បុរស៣នាក់​ជិះ​ម៉ូតូឌុប​គ្នា​ឆ្លងថ្នល់ ត្រូវ​រថយន្តបុក​ស្លាប់​ម្នាក់ របួសធ្ងន់២នាក់

, , Leave a comment

រាជធានី​ភ្នំពេញ៖ បុរស៣នាក់​ជិះ​ម៉ូតូឌុប​គ្នា​ឆ្លងផ្លូវ ត្រូវ​រថយន្តបុក​ស្លាប់​ម្នាក់​នៅនឹងកន្លែង ឯ២នាក់​ទៀត​រងរបួស​ធ្ងន់ កាលពី​ម៉ោង០និង៣០នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី២៧ខែមីនា ឆ្នាំ២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ២ ក្នុងភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ។

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត​ឡិច​ស៊ី​ស ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2P-9539 បើកបរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ២ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ចំណែក​ម៉ូតូ​ឃ្លី​ក ពណ៌​ទឹកក្រូច​លាយ​ខ្មៅ ជិះ​គ្នា៣នាក់ ចេញពី​ផ្លូវ​បេតុង ពី​លិចទៅ​កើត ឆ្លងកាត់​ផ្លូវត្រូវ​រថយន្តបុក​ផ្លោង​អូស​ជិត១០០ម៉ែត្រ នាំយក​អ្នកជិះ​ម៉ូតូ២នាក់​ទៅជា​មួយ ចំណែក​ម្នាក់ទៀត​ខ្ទាត​ទៅ​ចិញ្ចើមផ្លូវ​ខាងស្តាំ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ភ្លាមៗ ឯ២នាក់​ទៀត​របួសធ្ងន់។ ក្រោយពី​បុក​ភ្លាម រថយន្ត​បង្ក​បាន​បើក​រត់គេច​បាត់ តែ​ជ្រុះ​ស្លាក​លេខ​នៅ​កន្លែងកើតហេតុ។

ក្នុងចំណោម​ជនរងគ្រោះ៣នាក់ ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដែលមាន​កាត​ធ្វើការ​នៅជាប់​នឹង​ខ្លួន គឺ​ឈ្មោះ រស់ ចំរើន ភេទ​ប្រុស ជា​មេកា​ថ្នាំ​បៀក នៅ​បុរី​ប៉េង​ហួត អត្តលេខ១១០៧១ របួសធ្ងន់ បញ្ជូន​តាម​រថយន្ត​ស​ង្ក្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។ ចំណែក រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន ដឹក​ជនរងគ្រោះ​ម្នាក់​យកទៅ​ព្យាបាល ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខឹង​យក​ក្បាំង​ម៉ូតូ​គប់​លើ​កញ្ចក់​រថយន្ត ដោយសារ​មិន​ព្រម​ដឹក​ជនរងគ្រោះ​ម្នាក់ទៀត​យកទៅ​ជាមួយ​ដែរ។

ក្រោយពេល​កើតហេតុ សព​ជនរងគ្រោះ​សមត្ថកិច្ច​ដឹកយក​ទៅ​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃ ចំណែក​ស្លាក​លេខ​រថយន្ត និង​ម៉ូតូ​ដែល​ខូចខាត​ទាំងស្រុង ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក៕

 

Leave a Reply

(*) Required, Your email will not be published