយរៀង បាន​កោះហៅ លោក ហុក បូ​ទី ឲ្យ​ចូលមក​បំភ្លឺ​នៅ អយ្យការ នៅ​ថ្ងៃទី ០៣ ខែមេសា ឆ្នាំ​២០១៣ នៅវេលា​ម៉ោង ៨ ព្រឹក ពាក់ព័ន្ធ​ទៅនឹង បណ្ដឹង​របស់លោក អ៊ុន ហេង ប្រធានការិយាល័យ​រដ្ឋ​បាល​និង​កិច្ចការ​ទូទៅ របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង ដែល​បាន​ប្ដឹង ចោទប្រកាន់​ប្រធាន​របស់ខ្លួន​ថា បាន​ប្រព្រឹត្ត​អំពើពុករលួយ ដោយបាន​កាត់​ប្រាក់ខែ​បុគ្គលិក ចំនួន ១៧ នាក់ ដែល​បាន​ចេញទៅ​ធ្វើការ នៅក្រៅ​អង្គភាព ដោយ​គិត​ជា​ទឹកប្រាក់​អស់​ប្រមាណ​ជាង ៩០ លាន​រៀល។​


​ពាក់ព័ន្ធ​ទៅនឹង​ការកោះហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ ខេត្តស្វាយរៀង កាលពី​ថ្ងៃទី​០៣ ខែមេសា នេះ លោក ហុក បូ​ទី មិនបាន​ចូលខ្លួន ទៅ​ឆ្លើយបំភ្លឺ នៅមុខ​ព្រះរាជអាជ្ញា​នោះទេ ដោយ លោក សុំ​ពន្យារពេល ព្រោះ​លោក​មានធុរៈ​ផ្ទាល់ខ្លួន ។ លោក អ៊ុន ហេង  ដែលជា​ដើមបណ្ដឹង​បាន​ប្រាប់​ឲ្យ​ដឹងថា មូលហេតុ​ដែល​លោក ប្ដឹង​លោក​ប្រធាន​មន្ទីរ ព្រោះតែ​លោក​ប្រធាន​មន្ទីរ បាន​កាត់​ប្រាក់ខែ បុគ្គលិក​ចំនួន ១៧ នាក់ ដែល​បាន​ចេញទៅ​ធ្វើការ នៅតាម​អង្គការ ក្រៅ​រដ្ឋាភិបាល​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត ចាប់តាំងពី​ខែតុលា ឆ្នាំ​២០០៩ រហូតដល់​ឆ្នាំ​២០១១ បើ​គិត​ជា​ទឹកប្រាក់​គឺមាន​ចំនួន ៩៥៣៣៤០៣០ រៀល ។​

លោក អ៊ុន ហេង បាន​បន្តថា ក្រៅពី​ប្រព្រឹត្ត​អំពើពុករលួយ​ខាងលើ លោក​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ ក៏បាន​រំលោភ​លើ​សិទ្ធិ​ការងារ របស់លោក​ដែលជា​ប្រធាន ការិយាល័យ ហើយ​កន្លងមក លោក​ប្រធាន​មន្ទីរ បានធ្វើ​ការដកហូត​តំណែង​របស់លោក និង​លោក កែវ ផល្លា ប្រធានការិយាល័យ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ​ខេត្ត ដោយ​ការ​ស្ទាបស្ទង់​មតិ ក៏ប៉ុន្តែ​ការដកហូត​តំណែង​នេះ ត្រូវបាន​លោក​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ជា សុផារ៉ា បាន​អន្តរាគមន៍ រក្សា​តំណែង របស់លោក​ឲ្យ​នៅ​ដដែល ៕

5-April

 

Leave a Reply

(*) Required, Your email will not be published