ការតម្រូវ​ឲ្យ​ម្ចាស់​អាជីវកម្ម បង់ពន្ធ VAT ផ្ទុយ​ពី​​គោ​ល​កា​រ​ណ៍​​និង​មិន​ប្រក្រតី មាន​បង្កប់​រឿង​អាថ៌កំបាំង ?

, , Leave a comment

ខេត្តកំពង់ចាម ៖ លោក ជីវ ហាក់ ជា​ប្រធាន​សាខា​ពន្ធដារ​ខេត្តកំពង់ចាម មានឱកាស​បង្ក​ព្យុះភ្លៀង​តាមតែ​ទំនើងចិត្ត តាមរយៈ​ការប្រើប្រាស់​មធ្យោបាយ​ផ្សេងៗ​ដើម្បី កោសរូស​បង្ខំ​ឲ្យ​ម្ចាស់ ​ទីតាំង​អាជីវកម្ម​បង់ពន្ធ​លើសពី​តម្លៃ​កំណត់ ហើយក៏​មានការ​ក្បៀស​ខ្ទង់​ដើម្បី​កិបកេង​ចំណូល​ថវិកាជាតិ​ផងដែរ​។ កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ម្ចាស់​ស្ថានីយ៍​ប្រេងឥន្ធនៈ​មកពី​៣០​កន្លែង​នៅ​ទូទាំង​ខេត្តកំពង់ចាម បាននាំគ្នា​តវ៉ា​ចំពោះ​វិធានការ​របស់​សាខា​ពន្ធដារ​ខេត្តកំពង់ចាម ដែល​តម្រូវ​ឲ្យ​ម្ចាស់​ស្ថានីយ៍​ទាំងនោះ​ធ្វើការ​កំណត់​ពន្ធ​ឡើងវិញ​ជា​ ឯកតោភាគី សម្រាប់​ឆ្នាំ​២០១២ ហើយ​បាន​តម្រូវ​ឲ្យ​បង់ប្រាក់​ពិន័យ​ចាប់ពី ២​លាន​រៀល ទៅ​២០០​លាន​រៀល ក្នុង​១​ស្ថានីយ៍​ចំពោះ​ការខកខាន​មិនបាន​ប​ង់​ពន្ធ​លើ​អាករ​តម្លៃបន្ថែម​។​

 

ម្ចាស់​ស្ថានីយ៍​ប្រេងឥន្ធនៈ​ប្រមាណ​៣០​កន្លែង​បាន​លើកឡើងថា មន្ត្រី​សាខា​ពន្ធដារ​ខេត្តកំពង់ចាម​បានដាក់​កំហិត​ចំនួន​៣​ទៅលើ​ពួកគេ​ជា​ វិធី​កោសរូស ឲ្យ​មានការ​បង់ប្រាក់​ក្នុង​កម្រិត​ខ្ពស់​ដែល​ពួកគេ​មិនអាច​ទទួលយក​បានទេ​។ មានការ​បញ្ជាក់​ផងដែរ​ថា សាខា​ពន្ធដារ​ខេត្តកំពង់ចាម​បានដាក់​កំហិត​ទី​១ គឺ​ការកំណត់​ពន្ធ​លើ​តម្លៃបន្ថែម​ដែល​ត្រូវ​បង់​ដោយ​ស្ថានីយ៍​ឯកជន​នីមួយៗ​ មិន​ត្រឹមត្រូវ ដោយ​ពន្ធដារ​តម្រូវ​ឲ្យ​បង់អាករ​តម្លៃបន្ថែម​១០​ភាគរយ​រាល់​ការលក់​ចេញ​របស់ ​ស្ថានីយ៍​គឺ​មានន័យថា​ស្ថានីយ៍​លក់​ប្រេង​តម្លៃ ៥៥០០​រៀល​ក្នុង​១​លីត្រ ក្នុងនោះ​ត្រូវ​ប្រកាស​និង​បង់ពន្ធ​អាករ​លើ​តម្លៃបន្ថែម​ចំនួន​៥៥០​រៀល ឬ​មានន័យ​ស្មើនឹង​១០​ភាគរយ លើ​ផល​ចំណូល​ដុល​ពី​ការលក់​ប្រចាំខែ​។ ការកំណត់​បែបនេះ​ជា​រឿង​មិន​ត្រឹមត្រូវ​និង​មិន​ស្របទៅតាម​គោលការណ៍​និង​ អត្ថន័យ​សម្រាប់​ពន្ធអាក​រលើ​តម្លៃបន្ថែម​នោះទេ ដែល​គោលការណ៍​ច្បាប់​តម្រូវ​ឲ្យ​បង់​១០​ភាគរយ​តែ​លើ​តម្លៃបន្ថែម ដែល​ស្ថានីយ៍​នីមួយៗ​ត្រូវ​បូក​បញ្ចូល​លើ​ថ្លៃដើម​នៅ​រាល់ពេល​លក់​ចេញ​។​
​ត្រង់ចំណុច​ទី​២ គឺ​សាខា​ពន្ធដារ​បានដាក់​ការកំណត់​ពន្ធ​ឡើងវិញ និង​ការពិន័យ​ធ្វើ​សម្រាប់​ឆ្នាំសារពើពន្ធ ២០១២ ប៉ុន្តែ​ម្ចាស់​ស្ថានីយ៍​ទាំងអស់​បាន​បញ្ជាក់ថា ពួកគេ​បាន​បង់ពន្ធ​ត្រឹមត្រូវ​តាម​ការកំណត់ និង​ការណែនាំ​របស់​មន្ត្រី​ពន្ធដារ​ខេត្ត ថែមទាំង​មាន​បង្កាន់ដៃ​បញ្ជាក់​ពី​ការបង់ពន្ធ​ផងដែរ ប៉ុន្តែ​អ្វី​ដែលជា​ចម្ងល់​នោះ គឺ មន្ត្រី​ពន្ធដារ​សាខា​ខេត្តកំពង់ចាម មិនដែល​ជូនដំណឹង​ស្តីពី​ការកំណត់​ពន្ធអាករ​លើ​តម្លៃបន្ថែម​ដល់​ម្ចាស់​ អាជីវកម្ម​ទាំង​នោះទេ បែរជា​ស្ងាត់​រហូតដល់​ដាច់​ឆ្នាំ​ទើប​មក​ធ្វើ​ការកំណត់​ជា​ឯកតោភាគី និង​ការ​គណនា​ពន្ធ​ខុសពី​គោលការណ៍​នៃ​ការបង់ពន្ធ​អាករ​លើ​តម្លៃបន្ថែម​។ មាន​ភាពមិនប្រក្រតី​ជាច្រើន ដែល​សាខា​ពន្ធដារ​ខេត្តកំពង់ចាម​កំពុង​អនុវត្តន៍​ផ្ទុយ​ពី​គោលការណ៍​របស់​ ថ្នាក់លើ ប៉ុន្តែ​គេ​មិន​ច្បាស់​ទេ​ថា តើ​លោក គង់ វិបុល ជា​អគ្គនាយក​ពន្ធដារ បានដឹង​ពី​បញ្ហា​នេះ​ឬក៏​យ៉ាងណា​នោះទេ គឺ​គេ​ចង់ឃើញ​មាន​ការចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ជុំវិញ​ បញ្ហា​នេះ ។​

