លី ម៉ា​រី​ណា មិន​បារម្ភ​ពី​ការ​គំរាម​របស់​ជំទាវ​

, , Leave a comment

​ជុំវិញ​រឿងអាស្រូវ​ស្នេហា​ត្រីកោណ​របស់​តារា​សម្តែង​រូប​ស្រស់ លី ម៉ា​រី​ណា ដែល​បែកធ្លាយ​ថា នាង​មាន​ជម្លោះ​យ៉ាងខ្លាំង​ជាមួយនឹង​ជំទាវ​ជា​ប្រពន្ធ​មន្ត្រី​ពាក់​ផ្កាយ​លើ​ស្មា​ហើយ​ត្រូវ​ជំទាវ​នោះ​គំរាម​ដល់​អាយុជីវិត​នោះ កន្លងមក​នាង​មិនបាន​ចេញមុខ​បញ្ជាក់​ឡើយ ទើបតែ​នៅពេលនេះ លី ម៉ា​រី​ណា ដោយ​នាង​បាន​បញ្ជាក់ថា នាង​មិនមាន​ការព្រួយបារម្ភ​ពី​ការ​គំរាម​អាយុជីវិត​របស់​ជំទាវ​ណា​ឡើយ។ ខាងក្រោម​នេះ​ជាការ​បកស្រាយ​ចំពោះ​បញ្ហា​ទាំងឡាយ​ដែល​បានកើត​លើ​រូបនាង លី ម៉ា​រី​ណា​។​

 

ថ្ងៃនេះ​ខ្ញុំ​មក​ម្នាក់ឯង​ទេ​(​ចូលរួម​កម្មវិធី​រប​ស់​ផលិតកម្ម​) ប្តី​ខ្ញុំ​គាត់​អត់​បានមក​ទេ​ព្រោះ​ក្រោក​ព្រឹក​ពេក​។ នៅពេលដែល​គេ​ថា ខ្ញុំ​បាត់​ខ្លួន គេចខ្លួន​អី​នោះ គឺ​ខ្ញុំ​ទៅ​រស់នៅ​ជាមួយនឹង​ស្វាមី​នៅ​វ៉ាស៊ីនតោន​ស្តេត សហរដ្ឋអាមេរិក​តែ​ខ្ញុំ​អត់​មាន​ធ្វើ​ការងារ​អី​ផង​នៅ​ទីនោះ គ្រាន់តែ​នៅក្នុង​ផ្ទះ​អផ្សុក​ណាស់ ហើយ​ចេះតែ​ចង់​មក​ស្រុក​ខ្មែរ​វិញ​។​

 

ខ្ញុំ​រស់នៅ​ទីនោះ​មាន​បង​ប្អួ​ន​ច្រើន​គាត់​រាក់ទាក់ គ្រាន់តែ​ថា​ខ្ញុំ​នៅតែមាន​អារម្មណ៍​ថា អផ្សុក​ព្រោះ​នៅតែ​ក្នុងផ្ទះ ខុស​កាលពី​យើង​នៅ​ស្រុក​ខ្មែរ​រវល់​ពីមួយ​អាទិត្យ​ទៅមួយ​អាទិត្យ​ហើយ​ទៅដល់​ណោះ​នៅតែ​ក្នុងផ្ទះ​អត់​ការងារ​ធ្វើ​ដូចជា​នៅតែ​ម្នាក់ឯង​ឯកោ​ណាស់ ដល់​អ៊ីចឹង​មាន​អារម្មណ៍​ថា បន់​ឲ្យ​តែ​ដល់​ថ្ងៃ​មក​ស្រុក​ខ្មែរ​។​

 

កន្លងមក​មានរឿង​ថា ខ្ញុំ​មាន​ចំណងស្នេហា​ត្រីកោណ​ជាមួយនឹង​មន្ត្រី​ពាក់​ផ្កាយ​លើ​ស្មា​មាន​ជម្លោះ​យ៉ាងខ្លាំង​ជាមួយ​ជំទាវ​ធំ​ជា​ប្រពន្ធ ប៉ុន្តែ​រឿង​នោះ​ខ្ញុំ​ហាក់ដូចជា​មិនបាន​ចាប់អារម្មណ៍​ទេ ព្រោះ​ខ្ញុំ​រស់នៅ​ទីនោះ​(​អាមេរិក​) ខ្ញុំ​អត់​សូវ​បានដឹង​ពី​ព័ត៌មាន​ស្រុក​ខ្មែរ​ទេ គ្រាន់តែ​បានដឹង​ល្ហៀ​ងៗ​ពី​គ្រួសារ​មិត្តភក្តិ​ដែរ ប៉ុន្តែ​ខ្ញុំ​មិនសូវមាន​ការចាប់អារម្មណ៍​ទេ ព្រោះ​ខ្ញុំ​បាន​ទៅ​រស់នៅ​ទីនោះ​ជាមួយនឹង​ស្វាមី​ហើយ ខ្ញុំ​គិតថា សំខាន់​លើ​ខ្លួន​យើង ខ្លួន​យើង​ប្រាកដថា យើង​កំពុង​រស់នៅ​ជាមួយ​អ្នកណា​។​

