ស្នេហា​អ៊ិន លក្ខិណា និង​ឧកញ៉ា​ដេ​វិដ ឆា​ណាយ​វា​

, , Comment closed

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ម៉ូ​ដែល​ថ្ពាល់ខួច ធ្មេញ​ច្រពើស​នាង អ៊ិន លក្ខិណា បាន​ចេញមុខ​លាតត្រដាង​ស្នេហ៍​ដ៏​ស៊ីជម្រៅ​រវាង​នាង និង​ឧកញ៉ា​សម្បូរ​ស្នេហ៍ ដេ​វិដ ឆា​ណាយ​វា ថា អ្នក​ទាំងពីរ​បាន​សាង​ស្នេហ៍​រួមគ្នា​អស់​រយៈពេល​ប្រមាណ​ជាង​៣​ឆ្នាំ​មកហើយ តែ​ស្នេហា​មួយ​នេះ​ចេះតែ​បែក​ជួបៗ​។​ដូច្នេះ​នាង​បានបញ្ជាក់​យ៉ាងច្បាស់​នៅពេលនេះ​ថា ស្នេហា​មួយ​នេះ​នៅ​មិនទាន់មាន​ភាពច្បាស់លាស់​នៅឡើយ​ទេ ហើយ​នាង​ក៏មាន​ជម្រើស​ច្រើន​ដែរ ដោយ​នាង​បាន​បញ្ជាក់ថា នៅពេលនេះ​មាន​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ម្នាក់​កំពុង​តាម​ដណ្តើម​រូបនាង​ពី​លោក​ឧកញ៉ា ដេ​វិដ ឆា​ណាយ​វា​។​

 

​តារា​ដែលមាន​ជំនាញ​សិល្បៈ​ច្រើន​សណ្ឋាន​ទាំង​សម្តែង ដើរ​បង្ហាញ​ម៉ូដ តារាចម្រៀង និង​ជា​ពិធី​ការិនី​នាង អ៊ិន លក្ខិណា បាន​និយាយ​រៀបរាប់​ចេញពី​ក្រអៅបេះដូង​របស់​នាង​ចំពោះ​ស្នាម​ស្នេហ៍​ដំបូង​ដែល​នាំ​ឲ្យ​រូបនាង​ជួប​ប្រសព្វ​ស្នេហា​ជាមួយនឹង​ឧកញ៉ា​ដែល​សម្បូរ​រឿងអាស្រូវ​ស្នេហា ដេ​វិដ ឆា​ណាយ​វា ថា​៖

 

«​ខ្ញុំ​បាន​ស្គាល់​រូបគាត់​អស់​រយៈពេល​៣-៤​ឆ្នាំ​មកហើយ ដោយ​ពេលនោះ​ខ្ញុំ​បាន​ទៅ​ច្រៀង​នៅក្នុង​កម្មវិធី​ឡើងផ្ទះ​របស់​អ្នកធំ​ម្នាក់​ហើយ​នៅពេល​គាត់​ឃើញ​ខ្ញុំ​គាត់​ចេះតែ​តាម​ខ្ញុំ តែ​ខ្ញុំ​អត់​បាន​រវល់​ជាមួយ​គាត់​ទេ ហើយ​ក្រោយៗ​មក​គាត់​ក៏​ចេះតែ​តាម​ទាក់ទង​ខ្ញុំ គាត់​ណាត់​ញ៉ាំ​បាយ​ជាដើម​»​។ តារា​សម្តែង​ថ្ពាល់ខួច​ធ្មេញ​ច្រពើស​រូបនេះ​បាន​បញ្ជាក់ថា​៖«​មុននឹង​ឈានដល់​ទាក់ទង​បែប​ស្នេហា​នេះ គាត់​(​ដេវីដ ឆា​ណាយ​វា​) បាន​និយាយ​សារភាព​ស្នេហ៍​ដាក់​ខ្ញុំ​ត្រង់ៗ​តែម្តង​»​។​

នៅក្នុង​ពិភព​សិល្បៈ​ភាគច្រើន​គេ​បានដឹងថា លោក​ឧកញ៉ា ដេ​វិដ ឆា​ណាយ​វា ជា​បុរស​សម្បូរ​ស្នេហ៍​ម្នាក់ ហើយ​កន្លងមក​គេ​ក៏បាន​ដឹង​ខ្លះ​ដែរ​ថា ឧកញ៉ា​ម្នាក់នេះ​មាន​ទំនាក់ទំនង​ស្នេហា​ជាច្រើន​ជាមួយនឹង​នារី​ស្រស់ស្អាត​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​។ អ៊ិន លក្ខិណា បាន​ទទួលស្គាល់ថា មុននឹង​នាង​ទទួលយក​ការ​អង្វរ​សុំ​ស្នេហា​របស់​ឧកញ៉ា​ម្នាក់នេះ នាង​ក៏បាន​ដឹង​រឿង​ច្រើន​ពី​ស្នេហា​របស់លោក​ឧកញ៉ា​ដែរ ពិសេស​នោះ​គឺ​រឿង​ផ្លូវច្បាប់​នៅក្នុង​ការងារ​រកស៊ីរ​ប​ស់លោក តែ​នាង​បាន​បញ្ជាក់ថា នៅពេលនេះ​ស្នេហា​ទាំងនោះ​បាន​ចប់​អស់ហើយ​គ្មាន​អ្នកណា​ទៀត​ដែរ ហើយ​រឿង​បញ្ហា​ផ្លូវច្បាប់​ផ្សេងៗ​ក៏​ត្រូវបាន​ដោះស្រាយ​រួច​យូរ​ដែរ​ហើយ​។​

