តុ​ក​សិច​រឿង​លែងលះ​ប្តី ផឹកស្រា​ស្រវឹង​បើករថយន្ត​ទៅផ្ទះ​អត់​រួច ដេក​ស្រមុក​តាមផ្លូវ​

, , Comment closed

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​ផឹក​ស្រវឹង​បើករថយន្ដ​ទៅមុខ​លែងរួច សុខ​ចិ​ត្ដ​ចត​រថយន្ដ​ក្បែរផ្លូវ​ដេក​ស្រមុក​ក្នុងរថយន្ដ​មួយគ្រឿង​ម៉ាក​ឡិច​ស៊ី​ស​RX300​ពណ៌​ត្រី ឆ្លូញ ពាក់ស្លាក​លេខ​ភ្នំពេញ 2V-8232 ហើយ​ពេល​នគរបាល​ទៅ​ដាស់​មិន​ព្រម​ក្រោក នឹកស្មាន​មាន​អំពើ​ឃាតកម្ម ក៏បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​តែម្ដង កាលពី​វេលា​ម៉ោង​៥​ទៀបភ្លឺ​ថ្ងៃ ទី​២០ ខែមីនា ឆ្នាំ​២០១៣ នៅតាម​បណ្ដោយ មហាវិថី​ព្រះ​ន​រោ​ត្ដម​កែង​ផ្លូវ​លេខ​១៧២ ជិត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ស្ថិត ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ​។​

 

​មុន​មានការ​ភ្ញាក់ផ្អើល​នេះ មាន​ប្រជាពលរដ្ឋ​ម្នាក់​បាន​ទូរស័ព្ទ​ប្រាប់ថា នៅ​ចំណុច​ខាងលើ​មាន ស្ដ្រី​ម្នាក់​កំពុង​ដេក​ក្នុង​រថយន្ដ​មិនដឹង​ជា រស់​ឬ​ស្លាប់​នោះទេ ។ ពេលឮ​ដំណឹង​នេះ​ភ្លាម​កម្លាំង​យើង​ក៏​ចុះទៅ​ពិនិត្យមើល ស្រាប់តែ​ប្រទះឃើញ​ស្ដ្រី​ម្នាក់​ពាក់​អាវដៃវែង ពណ៌​ខ្មៅ ស្លៀកខោ​ជើង​ខ្លី​ត្រឹម​ភ្លៅ​សក់ ពណ៌​ទង់ដែង មាន​ពាក់​បូរ​សក់ កំពុង​ដេក លើ​កៅអី​រថយន្ដ​ឡិច​ស៊ី​ស​RX៣០០​ខាងមុខ ប៉ែក​ខាងស្ដាំ​ដៃ ដោយ​យក​ជើង​ម្ខាង​គង​លើ​ចង្កូត និង​មាន​កំប៉ុង​ស្រា​បៀរ ABC  មួយ​កំប៉ុង​នៅក្បែរ​ដៃ​ផង ។

 

​ស្ដ្រី​រូបនេះ​មាន​វ័យ​ជាង​៣០​ឆ្នាំ មាន​រាងរៅ​សាច់ ឈាម​ស្រស់ថ្លា​សមជា​អ្នកមាន​កំពុង​ដេក ស្រមុក ហើយ​មិនដឹង​ជា​នាង​ទើប​មកពី ណា​ទៅណា​នោះទេ ។ ដោយ​ឃើញ​ភាពមិនប្រក្រតី​យ៉ាង​ដូច្នេះ នគរបាល​ក៏បាន​ដើរ​ក្រឡឹង​ជុំវិញ​រថយន្ដ​គោះទ្វារ​ហៅ តែ​មិន​ព្រម​ក្រោក​ព្រមទាំង​ដើរ​បើកទ្វារ ទាំងអស់​តែ​ជាប់​សោ នៅសល់តែ​ទ្វារ​មួយ ក្បែរ​ខ្លួន​ក៏​ឱ្យ​ស្ដ្រី​ជា​ប្រជាជន​ម្នាក់​នៅក្បែរ នោះ​ជួយ​បើកទ្វារ​ឱ្យ ។ ពេល​នោះគេ​នាំគ្នា ដាស់​ស្ដ្រី នេះ​ម្ដងទៀត​តែ​គាត់​នៅតែ​មិន​ក្រោក​ដដែល ហើយ​គាប់​ជួន​ក្រឡេកមើល ទៅ​ឃើញ​មាន​ទូរស័ព្ទ​មួយគ្រឿង​នៅក្នុង រថយន្ដ​ក៏​យកមក​ឆែក​លេខ​រួច​ចុច​ហៅ ក្រុមគ្រួសារ​មកដល់​ទើប​ដាស់​គាត់ ក្រោក​ទាំង​សើ​ង​មមើ​ង​ហាក់ដូចជា​វង្វេងស្មារតី​មិន​ដឹងអី​សោះ ។​

បន្ទាប់ពី​សមត្ថកិច្ច​ដាស់​ឱ្យដឹង​ខ្លួន​ឡើងវិញ ស្ដ្រី​រូបនេះ​និយាយប្រាប់​គេឯង ទាំង​ធុំក្លិន​ស្រា​ហួង​ថា នាង​ឈ្មោះ ស្រី​នាង អាយុ​៣៥​ឆ្នាំ រស់នៅ​ម្ដុំ​ផ្សារ​ដេប៉ូ ខណ្ឌទួលគោក មាន​ប្ដី​ជា​ជនជាតិ​កូរ៉េ ដែល​ទើបតែ​លែងលះគ្នា​បាន​ពីរ​បី​ខែ​ប៉ុណ្ណោះ ។ ទោះយ៉ាងណា​ស្ដ្រី​រូបនេះ​មិនបាន បញ្ចាក់ ឱ្យដឹង​ផង​ទេ​ថា តើ​មូល​ហេ​ត​អ្វី និង​មកពី ផឹកស៊ី​នៅ​កន្លែង​ណា បានជា​ស្រវឹង​ដល់ ថ្នាក់​ទៅផ្ទះ​លែងរួច សុខ​ចិ​ត្ដ​ឈប់​រថយន្ដ ដេក​តាមផ្លូវ​យ៉ាងនេះ ៕

21-m