រតនៈ ពិសី កំពុងស្វែងយល់ស្នេហាឆ្លងទ្វីប

, , Leave a comment

រាជធានី​ភ្នំពេញ៖ តារាចម្រៀង​ស្រី​វ័យក្មេង កញ្ញា រតនៈ ពិសី បើទោះបីជា​ពេលនេះ នាង​នៅ​មិនទាន់មាន​ទ្រនំ​ផលិតកម្ម​ច្រៀង​នៅឡើយ ប៉ុន្តែ​កេរ្តិ៍ឈ្មោះ​របស់​នាង​ត្រូវបាន​មហាជន​មួយចំនួន​កោតសរសើរ​ពី​ទឹកដម​ សម្លេង​ដ៏​ក្រអួន មិន​ចាញ់​តារាចម្រៀង​អាជីព​ប៉ុន្មាន​ឡើយ។ ថ្មីៗនេះ នាង​បាន​បង្ហើប​ឲ្យ​ដឹង​ពី​ជីវិត​ឯកជន​របស់​នាង​ថា សព្វថ្ងៃ​នាង​មាន​សង្សារ​ម្នាក់​រស់នៅ​ប្រទេស​បាំង ដែល​ស្គាល់គ្នា​រយៈពេល២ឆ្នាំ​មកហើយ។ ទោះយ៉ាងណា ស្រី​ស្រស់​រូបនេះ​បញ្ជាក់ថា នាង​នៅ​មិនទាន់​សម្រេចចិត្តថា​យ៉ាងណា​នោះទេ ដ្បិតអី​ត្រូវ​សង្កេតមើល​ចិត្ត​បុរស​នោះ​បន្តទៀត ខណៈដែល​រយៈពេល​កន្លងមក ទើបតែ​បាន​ជួប​មុខ​គ្នា​ម្តង​ប៉ុណ្ណោះ។

ជាមួយនឹង​រូបសម្បត្តិ​ដ៏​ស្រស់​ផូរផង់ ប្រៀបបាន​នឹង​បុប្ផា​កំពុង​ក្រពុំ ចោល​ក្លិនពិដោរ​ឈ្ងុយ​ឈ្ងប់​នោះ បានធ្វើ​ឲ្យ​ផ្កា​មួយទង​ដែល​កំពុង​រីក​លើ​សួន​សិល្បៈ​រូបនេះ ត្រូវ​កន្លង់​ជាច្រើន​ចោមរោម​បំណង​ក្រេប​រស​ពិដោរ។ ប៉ុន្តែ​ទោះជា​យ៉ាងណា ផ្កា​មួយទង​នេះ បានផ្តល់​អាទិភាព​ទៅ​ឲ្យ​កន្លង់​ឆ្លង​ទ្វីប​រស់នៅ​ឯនាយសមុទ្រ​ឯណោះ​ទៅវិញ ខណៈដែល​ទំនាក់ទំនង​ផ្លូវ​ស្នេហា​នេះ កំពុងតែ​ស្វែងយល់​ចិត្ត​គ្នា​ជាង​មួយឆ្នាំ​មកហើយ។

 

តារាចម្រៀង​វ័យក្មេង កញ្ញា រតនៈ ពិសី បាន​បង្ហើប​ប្រាប់​ពី​ជិវិត​ផ្ទាល់ខ្លួន​របស់​នាង ឲ្យ ann ដឹងថា សព្វថ្ងៃ នាង​មាន​ម្ចាស់​ចិត្ត​ហើយ ដែល​បាន​ស្គាល់គ្នា​រយៈពេល​ជិត​ពីរ​ឆ្នាំ និង​ជា​អនិកជន​ខ្មែរ​រស់នៅ​ប្រទេស​បារាំង ប៉ុន្តែ​ស្ថិតនៅ​ក្នុងការ​ស្ទាបស្ទង់​ចិត្ត​គ្នា​នៅឡើយ។ ពិសី និយាយ​ទាំង​អឹមអៀន​ថា “ខ្ញុំ​ស្គាល់​គាត់​ជិត​ពីរ​ឆ្នាំ​មកហើយ តាមរយៈ​មិត្តភក្តិ​ណែនាំ ពួកយើង​ទើបតែ​បាន​ជួប​មុខ​គ្នា​ម្តងគត់ កាលដែល​គាត់​មកលេង​ស្រុក​ខ្មែរ​កាលពី​ឆ្នាំមុន។

 

ពិសី បញ្ជាក់​បន្ថែមថា សង្សារ​របស់​នាង​ទើបតែ​មាន​វ័យ២៧ ឆ្នាំ​ប៉ុណ្ណោះ មាន​តួនាទី​ជា​មន្ត្រី​ផង និង​ជា​អ្នក​ប្រកបមុខរបរ​ជួញដូរ​ផង។ សព្វថ្ងៃនេះ នាង និង​សង្សារ​នៅ​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​យ៉ាង​ផ្អែមល្ហែម។ ប៉ុន្តែ ទោះជា​យ៉ាងណា ពិសី និយាយថា នាង​នៅ​មិនទាន់​អាច​កំណត់​បាន​ថា ត្រូវ​រៀបការ​ពេលណា​នោះទេ ដ្បិតអី​នៅ​ស្វែងយល់ និង​សង្កេត​មើលចិត្ត​គ្នា​ទៅវិញ ទៅមក​នៅឡើយ ខណៈដែល​ប៉ា​ម៉ាក់​នាង​ក៏​មិន​ទាស់​អ្វី​ដែរ គឺ​គាត់​ចាំតែ​សម្រេចចិត្ត​តាម​នាង​ប៉ុណ្ណោះ។

 

ក្នុង​វ័យ២០ ឆ្នាំ តារាចម្រៀង​ដែល​កំពុង​រះ​រូបនេះ ធ្លាប់បាន​ចូលរួម​សម្តែង​ខ្សែ​វីដេអូ​ខ្លី ប្រភេទ​អប់រំ​ឲ្យ​អង្គការ​ចំនួន២រឿង​មកហើយ គឺ​អង្គការ PSI មួយ​រឿង និង​អង្គការ ឆេ​ម មួយ​រឿង​ផងដែរ និង​បាន​សម្តែង​ចម្រៀង​ខារ៉ាអូខេ​ឲ្យ​ផលិតកម្ម សាន់​ដេ មួយចំនួនទៀត។

 

កញ្ញា រតនៈ ពិសី បាន​ឈាន​ជើង​ចូល​សិល្បៈ​នៅ​ឆ្នាំ២០១០ នាង​មាន​ស្រុកកំណើត​នៅ​រាជធានី​ភ្នំពេញ។ មាន​បងប្អូន៦នាក់ ស្រី៥ ប្រុស១ នាង​ជា​កូនពៅ ខណៈដែលបងៗបាន​រៀបការ​មានគ្រួសារ​អស់ហើយ។ ពិសី បានបញ្ចប់​ការសិក្សា​ត្រឹម​ថ្នាក់​ទី១១ នៅ​វិទ្យាល័យ​សន្ធរម៉ុក៕

 

 

 

 

Leave a Reply

(*) Required, Your email will not be published