ទោះបីជា​លោក​ឧកញ៉ា ដេ​វិដ ឆា​ណាយ​វា ធ្លាប់មាន​បញ្ហា​នៅក្នុង​ការរកស៊ី​កន្លងមក តែ​នាង អ៊ិន លក្ខិណា បានដឹង​យ៉ាងច្បាស់​ថា លោក ដេ​វិដ នៅមាន​ទ្រព្យសម្បត្តិ​ជាច្រើន ដូចជា មាន​ដី​ជាង​២០​កន្លែង មាន​ខុន​ដូ មានផ្ទះ​នៅ​ក្រុងព្រះសីហនុ ហើយ​រថយន្ត Mercedes S550 ដែលមាន​តម្លៃ​ជាង​២០​ម៉ឺន​ដុល្លារ ហើយ​រថយន្ត​នោះ លោក​ធ្លាប់​ដឹក​នាង​ដើរ​កម្សាន្ត​និង​ចូលរួម​កម្មវិធី​ទៀតផង។​

 

​នាង​បញ្ជាក់ថា​៖«​គាត់​ជា​មនុស្ស​ម្នាក់​ដែល Take Care ខ្ញុំ យកចិត្តទុកដាក់​ចំពោះ​គ្រួសារ តែ​ទាស់​បន្តិច​រឿង​គាត់​មាន​ស្រី​ច្រើន​»​។​

ទោះបីជា​នាង​មានចិត្ត​លង់​ស្នេហ៍​ជាមួយនឹង​ឧកញ៉ា​វ័យ​៤០​ឆ្នាំ​ប្លាយ​រូបនេះ​បន្តិច​ទៅហើយ​ក្តី ប៉ុន្តែ​តារា​ស្រី​វ័យ​២៤​ឆ្នាំ អ៊ិន លក្ខិណា បាន​ឲ្យ​ដឹងថា ស្នេហា​មួយ​នេះ​នៅ​មិនទាន់មាន​ភាពច្បាស់លាស់​នៅឡើយ ខណៈដែល​នាង​អះអាងថា លោក ឆា​ណាយ​វា មិនទាន់បាន​បំពេញ​តាម​លក្ខខណ្ឌ​ដែល​លោក​បាន​សន្យា​ជាមួយ​នាង​នៅឡើយ​។ ម្យ៉ាង​មកពី​នៅពេលនេះ នាង​មាន​ជម្រើស​ច្រើន ពោលគឺ​នៅពេលនេះ​ក៏មាន​បុរស​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ម្នាក់​តាម​ដណ្តើម​បេះដូង​នាង​ពី​លោក ដេវីដ ឆា​ណាយ​វា​ដែរ​។​

តារា​សម្តែង​ស្រី​ល្បី​បង្គួរ​ម្នាក់នេះ​បាន​ឲ្យ​ដឹងថា​៖«​យើង​ក៏មាន​គម្រោង​រៀប​អាពាហ៍ពិពាហ៍​ដែរ តែ​មុននឹង​ខ្ញុំ​យល់ព្រម​ជាមួយ​គាត់​នោះ លុះត្រា​ណា​តែ​គាត់​បំពេញ​នូវ​លក្ខខណ្ឌ​បាន គឺ​គាត់​ត្រូវតែ​ផ្តល់​ការផ្គត់ផ្គង់​លុយ​ឡាន​មួយចំនួនធំ មិនមែន​តិច​ទេ នៅ​មុនពេល​រៀបការ អានេះ​គាត់​សន្យា​ជាមួយ​ខ្ញុំ មិនមែន​ខ្ញុំ​ទៅ​ទារ​គាត់​ទេ​។ បើ​គាត់​ជា​មនុស្ស​ប្រុស​គាត់​នឹងធ្វើ​បាន​តាម​សន្យា​…»​។​

