មាន​គេ​លួច​កាប់​ឈើ​គ្រញូង​មួយ​ដើម​តម្លៃ​រាប់​ម៉ឹ​ន​ដុល្លារ ក្បែរ​ក្លោងទ្វារ​ចូល​បន្ទាយ​ទាហាន​ផ្នែក​សឹក​រង​បន្ទាយស្រី​

, , Comment closed

​ខេត្តសៀមរាប  ៖ កាលពី​វេលា យប់​ថ្ងៃទី​១៩​ចូល ២០ ខែមីនា ឆ្នាំ​២០១៣​នេះ ឈើ​គ្រញូង​មួយ​ដើម​ដែលមាន​មុខកាត់​ពី​៤០​ទៅ​៥០​សង់ទីម៉ែត្រ ដុះ​នៅតាម​ចិញ្ចើមផ្លូវ​ទីប្រជុំជន​ស្រុក​បន្ទាយស្រីក្នុងភូមិ​កោះ​ជ្រុំ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ក្បែរ​ក្លោងទ្វារ​ចូល​បន្ទាយ​ទាហាន​ផ្នែក​សឹក​រង​បន្ទាយស្រី ត្រូវបាន​គេ​លួច​កាប់​យក​តួខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិភាព ដោយ​បន្សល់​តែ​គល់​និង​មែក​ឲ្យ​សមត្ថកិច្ច​រក្សាទុក​ប៉ុណ្ណោះ​។

​មន្ត្រី យោធា​ផ្នែក​សឹក​រង​បន្ទាយស្រី​ម្នាក់​បាន​ឲ្យ​ដឹងថា ដើមឈើ​មួយ​ដើម​នេះ​ទំនង​អាច​ត្រូវគេ​លួច​កាប់​នៅវេលា​ម៉ោង​១​រំលងអធ្រាត្រ ចូល​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៣​នេះ ព្រោះថា តាំងពី​ព្រលប់​រហូតទល់​ម៉ោង​១២ អធ្រាត្រ រូបគាត់​រួមជាមួយ​មិត្ត​រួមការ​ងារ​មួយចំនួន​មិនទាន់​ចូល​សំរាក​នៅឡើយ ហើយក៏​គ្មាន​ឮសូរ​សម្លេង​អ្វី​កើតឡើង​ដែរ​។ ដោយឡែក​ប្រជាពលរដ្ឋ​នៅក្បែរនោះ ក៏បាន​បដិសេធ​ដែរ​ថា ពួកគាត់​ពុំបាន​ដឹង​ពី​ពេលវេលា​ដែល​ជនល្មើស​លួច​កាប់​ឈើ​គ្រញូង​នេះដែរ ហើយក៏​ពុំ​បានឮ​សម្លេង​រណា​កាប់​ឈើ​គ្រញូង​មួយ​ដើម​នោះដែរ​។ ឈើ​គ្រញូង​មួយ​ដើម​នេះ​មាន​ទំហំ​ប៉ុនណា​ណី​មិនអាច​គេ​លើក​រួច​ស្រួលៗ​ដូច​ឈើ​ចាក់ ធ្មេញ​នោះទេ ។​

​មន្ត្រី​យោធា​ដដែល​បាន​និយាយថា ជនល្មើស​បាន​យក​រណា​ដៃ​មក​អារកាត់​ដើមឈើ​មួយ​ដើម​នេះ ព្រោះ​នៅ​កន្លែងកើតហេតុ​មាន​បន្សល់ទុក​រណា​ដៃ ហើយក៏​រកឃើញ​មួក​ប្រជា​ការពារ​មួយ​ផងដែរ​។ មន្ត្រី​រូបនោះ​និយាយថា ពេលនេះ​ពួកចោរ​គេ​យកតែ​ដើមឈើ​គ្រញូង​នោះ ហើយ​មិនដឹងថា​លើក​ក្រោយ​គេ​នឹង​មក​យក​គល់​ដែល​នៅសល់​នេះ​ទៀត​ដែរឬទេ​? ពាក់ព័ន្ធ នឹង​ករណី​លួច​កាប់​ឈើប្រណិត​ដែលមាន​តម្លៃ​រាប់ម៉ឺន​ដុល្លា​នេះ សមត្ថកិច្ច​ទាំងអស់​កំពុង​មានការ​ងឿងឆ្ងល់​ចំពោះ​ការបាត់​ដើមឈើ គ្រញូង​មួយ​ដើម​នោះដែរ ហើយ​នៅ​ជិត​នោះ​មាន​បន្ទាយ​ទាហាន មាន​ស្នាក់ការ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ផងដែរ ហេតុអ្វី​គេ​លួច​កាប់​ឈើ​គ្រញូង​មិនដឹង​បែបនេះ ៕

21-m