អាជ្ញាធរ​ខណ្ឌមានជ័យ​ចុះ​ដោះស្រាយ​បាតុភាព ដែល​ជនជាតិ​វៀតណាម​ទន្ទ្រាន​ដី​វត្ត​ចំប៉ា​

, , Comment closed

​រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៣​នេះ លោក ហៀក ចាន់​លាង អភិបាលរង​ខណ្ឌមានជ័យ បាន​ដឹកនាំ​កម្លាំងចម្រុះ ចុះ​ពិនិត្យ​ទីតាំង​ដី​ដែលមាន​ជម្លោះ រវាង​គណ​:​កម្ម​ការ​វត្ត​ចំប៉ា និង​និគមជន​វៀតណាម ដែល​ធ្វើ​ផ្ទះ​បិទផ្លូវ មិន​ឲ្យ​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​ជើងវត្ត ពិសេស ព្រះសង្ឃ​នៅ​វត្ត​ចំប៉ា ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ប្រប​មាត់​ទន្លេមេគង្គ​ក្រោម ក្នុងភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌមានជ័យ បាន​ចុះទៅ​ទន្លេ​នោះទេ​។​

 

​គណ​:​កម្ម​ការ​វត្ត​ចំប៉ា តំណាង​ដោយ​លោក អ៊ុយ ថន បាន​លើកឡើងថា ពាក់ព័ន្ធ​ដី​មុខ​វត្ត ជាប់មាត់​ទន្លេ​នេះ តាំងពី​ឆ្នាំ​១៩៧៩ មក​គឺជា​ផ្លូវ ចុះ​ទៅដល់​មាត់ទន្លេ សម្រាប់​ព្រះសង្ឃ ប្រជាពលរដ្ឋ ចុះទៅ​ដងទឹក​ទន្លេ យកមកប្រើ​ប្រាស់ ហើយ​នៅ​អម​សងខាង​ផ្លូវ​ទៅ​ទន្លេ​នេះ គឺជា​ដី​ទំនេរ ដែល​បាន​បែង ចែក​ឲ្យ​ក្រុមសាមគ្គី ដោយ​មួយក្រុម​១០០​ម៉ែត្រ សម្រាប់ធ្វើ​ចំការ​ដំណាំ​ដាំ​ដុះ តាម​បណ្តោយ​ទន្លេ ហើយ​កន្លងមក មាន​និគមជន​វៀតណាម ប្រមាណ ៦-៧ គ្រួសារ មកសុំ​ក្រុមសាមគ្គី ដើម្បី​ចតទូក​និង​ជួសជុល ទូក​ស្នាក់​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។​

 

​លោក អ៊ុយ ថន បាន​បន្តថា ក្រោយមកទៀត​នៅ​ឆ្នាំ​១៩៨៩ ពេលដែល​កងទ័ព​វៀតណាម​ដកចេញ  វត្ត​ក៏បាន​ស្នើសុំ​អាជ្ញាធរ ស្រុក​កៀន​ស​ស្វាយ យក​ដី​វត្ត ដែល​និគមជន​វៀតណាម តាំង​លំនៅ​មកវិញ ប៉ុន្តែ​ត្រូវបាន​និគមជន​វៀតណាម​ថា ជា​ដី​របស់​ពួកគេ ដោយមាន​លោក សូ សារិន អនុប្រធាន​សមាគម​វៀតណាម ចេញមក​រារាំង​គណ​:​កម្ម​ការ​វត្ត ក្នុង​ការជីក​អាចម៍ដី ពី​មាត់ទន្លេ​មកចាក់​បំពេញ ទីធ្លា​វត្ត ។ ប៉ុន្តែ​ក្រោយមក គណ​:​កម្ម​ការ​វត្ត បានធ្វើ​លិខិតស្នើ​សុំ​ទៅ​អាជ្ញាធរ​ស្រុក ដើម្បី​ឲ្យ​ជីក​យក​អាចម៍ដី​មក​ប្រើ​។​

លោក វៀង យ៉ាំង​ឌូ តំណាង​និគមជន​វៀតណាម បាន​លើកឡើងថា ចំពោះ​ទីតាំង​ដី​នេះ កាល​នៅ​ខេត្តកណ្តាល គឺ​ស្រុក​-​ឃុំ បាន​ចែក​ឲ្យ​បងប្អូន វៀតណាម​រស់នៅ ហើយ​មកដល់​ឆ្នាំ​១៩៨៧ អាជ្ញាធរ​ស្រុក បានចេញ​បង្កាន់ដៃ ឲ្យ​បងប្អូន​វៀតណាម កាន់កាប់​ទំហំ​ក្បាលដី ១២​ម៉ែត្រ​គុណ ១០០​ម៉ែត្រ រស់នៅ​រួមគ្នា​។ លោក ហៀក ចាន់​លាង អភិបាលរង​ខណ្ឌមានជ័យ បាន​មានប្រសាសន៍ថា យោងតាម​ច្បាប់​របស់ ព្រះរាជាណាចក្រ​កម្ពុជា គឺ​មានតែ​ជនជាតិខ្មែរ​តែមួយគត់ ដែលមាន​សិទ្ឋិ​គ្រប់គ្រង​ដីធ្លី​ជា​កម្ម​សិទ្ឋិ ចំពោះ​បរទេស មិនមាន​សិទ្ឋិ​នោះទេ​។

 

​ដូច្នេះ​សូម​បងប្អូន​វៀតណាម ដែល​បាន​តាំង​លំនៅ​ពី​ឆ្នាំ​១៩៨៩​មក សូម​រក្សា​សភាព​ដើម សូមកុំ​ពង្រីក​តទៅទៀត ងាយស្រួល​គណ​:​កម្ម​ការ ដោះស្រាយ​។ លោក​អភិបាលរង​បន្តថា បើ​ចង់​រស់នៅក្នុង​កម្ពុជា ដោយ​សុខ​ស្រួល ដូច​បងប្អូន សូម​គោរព​ច្បាប់ ប្រទេស​កម្ពុជា គឺ​មិន​ចេះតែ​ទន្ទ្រាន​ដី កាន់កាប់​ដី​ស្រេច​តែ​អំពើ​ចិត្ត​នោះទេ ប្រទេស​មានច្បាប់​។ លោក ហៀក ចាន់​លាង បានលើកឡើង​ទៀតថា យោងតាម​ច្បាប់​ភូមិបាល ពាក់ព័ន្ធ​ដី​ច្រាំងទន្លេ ដីដុះ​ថ្មី ច្បាប់​មិន​អនុញ្ញាត ឲ្យ​តាំង​លំនៅ លើ​ទីតាំង​ទាំង​នោះឡើយ​។ ដូចនេះ​សូម​បងប្អូន​វៀតណាម បញ្ឈប់ ការសាងសង់​បន្ថែម លើដី​ដែល​រដ្ឋ​បាន​ហាមឃាត់ ៕

22-m (2)

22-m (1)