អតីត​អគ្គនាយក​ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា បំភ្លឺ​រឿង​បាត់​លុយ​ប្រមាណ ៥៧​ លាន​ដុល្លារ​

, , Comment closed

​រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៣ នៅ​​ទី​ស្តី​កា​រ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដោយមាន​ការចូលរួម​​ពី​​លោ​ក​​ប​ណ្ឌិ​ត​ ​សូ​រ​ ឃុន និង​អ្នកសារព័ត៌មាន​ជាច្រើនអតីត​អគ្គនាយក​ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា (TC) បានរៀបចំ​សន្និសីទ​មួយ ដើម្បី​ច្រានចោល នូវ​ព័ត៌មាន​ដែលថា ខ្លួន​បាន​ខាតបង់​ប្រាក់ចំណូល​ប្រមាណ ៥៧​លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល​៥​ឆ្នាំ​ជាប់​គ្នា ចាប់ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១២ ហើយ​មានការ​បញ្ជាក់​យ៉ាងច្បាស់​ថា រដ្ឋាភិបាល​មិនទាន់ ដក​មជ្ឈមណ្ឌល​ឆ្លងកាត់​ចេញពី TC នៅឡើយ​ទេ លុះត្រាតែ មជ្ឈមណ្ឌល​គ្រប់គ្រង ទិន្នន័យ​ទូរគមនាគមន៍ និង​ព័ត៌មានវិទ្យា (DMC)  ដំណើរការ​សិន​។​

 

​ការ​ប្រតិកម្ម​របស់ TC នេះ​ធ្វើឡើង​បន្ទាប់ពី​កាសែត ភ្នំពេញ​ប៉ុស្តិ៍​បាន​ចុះ អត្ថបទ​មួយ​ដែលមាន​ចំណងជើង​ថា « TC ប្តូរ​អគ្គនាយក​ខណៈដែល​មាន​ការ​ចម្រូងចម្រាស »  ដោយ​ក្នុង​ឃ្លា​មួយ​ក្នុង​អត្ថបទ​បាន​និយាយថា « យោងតាម​របាយការណ៍​សវនកម្ម​ពី​ក្រុមហ៊ុន សវនកម្ម​ឯករាជ្យ​លំដាប់​អន្តរជាតិ KPMG  ដែល​បានធ្វើ​សវនកម្ម ទៅលើ​របាយការណ៍ ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន TC  បង្ហាញថា​ក្រុមហ៊ុន​ស្វយ័ត​មួយ​នេះ បាន​ខាតបង់​ជា​រៀងរាល់ឆ្នាំ​ជាប់ៗ​គ្នា គិត​ចាប់ពី​ឆ្នាំ​២០០៨​មក​នៅពេល​ចំណូល ថ្លៃ​ឆ្លងកាត់​ត្រូវបាន​ដកចេញ​។ កាលពី​ឆ្នាំ​២០១១​ក្រុមហ៊ុន TC ខាតបង់ ១៤,៤ លាន​ដុល្លារ ខណៈដែល​ឆ្នាំ​២០១២​ក្រុមហ៊ុន​ខាតបង់​អស់​១០,២​លាន​ដុល្លារ​។​នៅ​រយៈពេល​៥ ឆ្នាំ​ចុង​ក្រោយនេះ ក្រុមហ៊ុន​បាន​ខាតបង់​ជា ទឹកប្រាក់​សរុប ៥៧ លាន​ដុល្លារ​បន្ទាប់ពី​ចំណូល​ពី​ថ្លៃ សេវា​ឆ្លងកាត់​ត្រូវបាន​ដកចេញ​»​។​

អតីត​អគ្គនាយក TC និង​ជា​អនុរដ្ឋលេខាធិការ ក្រសួង​ប្រៃសណីយ៍ ដែល​ទើប​តែងតាំង​ថ្មី​លោក ឡៅ សារឿន បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​ថា ការចុះផ្សាយ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ជាការ​យល់ច្រឡំ​។  លោក​រៀបរាប់​ពី​ដំណើរ​ប្រតិបត្តិការ​នៃ​មជ្ឈមណ្ឌល​ឆ្លងកាត់ (Transit fee)  ថា​ចាប់តាំងពី​ឆ្នាំ ២០០៦​មក​រហូតមកដល់​ប​ច្ចុ​ប្បន្ន គឺ​នៅតែ​ដំណើរការ​ធម្មតា មិនមាន​ការដក​អ្វី​នោះទេ ហើយ​ចំណូល​ត្រា​ហ្វិ​ច​ដែល​ឆ្លងកាត់​រហូត មកដល់​ពេលបច្ចុប្បន្ន ក៏​នៅ​ធម្មតា​ផងដែរ​។ លោក ឡៅ សារឿន បន្តថា មជ្ឈមណ្ឌល​ឆ្លងកាត់ រហូតមកដល់​ពេលនេះ មិនទាន់​ដកចេញ​អ្វី​ទាំងអស់ ចំណូល​នៅ​ដដែល អត់​ទាន់​មាន​ដក​ជា​ផ្លូវការ​ណាមួយ​ទេ​។ នេះ​ជាការ​យល់ច្រឡំ របស់​បងប្អូន​ទេ​។ ចំណូល​របស់​យើង​នៅ​ដដែល​អត់​បាត់​ទេ មិន​ដូច​អ្វីដែល​កាសែត​លើកឡើង​ទេ​។​

លោក ឡៅ សារឿន បាន​ឲ្យ​ដឹងថា ចំណូល​របស់ TC  ដែល​ទទួល​ពី​មជ្ឈមណ្ឌល​ឆ្លងកាត់​បាន​ពី​របាយការណ៍​សាវ​នក​ម្ម របស់​ក្រុម​សវនកម្ម ឯករាជ្យ​លំដាប់​អន្តរជាតិ KPMG បាន​ឲ្យ​ដឹងថា ឆ្នាំ​២០០៨ មាន​ចំនួន​ជាង ៣,៧​លាន​ដុល្លារ​, ឆ្នាំ​២០០៩ មាន​ជាង ៦,៥​លាន​ដុល្លារ​, ឆ្នាំ​២០១០ មាន​ជាង ១៥,២​លាន​ដុល្លារ​, ឆ្នាំ​២០១១ មាន​ជាង ១៦,៨​លាន​ដុល្លារ និង ឆ្នាំ​២០១២ មាន​ជាង ១១,៦​លាន​ដុល្លារ​អាម​រិ​ក​។ បូក​ចំណូល​បាន ពី​មជ្ឈមណ្ឌល​ឆ្លងកាត់ ទាំង​៥​ឆ្នាំ មានតែ ៥៤​លាន​ដុល្លារ​តែប៉ុណ្ណោះ​។ យ៉ាងណាក៏ដោយ មានការ​ទទួលស្គាល់ថា ប្រសិនបើ​ដក​ចំនួន​ទឹកប្រាក់ ចំណូល​បានមក​សេវា​ឆ្លងកាត់ គឺ​ក្នុង​រយៈពេល​៥​ឆ្នាំ​ជាប់ៗ​គ្នា TC នឹងត្រូវ​បាត់បង់​ចំណូល​ជាង ៥៤​លាន​ដុល្លារ ហើយ​នៅពេលដែល DMC ដំណើរការ TC នឹងត្រូវ​បាត់បង់​នូវ​ប្រភព ចំណូល​ដ៏​សំខាន់​របស់ខ្លួន​៕

22-m