Hodgson ​ថា​ឱកាស​លេខ​១​ពូល​ H នៅ​តែ​ស្ថិត​ក្នុង​ដៃ​អង់គ្លេស

, , Leave a comment

គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ លោក​ Roy Hodgson ​នៅ​តែ​មាន​ជំនឿ​ថា​តំណែង​លេខ​១​ពូល H ​ដែល​មាន​សិទ្ធិ​ឡើង​ទៅ​លេង​ World Cup 2014 ​ជុំ​ផ្ដាច់ព្រ័ត្រ​នៅ​ប្រេស៊ីល​នោះ នៅ​តែ​ស្ថិត​ក្នុង​ដៃ​របស់​អង់គ្លេស។​

ការ​ប្រកួត​នៅ​រដ្ឋធានី​ Podgorica យប់​មិញ ​ខ្សែ​ប្រយុទ្ធ​ Wayne Rooney ​ខំ​តែត​បញ្ចូល​ទី​ឱ្យ​អង់គ្លេស​នាំ​មុខ​មុន​តាំង​ពី​នាទី​ទី​៦ ប៉ុន្តែ​នៅ​សល់​១៤​នាទី​ចុង​ក្រោយ​នៃ​តង់​ទី​២ ម៉ុងតេណេក្រូ ស៊ុត​តាម​ស្មើ​១-១​វិញ ធ្វើ​ឱ្យ​លោក​ Hodgson ​ខកចិត្ត​យ៉ាង​ខ្លាំង។​

យ៉ាង​ណា​ក្ដី គ្រូ​បង្វឹក​វ័យ​៦៥​ឆ្នាំ​រូប​នេះ​នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា​អង់គ្លេស​អាច​ បញ្ចប់​ការ​ជម្រុះ​ពូល​ H ​ក្នុង​ចំណាត់​ថ្នាក់​ទី​១​ដដែល​ បើ​ទោះ​ជា​បច្ចុប្បន្ន​កំពុង​តាម​ពី​ក្រោយ​ ម៉ុងតេណេក្រូ ​២​ពិន្ទុ​ក៏​ដោយ ព្រោះ​ថា​៤​ប្រកួត​ដែល​នៅ​សល់​ មាន​៣​ទៅ​ហើយ​ដែល​ត្រូវ​លេង​នៅ​ទឹកដី​របស់​អង់គ្លេស ខណៈ​មួយ​ប្រកួត​ទៀត​ត្រូវ​លេង​នៅ​ទឹកដី ​អ៊ុយក្រែន។​

គ្រូ ​បង្វឹក​ដែល​ធ្លាប់​បង្វឹក​ក្លិប​១៥​ផ្សេង​គ្នា ពោល​ថា​៖ “ខ្ញុំ​ខក​ចិត្ត​ណាស់​ដែល​​នៅ​តង់​ទី​២​យើង​មិន​អាច​រក្សា​ទម្រង់​ដ៏​ល្អ​ ដូច​តង់​ទី​១​បាន។ ខ្ញុំ​ខក​ចិត្ត​ដែល​យើង​រក​បាន​តែ​មួយ​ពិន្ទុ​នៅ​ក្រៅ​ផ្ទះ តែ​ដូច​ខ្ញុំ​ធ្លាប់​និយាយ​រួច​ហើយ​ថា​​វា​នឹង​ពិបាក​ក្នុង​ការ​លេង​នៅ​ ទឹកដី ​ម៉ុងតេណេក្រូ។ យើង​ដឹង​ថា​វា​មិន​ងាយ​ស្រួល​ឡើយ​ក្នុង​ការ​រក​ជ័យជម្នះ​នៅ​ទីនេះ ដូច្នេះ​យើង​គួរ​ទទួល​យក​ការពិត។ យើង​ត្រូវ​សរសើរ​ ម៉ុងតេណេក្រូ ពួក​គេ​លេង​បាន​ល្អ​ណាស់​នៅ​តង់​ទី​២ ស្រប​ពេល​ដែល​ពួក​គេ​មាន​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់​​ស្រែក​លើក​ទឹកចិត្ត​ ពួកគេ​ជា​និច្ច​ក្នុង​កីឡដ្ឋាន​”។

