បើក​លឿន​ជ្រុល​ចង្កូត​ទៅបុក​ដើមឈើ នាំ​ឲ្យ​មនុស្ស​ប្រុស​-​ស្រី ១៥​នាក់ រងរបួស​ធ្ងន់​ស្រាល​

, , Comment closed

​ខេត្តសៀមរាប ៖ រថយន្ត​តួ​រី​សដឹក​អ្នកដំណើរ ១៥​កៅអី​មួយគ្រឿង បាន​បើក​លឿន ខ្វះ​ការប្រុងប្រយ័ត្ន​ជ្រុល​ចង្កូត​ទៅបុក​ដើមឈើ កាលពី​វេលា​ម៉ោង​ប្រមាណ ១១ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២០មីនា ឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ នៅ​ម្ដុំ​ស្ពាន​ក្អែក ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បណ្តាល​ឲ្យ​អ្នក​ដំណើរ​​ប្រុស​-​ស្រី ១៥​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល ។​

ឧប្បត្តិហេតុ​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ កើតឡើង​ដោយសារតែ​ការ​ធ្វេស​ប្រ​ហេស​របស់​អ្នក​បើក​បរ ហើយ​រថយន្ត​បាន​បើក​រេ​ចង្កូត​ទៅបុក​នឹង​ដើមឈើ ដែល​នៅតាម ចិញ្ចើម​ផ្លូវ បណ្ដាល​ឲ្យ​មានការ​របួស​មនុស្ស និង ខូចខាត​រថយន្ដ​ស្ទើរ​ទាំងស្រុង ហើយ​ម្យ៉ាង​​ដោយ​រថយន្ដ​នោះ មាន​ដឹក​ម៉ូតូ និង​មាន​ទំនិញ​សំពីងសំពោង​ផងដែរ។ រថ​យន្ដ​នេះ បាន​បើក​ដឹក​អ្នកដំណើរ​មកពី​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ មកកាន់​ខេត្ត​សៀមរាប​។​

 

​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ដ​ម៉ាក​តួ​រី​ស ១៥​កៅអី ពណ៌​ខៀវ​មាន​ស្លាក​លេខ​ភ្នំពេញ 2U.0833 បាន​បើក​ពី​ទិសខាងកើត មក​លិច សំដៅ​ចូល​ក្រុង​សៀមរាប ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​កន្លែងកើតហេតុ​រថយន្ដ​នោះ បាន​រេ​ចង្កូត​ចុះឡើងៗ​។ លុះ​មួយសន្ទុះ​ក្រោយមក រថយន្ដ​នោះ​ក៏បាន​បើក​ទៅបុក​ដើមឈើ ដែល​នៅ​ខាងស្ដាំ​ដៃ យ៉ាង​ពេញទំហឹង ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​របួសធ្ងន់​និង​ស្រាល​ខ្លះ ដល់​មនុស្ស​ជាច្រើន​នាក់​នោះ ហើយ​រថយន្ដ​បាន ខូចខាត​ស្ទើរ​ទាំងស្រុង​ផងដែរ​៕

21-m