អតីតមន្ត្រី​ខ្មែរក្រហម​រំលឹក​ពី​អនុស្សាវរីយ៍ ក្នុងសម័យ​តស៊ូ​មុន​ឆ្នាំ​១៩៩៦ ពេល​បូជាសព​លោក អៀង សារី

, , Comment closed

​ស្រុក​ម៉ាឡៃ ៖ ពិធី​បុណ្យសព​របស់ លោក អៀង សារី អតីត​ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួងការបរទេស ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​ប្រារព្វ​ធ្វើ​រយៈពេល ៧​ថ្ងៃ ដោយមាន​ព្រះសង្ឃ​៨៩ ​អង្គ​រាប់បាត្រ​សូត្រមន្ដ និង​មាន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ អន្ដរជាតិ និង​មន្ដ្រីរាជការ​ជាច្រើន​នាក់ បាន​ចូលរួម ហើយ​មុនពេល​បូជាសព​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ថ្ងៃទី ២១ ខែមីនា ឆ្នាំ​២០១៣​នេះ ពលរដ្ឋ​មួយចំនួន​សម្ដែង​ការសោកស្ដាយ ចំពោះ​មរណភាព​របស់​មេដឹកនាំ​ខ្មែរក្រហម​រូបនេះ បើទោះជា​លោក អៀង សារី មានកេរ្តិ៍ឈ្មោះ​មិនល្អ​ក៏ដោយ​។​

​លោក អៀង សារី បានទទួល​មរណភាព ក្នុង​ជន្មាយុ​៨៧​ឆ្នាំ ដោយ​ជំងឺ​បេះដូង កាលពី​ថ្ងៃទី​១៤​ខែមីនា ឆ្នាំ​២០១៣ នៅក្នុង​មន្ទីរពេទ្យ​មិ​ត្ដ​ភាព​កម្ពុជា​សូ​វៀត រាជធានី​ភ្នំពេញ​។ សព​លោក អៀង សារី ត្រូវបាន​ក្រុមគ្រួសារ ដឹកយក​ទៅធ្វើ​បុណ្យ​នៅ​ស្រុក​ម៉ា​ល័យ ខេត្ដ​បន្ទាយមានជ័យ តាម​ពាក្យ​បណ្ដាំ​របស់លោក​មុន​ទទួលមរណភាព​។ ទីនោះ​ជា​កន្លែង​តស៊ូ​អតីត​ក្រុម​មេដឹកនាំ​ខ្មែរក្រហម​ជួបប្រជុំគ្នា កាលពី​ឆ្នាំ​១៩៨២ ដោយមាន​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម រណសិរ្ស​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ របស់លោក សឺ​ន សាន និង​ភាគី​រណសិរ្ស ហ្វ៊ុនស៊ិនប៉ិច របស់​អតីត​សម្ដេច​នរោត្តម​សីហនុ​។​

សព​របស់លោក អៀង សារី ត្រូវបាន​តម្កល់ទុក​បូជា​រយៈពេល​៧​ថ្ងៃ ហើយ​ត្រូវ​បូជា​នៅ​ម៉ោង​៦ និង​៣០​នាទី​ល្ងាច នៅខាងមុខ​ផ្ទះ​របស់លោក ដែលមាន​កូនប្រុស គឺ​លោក អៀង វុ​ធ ជា​អភិបាលរង​ខេត្ដ​ប៉ៃលិន កោរសក់​បួសមុខភ្លើង​។ នៅក្នុង​បរិវេណ​បុណ្យសព មាន​រថយន្ដ​សង្គ្រោះបន្ទាន់​របស់​ខេត្ដ​ប៉ៃលិន រង់ចាំ​ជួយសង្គ្រោះ​ពលរដ្ឋ ដែលមាន​បញ្ហា​សុខភាព​ផងដែរ ដោយនៅ​ជុំវិញ​ពិធី​នោះ​មិនមាន​ដាក់​កម្លាំង​ការពារ​តឹងតែង​នោះទេ​។ ពិធី​បូជាសព​របស់ លោក អៀង សារី មាន​លក្ខណៈ​ដូចជា​ពិធីបុណ្យ​ប្រជាពលរដ្ឋ​ធម្មតា​ដែរ ដែលមាន​មន្ដ្រីរាជការ និង​ប្រជាពលរដ្ឋ​ចូលទៅ​គោរព​សព​លោក អៀង សារី និង​សោកស្ដាយ ចំពោះ​មរណភាព​លោក​ជា​បន្ដបន្ទាប់​។​

អភិបាលរង​ខេត្ដ​ប៉ៃលិន​លោក អៀង វុ​ធ ដែលជា​កូនប្រុស​របស់លោក អៀង សារី មិនបាន​បញ្ជាក់​ពីអ្វី​ច្រើន​ទេ លើ​រឿងរ៉ាវ​ទាំងឡាយណា ទាក់ទង​នឹង​លោក អៀង សារី ដោយសារ​សាលាក្ដី​ខ្មែរក្រហម មិន​អនុញ្ញាត​ឲ្យ​លោក​ផ្ដល់​បទសម្ភាសន៍​ជាមួយ​អ្នកកាសែត​។ តែ​លោក​គ្រាន់តែ​មានប្រសាសន៍ថា លោក​មាន​អារម្មណ៍​សោកស្ដាយ​ចំពោះ​ឪពុក​របស់លោក ដូច​គ្រួសារ​អ្នកដទៃ​ប៉ុណ្ណោះ​។ អតីតមន្ត្រី​ខ្មែរក្រហម​មួយចំនួន​បាន​ឲ្យ​ដឹងថា លោក អៀង សារី មាន​ឧត្ដមគតិ​ខ្ពស់​ក្នុង​ការដឹកនាំ នៅ​សម័យ​តស៊ូ​មុន​ឆ្នាំ​១៩៩៦ ធ្វើ​ឲ្យ​មានការ​បង្រួបបង្រួម​ជាតិ គិតគូរ​ផលប្រយោជន៍​ជាតិ​ជាសំខាន់ ហើយ​មុននឹង​គាត់​ស្លាប់ លោក អៀង សារី បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ត្រូវ​ចេះ​សាមគ្គី​គ្នា ចេះ​ការពារ​ទឹកដី​៕

22-m (3)

22-m (2)

22-m (1)