សាលា​រាជធានី​ភ្នំពេញ បំផុស​ចលនា​ប្រជាពលរដ្ឋ ឱ្យ​ចូលរួម​លេងល្បែង​ប្រជាប្រិយ នៅ​រមណីយដ្ឋាន​វត្តភ្នំ​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ យោងតាម​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី ភ្នំពេញ ចុះ​ថ្ងៃទី​២៥ មីនា ២០១៣ ដែល​ចុះហត្ថលេខា​ដោយ​លោក​កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញបានឱ្យដឹងថាដើម្បីឱ្យ​ការ​ប្រារព្ធ​ពិធីបុណ្យ ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ប្រ ព្រឹ​ត្ត​ទៅក្នុង​ភាព​អធិកអធម និង​សប្បាយរីករាយ សម​ស្របតាម​ប្រពៃណី​ដ៏​ថ្លៃថ្លា​របស់​ជាតិ និង​ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព សាលា​រាជធានី​ភ្នំពេញ​សូម​ធ្វើ​ការណែនាំ​ដូចខាងក្រោម ៖

 

-​គ្រប់​មន្ទីរ​អង្គភាព​រដ្ឋ និង​ឯកជន នៅក្នុង​រាជធានី​ភ្នំពេញ រួមទាំង​វត្ត​អារាម សាលារៀន រោងចក្រ សហគ្រាស និង​គ្រប់​គេហដ្ឋាន ត្រូវ​រៀបចំ​សម្អាត តុបតែង​លម្អ​ភ្លើងពណ៌ ដាក់​បដា ពាក្យស្លោក ទង់ជាតិ ទង់ជ្វាលា និង​រៀបចំ​គ្រឿង​សក្ការបូជា មាន​ទៀន ធូប ផ្កា​ភ្ញី និង​រៀបចំ​ពលីការ​ដ៏​សមរម្យ មាន​នំចំណី ផ្លែឈើ​ជាដើម ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃទី​១៤,១៥,១៦ មេសា ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​នេះ ។​

 

-​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ ត្រូវ​រៀបចំ​ចង​បដា ទង់ជាតិ ទង់ជ្វាលា តាម​ដងផ្លូវ និង​ទីសាធារណៈ ដោយ​សហការ​ជាមួយ​មន្ទីរអប់រំ​យុវជន និង​កីឡា​រាជធានី​ភ្នំពេញ រៀបចំ​កម្មវិធី​សំដែង​សិល្បៈ​ជូន​ប្រជាពលរដ្ឋ​ទស្សនា​កម្សាន្ត និង​បំផុស​ចលនា​ប្រជាពលរដ្ឋ​លេងល្បែង​ប្រជាប្រិយ​ឱ្យបាន​ផុលផុស​នៅ តាម​ទីសាធារណៈ ជាពិសេស​នៅ​រមណីយដ្ឋាន​វត្តភ្នំ ។​

 

-​មន្ទីរ​ព័ត៌មាន វិទ្យុ និង​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ ត្រូវ​ចុះ​យក​ព័ត៌មាន និង​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ ។​

 

-​មន្ទីរ ធម្មការ និង​សាសនា ត្រូវធ្វើ​ការណែនាំ​ដល់​គ្រប់​វត្ត​អារាម ឱ្យ​រៀបចំ​ពិធី​សាសនា​តាម​វត្ត​នីមួយៗ​ឱ្យបាន​សមរម្យ​តាម​ប្រពៃណី និង​សាសនា ។​


-​មន្ទីរអប់រំ​យុវជន និង​កីឡា ត្រូវ​បំផុស​ចលនា​ប្រជាពលរដ្ឋ ឱ្យ​ចូលរួម​លេងល្បែង​ប្រជាប្រិយ​ដូចជា ឡើង​សសរ​ខ្លាញ់ ទាញព្រ័ត្រ លោត​បាវ និង​វាយ​ឆ្នាំង​ជាដើម នៅ​រមណីយដ្ឋាន​វត្តភ្នំ​។