 

​ចំពោះ​ចំណុច​ទី​៣ គឺមាន​ការតម្រូវ​ឲ្យ​រាល់​ការបង់ពន្ធ​ប្រចាំខែ​ខែ​មានការ​ឯកភាព និង​ណែនាំ​ពី​មន្ត្រី​ពន្ធដារ ហើយ​ជាងនេះទៅទៀត ស្ថានីយ៍​មួយចំនួន​ត្រូវបាន​មន្ត្រី​ពន្ធដារ​ជួយ​សម្របសម្រួល​រៀបចំ​ឯកសារ​ ក្នុង​ការបង់​ពន្ធអាករ​ប្រចាំខែ​ជាប្រចាំ​ដោយផ្ទាល់ ប៉ុន្តែ​ម្ចាស់​ស្ថានីយ៍​ទាំងនោះ​នៅតែ​ទទួលរង​ការពិន័យ​និង​កំណត់ថា​មិន​ ត្រឹមត្រូវ​ដដែល​។ ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​នៅពេលដែល​មន្ត្រី​ពន្ធដារ​ខេត្តកំពង់ចាម ធ្វើ​អ្វីៗ​តាម​ទំនើងចិត្ត​ដែល​ភាសា​សាមញ្ញ​គេ​ហៅថា ធ្វើ​តាមរបៀប​លោតឆ័ត្រ ជាក់ស្តែង​ការកំណត់​ឲ្យ​ម្ចាស់​ស្ថានីយ៍​ប្រមាណ​៣០​កន្លែង បង់ពន្ធ​អាករ​លើ​តម្លៃបន្ថែម​ចាប់ពី ២​លាន​រៀល ទៅ ២០០​លាន​រៀល​គឺជា​បាតុភាព​មិនធម្មតា​នោះទេ​នាំ​ឲ្យ​មាន​ការតវ៉ា​យ៉ាង​ផុសផុល ​។​

 

​ម្ចាស់​ស្ថានីយ៍​ទាំងអស់​រួមទាំង​ស្ថានីយ៍​ដែល​មិនទាន់​ត្រូវបាន​ជូនដំណឹង​ ស្តីពី​ការកំណត់​ពន្ធ​ឡើងវិញ​នេះ បាន​សំណូមពរ​ឲ្យ​សាខាគយ​ខេត្តកំពង់ចាម អគ្គនាយកដ្ឋាន​ពន្ធដា​រ ជាពិសេស​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រួមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ មេត្តា​ពិនិត្យ​និង​កែសម្រួល​ឡើងវិញ ចំពោះ​ការកំណត់​ពន្ធ​លើ​អាករ​បន្ថែម ព្រោះ​ការអនុវត្ត​នេះ​មិន​ស្របតាម​គោលការណ៍​របស់​ពន្ធអាក​រ​បន្ថែម​នោះទេ ជាពិសេស​វា​កំពុងតែ​ប៉ះពាល់​ដល់​អ្នកប្រើប្រាស់​ចុងក្រោយ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ទូទៅ​។ ម្ចាស់​ស្ថានីយ៍​ទាំងអស់​ក៏បាន​បញ្ជាក់​ផងដែរ​ថា ពួកគាត់​មិនដែល​មាន​ចេតនា​គេចវេះ​ម្តងណា​ឡើយ គឺ​ពិត​ជាមាន​ឆន្ទៈ និង​ចេតនា​នាំគ្នា​ទៅ​បង់ពន្ធ​ជូន​រដ្ឋ​ដោយ​ត្រឹមត្រូវ​តាម​ការកំណត់​របស់​ ច្បាប់ ប៉ុន្តែ​ទាមទារ​ឲ្យ​មន្ត្រី​ពន្ធដារ​ធ្វើ​ឲ្យ​មាន​តម្លាភាព និង​ត្រឹមត្រូវ ស្របតាម​គោលការណ៍​ដែល​មានចែង​នៅក្នុង​ច្បាប់​៕

27-m

 

Leave a Reply

(*) Required, Your email will not be published