ចាប់​ផ្សឹក​ព្រះ​អនុគណ​ស្រុក​ចំការលើ ដែល​ចូលចិត្ត​ផឹក ABC និង​ឱប​ស្រី​ម្ខាង​ ២ នៅ​ហាង​ខារ៉ាអូខេ​

, , Comment closed

​ខេត្ដ​កំពង់ចាម ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​ខេត្ដ​កំពង់ចាម បាន​ឃាត់ខ្លួន​ចៅអធិការ​វត្ដ​និង​ជា​អនុគណ​ស្រុក​ចំការលើ ខណៈ​ចេញពី​ឆាន់​ស្រា ឱប​ស្រី​ម្ខាង​២​ក្នុង​បន្ទប់ ហាង​ខារ៉ាអូខេ​យីហោ វីឡា កាលពី​វេលា ម៉ោង​១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៣ នៅមុខ​ហាង ស្ថិតក្នុង​ភូមិ​ទី​២ សង្កាត់​វាលវង់ ក្រុង​-​ខេត្ដ​កំពង់ចាម ។


​សមត្ថកិច្ច​បានឱ្យដឹង​ថា សង្ឃ​ដាច់​សីល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ មានឈ្មោះ ឆៃ រុន អាយុ​៤០​ឆ្នាំ ជា​ចៅអធិការ​វត្ដ​ទែ​ត​ក្នុង និង​ជា​ព្រះ​អនុគណ ស្រុក​ចំការលើ ស្ថិតក្នុង​ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្ដ​កំពង់ចាម ។ សមត្ថកិច្ច​ក៏បាន ឃាត់​រថយន្ដ​ម៉ាក​ឡង់​គ្រី​ស័​រ​១​គ្រឿង​ដែល​ត្រូវបាន​ព្រះចៅអធិការ​រូបនេះ​ជួល​ជិះមក​ច្រៀង​ខារ៉ាអូខេ ក្នុងតម្លៃ​ ៣០ ​ដុល្លារ​ដោយ​មិន​គិត​តម្លៃ​ប្រេង ។

 

​ចៅអធិការ​បាន​ជួល​រថយន្ដ​ជិះ​ចេញពី​វត្ដ​នៅវេលា ម៉ោង​៨​យប់ ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៣ ហើយ​បាន​ចូល​ច្រៀង​រហូតដល់​ម៉ោង​១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៣ ។  តាម​ការសារភាព​រប​ស់​ចៅ អធិការ​កំហូច​នេះ​ឱ្យដឹងថា គាត់​បាន​ចូល​ច្រៀង​នៅ​ហាង​ខារ៉ាអូខេ​បែបនេះ រយៈពេល​៥​ឆ្នាំ​កន្លងមកហើយៗ​អ្វីដែល សមត្ថកិច្ច​ឈានទៅ​ឃាត់ខ្លួន ព្រោះតែ ប្រជាពលរដ្ឋ​ចំណុះ​ជើង​វត្ដ​មានការ សង្ស័យ​និង​តាមដាន​ឃើញ​ចៅអធិការ​ចូល​ច្រៀង ទើប​រាយការណ៍​ឱ្យកម្លាំង សមត្ថកិច្ច​ចាប់ខ្លួន​តែម្ដង ។

 

​នារី​ខារ៉ាអូខេ​ម្នាក់​បានឱ្យដឹងថា  សង្ឃ​អង្គ​នេះ​បានមក​ផឹកស្រា​ច្រៀង​សប្បាយ នៅក្នុង​ហាង​ខារ៉ាអូខេ យីហោ​វីឡា ជាច្រើន លើក​មកហើយៗ​ពេល​មក​ច្រៀង​ម្ដងៗ បាន​យក​ស្រី​កំណាន់​ទៅ​ឱប​ម្ខាង​២​ទៀត ផង ។ សង្ឃ​អង្គ​នេះ ចូល​ចិ​ត្ដ​ផឹក​តែ ABC  ហើយ​ពេល​មិនទាន់​ស្រវឹង​ចូល​ចិ​ត្ដ​ច្រៀង​បទ​សង់​ទី​ម៉​ង់ តែ​ដល់ពេល ABC ចូលខ្លួន កុម្ម៉ង់​សុទ្ធតែ​បទ gangnam style  ដើម្បី​រាំ​ជាមួយ​ស្រីៗ ។ ពេល​មក​ច្រៀង​ម្ដងៗ សង្ឃ​អង្គ​នេះ​ស្លៀកខោ​ខូវប៊យ ពាក់អាវ​ផ្កា ពាក់មួក​សម្បុក និង​វ៉ែន​តាខ្មៅ ។

