សិប្បកម្ម​របស់​ឈ្មោះ លី ផុន ផលិត​ទឹកកក​មិន​ស្របតាម​លក្ខណៈ​បច្ចេកទេស និង​ធ្លាយ​បំពង់​អាម៉ូញ៉ាក់

, , Comment closed

​រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រហែល​៣០ គ្រួសារ ដែល​រស់នៅ​ក្បែរ​សិប្បកម្ម​ផលិត​ទឹកកក ដែលមាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​៤១៩ ក្រុមទី​៦ ផ្លូវ​លេខ​១០៧ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ បាន​រង​ផលប៉ះពាល់​សុខភាព ដោយសារតែ​បំពង់​អាម៉ូញ៉ាក់​នៅក្នុង​សិប្ប​កម្មបាន​ផ្ទុះឡើង ដោយសារតែ​កំហុស​របស់​កម្មករ នៅក្នុង​សិប្បកម្ម​មួយ​នេះ ។​

​ប្រជាពលរដ្ឋ​រងគ្រោះ​បានឱ្យដឹងថា ករណី​ផ្ទុះ​បំពង់​អាម៉ូញ៉ាក់ ធ្វើឱ្យប៉ះពាល់​សុខភាព​ដល់​ប្រជាពលរដ្ឋ​នៅក្បែរ​ខាង បានកើត ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​យប់ ទាបភ្លឺ ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៣ ។ ថា​មុនពេល​កើតហេតុ កម្មករ​ធ្វើ​ទឹកកក នៅក្នុង​សិប្បកម្ម​ខាងលើ បានធ្វើឱ្យ​ដើម​ទឹកកក ធ្លាក់​ទៅ​ចំ​ទុយោ​បំពង់​អាម៉ូញ៉ាក់ បណ្ដាលឱ្យ​ធ្លាយ ស្រាប់តែ​ជាតិ​អាម៉ូញ៉ាក់ បាន​ប៉ះពាល់​ដល់​ផ្លូវដង្ហើម​របស់​ប្រជាពលរដ្ឋ នៅក្បែរ​ខាង​ប្រមាណ​៣០​គ្រួសារ ធ្វើឱ្យ​អ្នកខ្លះ​ឈួ​ល​ច្រមុះ​និង អ្នកខ្លះ​ទៀត​ចេញ​ទឹកភ្នែក​។​

​ក្រោយ​កើតហេតុ ម្ចាស់​សិប្បកម្ម​ដែល​ត្រូវគេ​ដឹងថា មានឈ្មោះ លី ផុន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ បានឱ្យ​កម្មករ​របស់ខ្លួន​ផ្សារ​បំពង់ ដើម្បី​កុំឱ្យ ជាតិ​អាម៉ូញ៉ាក់​ហើរ​ចេញ​តទៅទៀត ។ បើតាម​ការ​លួច​បង្ហើប​របស់​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែង​សិប្បកម្ម​មួយ​នេះ បានឱ្យដឹងថា ជា​រៀងរាល់ថ្ងៃ​ដំណើរ​ផលិត​ទឹកកក​របស់​សិប្បកម្ម​ខាង​លើ ពុំបាន​ធ្វើឡើង​តាម​លក្ខណៈ បច្ចេកទេស​ត្រឹមត្រូវ​នោះឡើយ ដូច្នេះ​លោក​អភិបាលខណ្ឌ ឃ្លាំង ហួត និង​មន្ដ្រី​ជំនាញ​គួរ​ទៅ​ចុះ ពិនិត្យមើល​សិប្បកម្ម​ផលិត​ទឹកកក​នេះ​ផង​។​

​ចំពោះ​ហេតុការណ៍​ផ្ទុះ​បំពង់​អាម៉ូញ៉ាក់ ធ្វើឱ្យ ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ ប្រមាណ​៣០ គ្រួសារ​ខាងលើ ត្រូវបាន​គេ​លួច​បង្ហើប​ថា ម្ចាស់​សិប្បកម្ម បាន​លាក់​ជិត និង​បានផ្ដល់​ប្រយោជន៍​ទៅឱ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន ក្នុង​គោលបំណង​លាក់បាំង​រឿងនេះ មិនឱ្យ​ដឹង​ដល់​ថ្នាក់លើ ខ្លាច​ថា មាន​ការចុះ​ត្រួតពិនិត្យ ចំពោះ​សិប្បកម្ម​ធ្វើ​ទឹកកក មិន​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​នេះ ។ ចំពោះ​ករណីនេះ ធ្វើឱ្យប៉ះពាល់​ប្រជាពលរដ្ឋ ដូច្នេះ​បើ​លើក​ក្រោយ​កើតឡើង​ម្ដងទៀត នឹង​អាច​ឱ្យមាន​អ្នកស្លាប់ ច្បាស់​ជា​រឿង​ធំ​ជាក់​ជាមិនខាន​៕

22-m