រាជធានីភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ស្រវឹងស្រាជិះម៉ូតូឌុបស្រីក្មេងទៅបុកម៉ូតូគុប ជ្រុងបណ្តាលឲ្យបុរសចំណាស់រយះថ្ងាស ស្ត្រីវ័យក្មេងរបួសជើងត្រូវបុរសម្នាក់ឌុបចេញទៅបាត់។ហេតុការណ៍នេះកើតឡើងពីម៉ោង២៣និង២០នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ នៅចំណុចស្តុបទីក្រុងបៃតង តាមផ្លូវលេខ១៨២ប្រសព្វនិងផ្លូវលេខ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាបុរសវ័យចំណាស់នោះមានឈ្មោះ ប៉ែន ចាន់តារា អាយុ៥០ឆ្នាំ ជានាយទាហាន ស្នាក់នៅផ្ទះលេខ៣៥ ផ្លូវលេខ២១៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។ មុនពេលកើតហេតុបុរសវ័យចំណាស់ខាងលើនេះ បានជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ឌុបស្រីក្មេងម្នាក់ តាមផ្លូវលេខ១៨២ ពីកើតទៅលិចលុះមកដល់ស្តុបទីក្រុងបៃតងបានបត់ឆ្វេងតាមផ្លូវ លេខ២៦១ ហើយបានទៅបុកម៉ូតូគុបជ្រុងពណ៌ស្លែ បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាតាមផ្លូវលេខ១៨២ បណ្តាលឲ្យអ្នកបើកម៉ូតូគុបជ្រុងរង របួសធ្ងន់ ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិក ឯកជន ។
ក្រោយពេលកើតហេតុជនរងគ្រោះបានទូរស័ព្ទប្រាប់ប្រពន្ធថាមាន គ្រោះថ្នាក់ចរាចរណ៍នៅ ចំណុចខាងលើ ។ ខណៈស្ត្រីជាប្រពន្ធមកដល់ភ្លាមមិនបានដឹងថា បុរសជាប្តីឌុប ស្រីក្មេងទេ ប៉ុន្តែមានអ្នកឃើញហេតុការណ៍ប្រាប់ថាអម្បាញ់មិញបុរសវ័យចំណាស់ ម្នាក់នេះឌុប ស្រីក្មេងម្នាក់មកជាមួយធ្វើឲ្យស្ត្រីជាប្រពន្ធខឹងពេកទប់កំហឹង មិនបានទះកំផ្លៀងបុរសជាប្តី មួយដៃ ប៉ុន្តែត្រូវសមត្ថកិច្ចឃាត់កុំឲ្យប្រើអំពើហិង្សាតាមផ្លូវសាធារណៈ ។ បច្ចុប្បន្ន ម៉ូតូទាំងពីរគ្រឿងត្រូវសមត្ថកិច្ចធ្វើការវាស់វែងរួចយកទៅធ្វើការ ដោះស្រាយនៅអធិការដ្ឋានខណ្ឌទួលគោករង់ចាំការដោះស្រាយនៅពេលក្រោយ ៕