 

កន្លងមក​មាន​គេ​និយាយថា ជំទាវ​ធំ​ដែល​ពោរពេញ​ដោយ​អំណាច​ម្នាក់​តាម​គំរាមកំហែង​អាយុជីវិត​ខ្ញុំ​តែ​សម្រាប់​ខ្ញុំ​ដូចជា​មិនមាន​ទេ​ព្រោះ​កន្លងមក​ខ្ញុំ​ដើរហើរ​តែម្នាក់ឯង​បើ​មាន​មែន​ប្រហែលជា​ខ្ញុំ​ភ័យខ្លាច​ខ្លាំង​ហើយ តែ​អានេះ​វា​អត់​មាន​ហើយ​យើង​ក៏​មិនមាន​ការភ័យខ្លាច​ដែរ ព្រោះ​វា​គ្មាន​ការពិត​។​

 

កាលដែល​ខ្ញុំ​មក​ស្រុក​ខ្មែរ​ជាមួយនឹង​ស្វា​មីនេះ គឺ​មកលេង​ផង ហើយ​មានបំណង​មួយ​ចង់​មើល​ពី​ការរកស៊ី​នៅ​ស្រុក​ខ្មែរ​ផង​ហើយ​បើ​មាន​[​កន្លែង​រកស៊ី​]​មែន​ខ្ញុំ​ចង់​មករក​ស៊ី​និង​រស់នៅ​ស្រុក​ខ្មែរ​វិញ ដោយ​យើង​ទៅមកៗ​ប្រហែលជា​ខ្ញុំ​អត់​រស់នៅ​អាមេរិក​រហូត​ទេ​។ មុននេះ​មាន​គេ​ថា ខ្ញុំ​ប្រុង​បើក​កន្លែង​រកស៊ី​នាំចូល​ផលិតផល​ដ៏​ធំ​មួយ​នោះ តែ​ខ្ញុំ​សុំ​បញ្ជាក់ថា ខ្ញុំ​អត់​ទាន់​មាន​គម្រោង​រកស៊ី​អ្វី​នៅឡើយ​ទេ​។ ឥឡូវនេះ​យើង​កំពុង​រក​កន្លែង រក​ទីតាំង​សិន បើសិនជា​អាច អាច​ទៅមុខ​រួច​ស្វាមី​ខ្ញុំ​នឹង​រៀបចំ​ឲ្យ​ខ្ញុំ​រកស៊ី​នៅ​ស្រុក​ខ្មែរ ហើយ​ស្វាមី​ខ្ញុំ​គាត់​នឹង​ឡើង​ចុះ​ខ្មែរ​អាមេរិក​។​

 

ដោយឡែក​គេ​ថា រូបខ្ញុំ​មាន​ផ្ទៃពោះ​អី​នោះ​គឺ​អត់​មាន​ផង ហើយ​សម្រាប់​ខ្ញុំ​ក៏​មិនទាន់មាន​គម្រោង​យក​កូន​ដែរ​នៅពេលនេះ ព្រោះ​ពួក​ខ្ញុំ​ត្រូវ​ការឡើង​ចុះៗ​ទៅមកៗ​អាមេរិក​ខ្មែរ​។​ ចំណែកឯ ជីវិត​សិល្បៈ​ដែល​ខ្ញុំ​ប្រើពេល​ជាច្រើន​ឆ្នាំ​ទម្រាំ​តែ​បាន​ប្រជាប្រិយ​ភាពខ្លាំង​នោះ​ខ្ញុំ​នឹងមិន​បន្ត​អាជីព​នោះ​ទៀត​ទេ ហើយក៏​មាន​គេ​ហៅ​ខ្ញុំ​ទៅ​សម្តែង និង​ធ្វើជា​ពិធី​ការិនី​ដែរ តែ​ខ្ញុំ​ចេះតែ​បដិសេធ​ព្រោះតែ​ស្វាមី​ខ្ញុំ​គាត់​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​បន្តទៀត​ប្រសិនបើ​គាត់​អនុញ្ញាត​នោះ​ខ្ញុំ​ក៏​នៅតែ​បន្ត​ដែរ​។​ខ្ញុំ​ពិតជា​មានការ​សោកស្តាយ​ណាស់​បង​! ព្រោះ​សិល្បៈ​ជា​បំណងប្រាថ្នា​របស់ខ្ញុំ​តាំងពី​តូច​មក ខ្ញុំ​ស្រឡាញ់​បំផុត តែ​មកដល់​វ័យ​នេះ ខ្ញុំ​ត្រូវ​គិតពី​បញ្ហា​សុភមង្គល​ក្នុង​គ្រួសារ បញ្ហា​គូស្រករ​ឲ្យ​បាន​រឹងមាំ​សិន ហើយ​ឥឡូវនេះ​ក៏មាន​ក្មេងៗ​ជាច្រើន​គេ​ស្នង​ដែរ​។​