 

​ចំពោះ​សកម្មភាព​ព្រះចៅអធិការ​វត្ដ ទែ​ត​ក្នុង និង​ជា​ព្រះ​អនុគណ​ស្រុក​ចំការលើ លួច​ចូល​ច្រៀង​ខារ៉ាអូខេ​ផឹក​គ្រឿង ស្រវឹង​ឱប​ស្រី បើតាម​វិន័យ​សាសនា ក្នុងនាម​ជា​ភិក្ខុ​១​អង្គ នឹងត្រូវ​ទទួលពិន័យ ធ្ងន់ធ្ងរ​ដល់​ថ្នាក់​បរាជិក​ត្រូវ​ចាប់​ផ្សឹក បណ្ដេញ​ចេញពី​វត្ដ ។ ទាក់ទិន​នឹង​ព្រះចៅអធិការ​លួច​ច្រៀង  ផឹកស្រា​ឱប​ស្រី​នេះ​ប្រធាន​មន្ទីរ​ធម្មការ ខេត្ដ​កំពង់ចាម លោក ស្រី សុភ​ក្ដិ បានឱ្យដឹងថា ទង្វើ​និង​សកម្មភាព​របស់​សង្ឃ​អង្គ​នេះ វា​មិន​ប៉ះពាល់​ដល់​ព្រះពុទ្ធសាសនា​ទេ ព្រោះ​នោះ​ជា​បុគ្គល​ម្នាក់​ប៉ុណ្ណោះ ដែល​បាន​ដោះ​ស្បង់​ចីវរ​ចូលទៅ​ច្រៀង ដូច្នេះ​ស្មើនឹង​ផ្សឹក​ហើយ​ដែរ ។

សមត្ថកិច្ច​នឹង​រៀបចំ​ឯកសារ បញ្ជូន​សង្ឃ​អង្គ​នេះ​ទៅ​តុលាការ ហើយ តុលាការ​ចាត់ការ​បែបណា ជា​ឆន្ទានុសិទ្ធិ របស់​តុលាការ ។ បើតាម​មន្ដ្រី​សង្ឃ​១​រូប​មាន​ថរ​ដីកា​ថា ចៅអធិការ​លួច​ទៅ​ច្រៀង​ខារ៉ាអូខេ​បែប នេះ​វា​មិនមែនជា​បទល្មើស​ព្រហ្មទណ្ឌ ឬ​ជា​រឿង​អាណាចក្រ​ទេ តែ​វា​ជា​រឿង​ពុទ្ធចក្រ​ទាក់ទង​ទៅនឹង​ធម្ម​វិន័យ ដូច្នេះ​ព្រះ អង្គ​អាច​នឹងមិន​ជាប់ទោស​ទណ្ឌ​អ្វី​ឡើយ តែ​ចាំបាច់​ត្រូវ​ផ្សឹក​ឱ្យក្លាយ​ទៅជា​ប្រជា ជន​ធម្មតា និង​មិន​អនុញ្ញាតឱ្យ​បួស​ជា​សង្ឃ​ទៀត​ទេ ។ ក្រោយ​ការឃាត់ខ្លួន​ចៅអធិការ​បរាជិក រូបនេះ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​បុស្សខ្នុរ ស្រុក​ចំការលើ​បាន​ទម្លាយ​ឱ្យដឹងថា ចៅ អធិការ​អង្គ​នេះ​មាន​ចម្ការកៅស៊ូ​រហូត ដល់​ទៅ​ជាង​៣០​ហិកតា និង​ក៏មាន​ពាក់ ព័ន្ធ​បោកប្រាស់​យកលុយ​របស់​គេ​រាប់ ម៉ឺន​ដុល្លារ​នៅ​អាមេរិក ហើយក៏​មានការ​លួច​សហាយស្មន់​ជាមួយនឹង​ប្រពន្ធ​គេ​ផងដែរ ៕

21-m