រាជធានីភ្នំពេញ ៖ បន្ទាប់ពីទទួលបានលិខិតសុំអន្តរាគមន៍ពីតំណាងប្រជាពលរដ្ឋនៅឃុំត្រពាំងផ្លុង ដែលបានប្រមូលផ្តុំគ្នានៅមុខផ្ទះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ នោះលោក ហូ សិទ្ធី ជានាយកខុទ្ទកាល័យរបស់សម្តេច ហ៊ុន សែន បានចេញលិខិតលេខ ៥៤១ ខន/០១៣ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អំពីលិខិតរបស់លោក ទូច ញ៉ ដែលបានស្នើសុំឲ្យនាយករដ្ឋមន្ត្រី ជួយអន្តរាគមន៍ដើម្បីរកយុត្តិធម៌ជូនគាត់ដែលត្រូវក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ វិនិច្ឆ័យឲ្យគាត់ចាញ់ក្តីតាមសាលដីការដ្ឋប្បវេណីលេខ ០៧ ក្រ VI ”រ”ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២។
លិខិតរបស់ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ ប្រជាពលរដ្ឋនៅឃុំត្រពាំងផ្លុង បាននាំគ្នាមកដាក់សំណើនៅមុខភូមិគ្រឹះសម្តេចនាយករដ្ឋមន្ត្រី ដើម្បីជួយអន្តរាគមន៍រកយុត្តិធម៌ ដូច្នេះខុទ្ទកាល័យបានសម្រេចបញ្ជូនករណីនេះមកកាន់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឲ្យជួយពិនិត្យ ដើម្បីរកយុត្តិធម៌ជូនលោក ទូច ញ៉ ដែលមានទីលំនៅក្នុងភូមិត្រពាំងផ្លុង១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែកខេត្តកំពង់ចាម តាមរយៈលិខិតរបស់គាត់ចុះថ្ងៃទី១៥ ខែមីនា។ លោក ទូច ញ៉ គឺជាមន្ត្រីនគរបាលក្រីក្រម្នាក់ប្រចាំការនៅសាលាខេត្តកំពង់ចាម មានទំនាស់ដីធ្លីជាមួយអ្នកមានលុយ មានអំណាច ឈ្មោះ សៀង ស៊ីថា ដែលបានរំលោភបំពានលើដីធ្លីរបស់គាត់យ៉ាងអយុត្តិធម៌បំផុត ប៉ុន្តែតុលាការខេត្តកំពង់ចាម និងសាលាឧទ្ធរណ៍ បានបន្តសម្រេចសេចក្តីយ៉ាងអយុត្តិធម៌បំផុត ទើបលោក ទូច ញ៉ និងប្រជាពលរដ្ឋនៅភូមិត្រពាំងផ្លុង នាំគ្នាមកសុំអន្តរាគមន៍សាជាថ្មី។
ប្រជាពលរដ្ឋរស់នៅ ភូមិ-ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក មួយចំនួនបាននិយាយថា លោកឧកញ៉ា លឹម ហុងឈាង បាននៅពីក្រោយខ្នងសំណុំ រឿងទំនាស់ដីធ្លីរវាងលោកសៀង ស៊ីថា នឹងលោក ទូច ញ៉ ទើបធ្វើឱ្យភាគីលោក សៀង ស៊ីថា ដែលគេដឹងថា ជាប្អូនថ្លៃ បានឈ្នះក្ដីចាប់ពីថ្នាក់ក្រោមដល់កំពូល បើទោះបីជាភាគីលោក ទូច ញ៉ ជាមន្ដ្រីនគរបាលមានឯកសារកាន់កាប់ដីលំនៅឋានគ្រប់គ្រាន់និងមានលិខិត បំភ្លឺពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រកឃើញថា ភាគីលោក ទូច ញ៉ ពិតជាបានកាន់កាប់ និងរស់នៅលើដី ទំនាស់ទំហំ១១ម៉ែត្រគុណ៨០ម៉ែត្រប្រាកដមែន ។