លោក Roy Hodgson (ឆ្វេង) លើក​ដៃ​​គោរព​ចំពោះ​អ្នក​គាំទ្រ​អង់គ្លេស​ដែល​ខំ​​ធ្វើ​ដំណើរ​មកគាំទ្រ​​ដល់​ម៉ុងតេណេក្រូ

ផ្ទុយ​មក​វិញ ​អតីត​គ្រូ​បង្វឹក​ក្រុម​ ជម្រើស​ជាតិ​ ស្វីស អារ៉ាប់រួម និង ហ្វាំងឡង់ ដដែល​នេះ​បន្ត​យ៉ាង​វិជ្ជមាន​ថា​៖ “យើង​មាន​ឱកាស​ល្អ​នៅ​ពេល​ខាង​មុខ​នេះ យើង​នៅ​តែ​មាន​​សង្ឃឹម​គ្រង​លេខ​១​ក្នុង​ពូល​ហើយ​ឱកាស​នៅ​តែ​ស្ថិត​ក្នុង​ដៃ ​ពួក​យើង។ ដូច្នេះ​យើង​ត្រូវ​តែ​ធ្វើ​ឱ្យ​​ប្រាកដប្រជា​ថា​ពេល​ខែ​កញ្ញា​និង​តុលា​មក​ ដល់ ក្រុម​របស់​យើង​មាន​ទម្រង់​លេង​មុត​ស្រួច​ល្អ។ យើង​មាន​៣​ប្រកួត​​ទល់​នឹង​គូ​ប្រជែង​សំខាន់​ៗ​ដែល​​សុទ្ធ​តែ​លេង​ក្នុង​ ទឹកដី​ខ្លួន​ឯង អីចឹង​ទេ​រង់​ចាំ​មើល​ទាំង​អស់​គ្នា​ថា​យើង​អាច​ធ្វើ​​អ្វី​បាន​ខ្លះ​នៅ​ពេល ​នោះ”។

ថ្ងៃ​ទី​០៦ កញ្ញា ២០១៣ អង់គ្លេស នឹង​បើក​ទ្វារ​កីឡដ្ឋាន Wembley Stadium ទទួល​ ម៉ុលដូវ៉ា ​តែ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​​លេង​នៅ​ទឹកដី អ៊ុយក្រែន ​៤​ថ្ងៃ​បន្ទាប់។ ​អង់គ្លេស ​ធ្វើ​ម្ចាស់​ផ្ទះ​ទទួល ម៉ុងតេណេក្រូ ​វិញ​ នៅ​ថ្ងៃ​ទី​១១​ តុលា មុន​ពេល​ទទួល​ ប៉ូឡូញ នៅ​ថ្ងៃ​ទី​១៥៕​

Rooney (លេខ​១០) ហត់​តែត​បាល់​ជ្រុង​ឱ្យ​អង់គ្លេស​នាំ​មុខ​មុន​នៅ​នាទី​ទី​៦

Dejan Damjanovic (អាវ​ក្រហម​ខាង​ស្ដាំ) ថែម​បាល់​ឱ្យ ម៉ុងតេណេក្រូ​ តាម​ស្មើ​នៅ​នាទី​ទី​៧៦

 

តើ​ប្រិយមិត្ត​​គិត​ថា​អង់គ្លេស​នឹង​បាន​កៅអី​ទៅ​លេង​ជុំ​ផ្ដាច់ព្រ័ត្រ​នៅ​ប្រេស៊ីល​ដោយ​ស្វ័យ​ប្រវត្តិ​ទេ?

 

 

Leave a Reply

(*) Required, Your email will not be published