​សេចក្តីជូនដំណឹង​នោះ បាន​ណែនាំ​ដល់​អាជ្ញាធរ​សង្កាត់​-​ខណ្ឌ ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និង​សុវត្ថិភាព​តាម​មូលដ្ឋាន​របស់ខ្លួន និង​ណែនាំ​ប្រជាពលរដ្ឋ​ឱ្យមាន​ការប្រុងប្រយ័ត្ន ក្នុង​ការដុត​ទៀន ធូប ភ្លើងចង្កៀង ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ឬ​ប្រើប្រាស់​គ្រឿង​ឆេះ​ផ្សេងៗ ដែល​អាច​នាំឱ្យ​កើតមាន​គ្រោះ​អគ្គិភ័យ​ជាយថាហេតុ ត្រូវ​សហការ​ជាមួយ​មន្ទីរ​ធម្មការ និង​គណៈកម្មការ​អាចា​រ្យ​វត្ត បង្កលក្ខណៈ​សម្បត្តិ​ជូន​ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ បាន​បំពេញ​កុសល​តាម​សទ្ធា​ជ្រះថ្លា និង​រៀបចំ​ពិធី​តាម​ទំនៀមទម្លាប់​ប្រពៃណី និង​សាសនា ។​


​សាលា​រាជធានី​ភ្នំពេញ ក៏បាន​ហាម​ប្រជាពលរដ្ឋ​មិនឱ្យ​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ ដុត​ផាវ ឬ​បង្ក​សំឡេង​ផ្ទុះ លេង​កាំភ្លើង​បាញ់​ទឹក ប៉ាត​ម្សៅ លាប​ធ្យូង ជះ​ទឹក ជះ​ទឹក​កខ្វក់ ទឹក​មាន​ពណ៌ គប់​ស្បោង​ទឹក វាយ​ដោយ​រំពាត់​ដល់​អ្នកដំណើរ និង​ហាម​មិនឱ្យ​នាំចូល ចែកចាយ លក់​កាំភ្លើង​បាញ់​ទឹក ផាវ​ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ ។ ត្រូវ​បំផុស​ឱ្យមាន​ការតុបតែង​លម្អ​ភ្លើងពណ៌​តាម​ដើមឈើ​ឱ្យបាន​ព្រោង ព្រាត នៅមុខ​ទីស្នាក់ការ​របស់​មន្ទីរ​អង្គភាព​រដ្ឋ ឯកជន និង​គ្រប់​គេហដ្ឋាន ។​


-​មន្ទីរ​សុខាភិបាល ត្រូវ​ត្រៀម​ក្រុមគ្រូពេទ្យ និង​រថយន្ត​សង្គ្រោះបន្ទាន់ នៅពេល​មាន​ករណី​ចាំបាច់ ។​


-​មន្ទីរ សាធារណការ​និង​ដឹកជញ្ជូន ត្រូវ​រៀបចំ​តុបតែង​លម្អ​ភ្លើង​បំភ្លឺ​តាម​សួនច្បារ និង​តាម​ដងផ្លូវ​ឱ្យបាន​ព្រោងព្រាត រៀបចំ​បង្គន់​អនាម័យ​ចល័ត​នៅ​រមណីយដ្ឋាន​វត្តភ្នំ​ចំនួន​៥​បង្គន់ ។​


-​ស្នង ការដ្ឋាន​នគរបាល បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​បញ្ជាការដ្ឋាន​យោធភូមិភាគ​ពិសេស ត្រូវ​កសាង និង​អនុវត្ត​ផែនការ​ការពារ សន្តិសុខ សុវត្ថិភាព របៀបរៀបរយ និង​សណ្តាប់ធ្នាប់​សង្គម​ឱ្យបាន​ល្អ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នេះ​ដោយ​ភាព សប្បាយរីករាយ​នៅ​គ្រប់​ទីកន្លែង ។​


​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ត្រូវ​រៀបចំ​កម្មវិធី​ថ្នាក់ដឹកនាំ​សាលា​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ​អ្នកមាន​ជំងឺ របួស កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នានា អ្នក​ពិការ កុមារកំព្រា​នៅតាម​មណ្ឌល បងប្អូន​ក្រីក្រ​កំពុង​ខ្វះខាត​ខ្លាំង និង​ចាស់ព្រឹទ្ធាចារ្យ​ឥត​ទីពឹង ដើម្បី​ជាការ​លើកទឹកចិត្ត និង​បង្កើន​ស្មារតី​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​គ្រា​មានទុក្ខ​លំបាក ក៏ដូចជា​ក្នុងឱកាស​សប្បាយរីករាយ​ផងដែរ​៕

4-apirl (2) 4-apirl (1)

 

Leave a Reply

(*) Required, Your email will not be published