យោងតាមលិខិតសុំអន្ដរាគមន៍របស់លោក ទូច ញ៉ ទៅព្រះមហាក្សត្រ ហើយសម្ដេចនាយករដ្ឋមន្ដ្រីបាន បញ្ជាឱ្យមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះអង្កេតករណីទំនាស់ ដីធ្លីរវាងលោក សៀង ស៊ីថា នឹងលោក ទូច ញ៉ ក្រោយពីតុលាការកាត់ឱ្យលោក ទូច ញ៉ ចាញ់ក្ដីទាំងអយុត្ដិធម៌ ។ គួររំលឹកថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ ប្រជាពលរដ្ឋជាច្រើននាក់ បានមកមុខភូមិគ្រឹះសម្ដេចនាយករដ្ឋ មន្ដ្រីដើម្បីរកអន្ដរាគមន៍ចំពោះការកាត់ក្ដីរបស់តុលាការបង្កើតឱ្យ មានភាពអយុត្ដិធម៌បែបនេះ ។ លោក ទូច ញ៉ បានបញ្ជាក់ថា “លោកសុខចិត្ដស្លាប់មិន ព្រមចាកចេញពីដីលំនៅឋានដែលបាន រស់នៅជាច្រើនឆ្នាំមកហើយ និងមានប័ណ្ណកម្មសិទ្ធិដីធ្លីត្រូវនេះទេ” ។
ក្រុមគ្រួសារលោក ទូច ញ៉ បាននាំគ្នាលើកបដាព្រោងព្រាតនៅក្បែរខុទ្ទកាល័យសម្ដេចអគ្គមហាសេនាបតី តេជោនាយករដ្ឋមន្ដ្រី ដែលខ្លឹមសារនៃបដាទាំងនោះបានរិះគន់ទៅលើការសម្រេចសេចក្ដីរបស់ ក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ថា មានភាពអយុត្ដិធម៌ និងលម្អៀង។ ខ្លឹមសារនៃបដាក៏បានសរសេរដែរថា “យើងខ្ញុំស៊ូស្លាប់ខ្លួនដាច់ខាតមិនចាកចេញនិងប្រគល់ដីធ្លីដែលបាន កាន់កាប់និងកំពុងរស់នៅបច្ចុប្បន្នឱ្យទៅអ្នកមានលុយ មានអំណាចដោយអយុត្ដិធម៌ទេ, សូមសម្ដេចតេជោនាយករដ្ឋមន្ដ្រី និងលោកជំទាវកិត្ដិព្រឹទ្ធបណ្ឌិត និងតុលាការកំពូលមេត្ដាផ្ដល់យុត្ដិធម៌ឱ្យយើងខ្ញុំផង” ។
ដោយឡែក នៅក្នុងលិខិតចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០១១របស់សម្ដេចនាយករដ្ឋមន្ដ្រីទូល ថ្វាយព្រះមហាក្សត្របានលើកឡើងថា “តាមការស្រាវជ្រាវរបស់ទូលព្រះបង្គំជាខ្ញុំ រួមជាមួយការបំភ្លឺរបស់ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរកឃើញថា ឈ្មោះ ទូច ញ៉ ពិតជា បានកាន់កាប់និងរស់នៅលើដីទំហំ១១ម៉ែត្រគុណ៨០ម៉ែត្ររហូតដល់ បច្ចុប្បន្ន ហើយដំណើរការចេញប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់អចលនវត្ថុលេខក.ច០០៦០៦៩ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០០០ កសាង ឡើងត្រឹមត្រូវតាមនីតិវិធី ប៉ុន្ដែមាន ភាពខ្វះចន្លោះខ្លះពាក់ព័ន្ធនឹងចម្លើយ របស់អ្នកស្នើសុំចុះបញ្ជី និងការស្រង់ព័ត៌មានជុំវិញ ដីស្នើសុំចុះបញ្ជីជាហេតុនាំ ឱ្យជាន់លើដីរបស់ឈ្មោះ ទូច ញ៉ ដែលកំពុងរស់នៅបច្ចុប្បន្ន” ។
ក្រោយពីចាញ់ក្ដីនៅសាលា ឧទ្ធរណ៍កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៣ ក្រុមគ្រួសារលោក ទូច ញ៉ និងប្រជាពលរដ្ឋក្នុងភូមិត្រពាំងផ្លុងខ្លះបាន នាំគ្នាលើកបដាស្វែងរកអន្ដរាគមន៍ពី សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ។ លោក ទូច ញ៉ ដែលចាញ់ក្ដីលោក សៀង ស៊ីថា បានអះអាងថា ការកាត់ក្ដីរបស់តុលាការពិតជាអយុត្ដិ ធម៌ចំពោះរូបលោកខ្លាំងណាស់ ដោយការកាត់ក្ដីតុលាការមិនបានមើលឯកសារ និងភស្ដុតាង ពិសេសលិខិតបញ្ជាក់របស់នាយករដ្ឋមន្ដ្រីទូលថ្វាយព្រះករុណ ព្រះបាទសម្ដេចបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា៕