តាម​សាសង​និស្សិត​ស្រី​ពីរ​នាក់ បន្លំ​ឆក់​កាបូប​ហើយ​ដួល​ម៉ូតូ ត្រូវ​សមត្ថកិច្ច​ចាប់វាយ​ខ្នោះ​

, , Comment closed

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​សមត្ថ កិច្ច​នគរបាល​ប៉ុស្ដិ៍​ទន្លេបាសាក់​ឃាត់ខ្លួន ពីបទ​ឆក់យក​កាបូបដៃ តែ​មិនបាន សម្រេច​ត្រូវ​សមត្ថកិច្ច​ចាប់​វ៉ៃខ្នោះ​បញ្ជូន ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​២០​ខែមីនា​ឆ្នាំ​២០១៣ ។  នៅក្នុង​កាបូប​មាន​លុយ ដុល្លារ​១៩៥​ដុល្លារ​, លុយ​ខ្មែរ​ជាង​១០​ម៉ឺន​, កាត ATM ១​សន្លឹក​, អត្ដ​សញ្ញាណ​ប័ណ្ណ ១​សន្លឹក និង​កាត​គ្រី​ម៉ូតូ​១​សន្លឹក ព្រមទាំង មាន​ប្រដាប់​សិក្សា​រៀនសូត្រ​មួយចំនួនទៀត​។​

 

​ជនសង្ស័យ​រួមមាន ១-​ឈ្មោះ រឿន រ៉ា​វីដ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​១​នៃ​សាកល វិទ្យាល័យ​វើ​ល​វ៉ា​យ ស្នាក់​នៅផ្ទះ​លេខ​១២ ផ្លូវ​លេខ​៩ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការ មន ជា​អ្នកជិះ​ពីក្រោយ និង​២-​ឈ្មោះ ទូច ស៊ុន​ឡេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​១​សាលា​ជាមួយគ្នា ស្នាក់នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែក​និស្សិត​ស្រី​រងគ្រោះ​ចំនួន​២​នាក់​មាន​១- ឈ្មោះ ចាន់ រ៉ា អាយុ​២៣​ឆ្នាំ ជា​និស្សិត​ឆ្នាំ ទី​២ នៃ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប និង​២-​ឈ្មោះ​អា​មួយ ជា​និស្សិត​ឆ្នាំ​ទី​២​សាលា​ជាមួយគ្នា ស្នាក់នៅ​ក្បែរ​គ្នា​ដែរ ។

 

​ជនរងគ្រោះ​ទាំង​២​នាក់​បាន​រៀបរាប់  ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ រូបនាង​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ស្គូ​ពី ពណ៌​ផ្កាឈូក ស៊េរី​ឆ្នាំ​២០១៣ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ខាងកើត​ជាប់ កាស៊ីណូ​ណាហ្គា​វើ​ល ក្នុង​បំណង​ជិះ​ចូល ទៅលេង​កោះ​ពេជ្រ​។ ខណៈនោះ​ក៏​ស្រាប់តែ មាន​យុវជន​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា​សេ​១២៥​មក​អែប ហើយ​និយាយ សាសង​ធ្វើ​ដូចជា​មនុស្ស​ស្គាល់គ្នា  ហើយ​មួយសន្ទុះ​ក្រោយមក ជនសង្ស័យ​ឃើញ​ឱកាសល្អ ហើយ​ម៉ូតូ​បើក​យឺតៗ ពួកគេ​ក៏​ធ្វើ​សកម្មភាព​លូក​យក កាបូប​លុយ​នៅ​កន្លែង​ថត​ឃ្លុប​ខាងមុខ ដោយ​សុវត្ថិភាព ។

ពេល​យក​កាបូប​បាន​ហើយ​ពួកគេ​បន្ថែម​ល្បឿន​ដើម្បី​គេចខ្លួន តែ​ត្រូវ​ភ្លាត់ស្នៀត​បុក​ខឿន​ថ្ម​ចិញ្ចើមផ្លូវ​ដួល ច្រងាប់ច្រងិល​។ ខណៈនោះ​នារី​រងគ្រោះ​ក៏ បាន​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ ហើយ ស្រែកថា ចោរៗ​រហូត​ផ្អើល​សមត្ថកិច្ច ដែល​ល្បាត​នៅក្បែរៗ​នោះ​ដេញតាម ឃាត់ខ្លួន​រួច​វ៉ៃខ្នោះ​បញ្ជូនមក​អធិការ ដ្ឋា​ន​នគរបាល​ខណ្ឌ​ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង​ចាត់ការ​បន្ដ​៕

22-m