 

កន្លងមក​មាន​ស្ត្រី​ម្នាក់​ជេរប្រមាថ​ខ្ញុំ​សព្វបែបយ៉ាង តែ​ខ្ញុំ​ក៏​មិន​បានដឹង​ដែរ​ថា ស្ត្រី​អនាមិក​ហ្នឹង​ជា​អ្នកណា​គេ ហើយ​គាត់​ប្រើពាក្យ​អសុរោះ​បែបនេះ ខ្ញុំ​គិតថា អានេះ​តាម​ខ្ញុំ​គិត​ទេ​ណា បើ​ស្ត្រី​ម្នាក់​នោះ​ពិតជា​អ្នកមាន​មុខមាត់​នៅក្នុង​សង្គម​មែន​ប្រហែលជា​គេ​មិន​ប្រើពាក្យ​អសុរោះ​ទៅ​ប្រជាជន​មហាជន​អ៊ីចឹង​ទេ ប្រហែលជា​ម្នាក់​ហ្នឹង​មិនធំ​ដុំ​អី​ដូច​មហាជន​គិត​ទេ ខ្ញុំ​គិតថា អ៊ីចឹង​។​

 

នៅពេល​មានរឿង​បែបនេះ​កើតឡើង​ចំពោះ​ខ្ញុំ​ស្វាមី​របស់ខ្ញុំ​គាត់​ក៏មាន​ភាព​ភ្ញាក់ផ្អើល​ដែរ ហើយ​គាត់​បាន​និយាយ​ជាមួយ​ខ្ញុំ​ថា តើ​ហេតុ​អី​ក៏​មានរឿង​បែប​ហ្នឹង​កើតឡើង​ចំពោះ​ខ្ញុំ មានរឿង​រញ៉េរញ៉ៃ​អ៊ីចឹង ហើយ​អ្នកធ្វើការងារ​ជាមួយ​គាត់​ក៏បាន​សួរ​គាត់​ដែរ តែ​គាត់​ប្រាប់​វិញ​ថា មិនមាន​រឿង​បែប​ហ្នឹង​ទេ​តែ​មិនដឹងថា អ្នកណាម្នាក់​ធ្វើ​រឿង​បែប​នោះ​ឡើង​ដើម្បី​ឲ្យ​ប្តី​ខ្ញុំ​អន់ចិត្ត​ទេ​។ តាមពិតទៅ ប្តី​ខ្ញុំ​គាត់​ក៏មាន​ការ​អន់ចិត្ត​ខ្លះ​ដែរ ព្រោះ​កាសែត​មួយចំនួន​គាត់​សរសេរ​ប្រើពាក្យ​អសុរោះ​ច្រើនពេក​។​

 

ដោយឡែក​នៅពេល​ផ្ទុះ​រឿង​បែប​នោះ ខ្ញុំ​ក៏​មិនមាន​ការភ័យព្រួយ​រឿង​សុវត្ថិភាព​អី​នោះដែរ ព្រោះ​ពេលនោះ​ខ្ញុំ​កំពុង​រស់នៅ​អាមេរិក​ហើយ​ឥឡូវនេះ​ក៏​អត់​មាន​ភ័យព្រួយ​អី​ដែរ ព្រោះ​ខ្ញុំ​អត់​មាន​សត្រូវ​ជាមួយ​អ្នកណា​ផង អត់​បាន​ឈ្លោះ​ជាមួយ​អ្នកណា អត់​បានធ្វើ​អី​ខុស​ផង ដូច្នេះ​អត់​មានការ​ភ័យខ្លាច​ទេ ហើយ​កន្លងមក​ខ្ញុំ​មិនបាន​ចេញមុខ​បកស្រាយ​នោះ ព្រោះ​ខ្ញុំ​មិនសូវ​បានដឹង​ពី​ព័ត៌មាន​ទាំងនោះ ខ្ញុំ​តែង​នៅក្នុង​ផ្ទះ ហើយ​ម្តាយ​ខ្ញុំ​ក៏បាន Call ប្រាប់​ដែរ​កាលពី​ដំបូង​តែ​ខ្ញុំ​ប្រាប់ថា ម៉ាក់​កុំទៅ​ជឿ​យកចិត្តទុកដាក់​អី ព្រោះ​សិល្បៈ​តែងមាន​ល្អ និង​អាក្រក់​អ៊ីចឹង​ហើយ​។ រីឯ​រឿង​ថា ខ្ញុំ​លក់​ផ្ទះ​អី​នោះ​គឺ​អត់​ទេ ព្រោះ​ខ្ញុំ​កំពុង​រស់នៅ​រាល់ថ្ងៃ ក្រោយ​ត្រឡប់​មកពី​អាមេរិក​វិញ​៕​

130403_20

 

Leave a Reply

(*) Required, Your email will not be published