ជាមួយនឹង​ភាពមិនច្បាស់លាស់​នេះ អ៊ិន លក្ខិណា បាន​បន្តថា​៖«​នៅពេលនេះ ខ្ញុំ​មាន​ជម្រើស​ច្រើន ខ្ញុំ​អត់​មាន​បញ្ហា​ទេ ហើយ​នៅពេលនេះ ក៏មាន​អ្នកមាន​ទ្រព្យសម្បត្តិ​ម្នាក់​គាត់​តាម​ខ្ញុំ​ប្រកៀក​ដែរ គាត់​ចង់​ប្រជែង​ដណ្តើម​ខ្ញុំ​ពី​លោក​ឧកញ៉ា ឲ្យ​តែ​ខ្ញុំ​យល់ព្រម​»​។​

អ៊ិន លក្ខិណា មិនអាច​ទទួលយក​ទ​ង្វើ​វាយតប់ និង​បាញ់បោះ​របស់​ឧកញ៉ា ដេ​វិដ ឆា​ណាយ​វា ជា​គូស្នេហ៍​ទេ​គួរ​បញ្ជាក់ថា លោក ដេ​វិដ ឆា​ណាយ​វា និង​បក្ខពួក​ជាច្រើន​នាក់ បាន​បើករថយន្ត​ស៊េរី​ទំនើប​ប្រណាំង​គ្នា​លេង​តាម​ដងផ្លូវ​ក៏​ជ្រុល​ចង្កូត​ទៅបុក​ប​ង្កោ​ល​ភ្លើង បណ្តាល​ឲ្យ​រថយន្ត​មួយគ្រឿង​ជាប់​នឹង​ប​ង្កោ​ល​ភ្លើង ខណៈនោះ​ក៏មាន​អ្នកយកព័ត៌មាន​ជាច្រើន​នាក់​ទៅ​ថត​យក​សកម្មភាព​ខាងលើ ស្រាប់តែ​លោក ដេ​វិដ ឆា​ណាយ​វា និង​បក្ខពួក​ចេញពី​ក្នុង​រថយន្ត​មក​ព្រួត​វាយ​អ្នកសារព័ត៌មាន បណ្តាល​ឲ្យ​រងរបួស​ជាច្រើន​នាក់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៣ តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស កែង​ផ្លូវ​២១៤ ក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

ពាក់ព័ន្ធ​នឹង​ការបង្ក​ភាពគ្រោះថ្នាក់ និង​បង្ក​របួសស្នាម​លើ​អ្នកដទៃ​នេះ តារា​សម្តែង​នាង អ៊ិន លក្ខិណា បាន​និយាយថា​៖«​ធម្មតា​យើង​ក៏​មិន​ចង់​ឲ្យ​មនុស្ស​ដែល​យើង​ស្រឡាញ់​ទៅធ្វើ​អំពើ​អ៊ីចឹង​ដែរ តែ​ចំណុច​ខ្លះ​យើង​ក៏​មិនអាច​ទៅ​ហាមឃាត់​គេ​ដែរ​។ ខ្ញុំ​ក៏​មិន​ពេញចិត្ត​គាត់​ត្រង់ចំណុច​ហ្នឹង​ដែរ ផឹកស៊ី​ហើយ​វាយតប់​គ្នា បង្ករឿង​ផ្សេងៗ​អីហ្នឹង​។ ខ្ញុំ​ធ្លាប់​និយាយ​ពី​រឿង​ហ្នឹង​ជាមួយ​គាត់​ដែរ ថា ឲ្យ​គាត់​ហ្នឹង​ខិតខំ​រកស៊ី ធ្វើ​ជំនួញ​អី​ផ្សេងៗ​ទៅ​ចៀសវាង​ការ​វាយតប់​អីហ្នឹង វា​ជា​រឿង​ប្រសើរ​បំផុត​សម្រាប់​មនុស្ស​ប្រុស​»​។​

ជាមួយគ្នា​នោះ​នាង​ក៏​និយាយ​ទាំង​ចម្ងល់​ថា​៖«​តាមពិត​គាត់​ជា​មេធាវី​ម្នាក់​ដែរ យ៉ាងហោចណាស់​ក៏​គាត់​គួរ​ដឹង​ច្បាប់​ដែរ តែបើ​គាត់​គិតថា អ្វីដែល​គាត់​ធ្វើ​ត្រូវ ហើយ​មិន​ស្តាប់​យើង​ក្នុងនាម​ជាម​នុស្ស​ស្រឡាញ់គ្នា ខ្ញុំ​ក៏​មិនអាច​ទទួលយក​បានដែ​រ​។ ខ្ញុំ​ក៏​មិន​ចង់បាន​គូ​អនាគត​ដែល​គិតតែ​ពី​បាញ់បោះ​អ៊ីចឹង​ដែរ​»​។​

ជុំវិញ​ករណី​ស្នេហា​រវាង​តារា​សម្តែង អ៊ិន លក្ខិណា និង​លោក ដេ​វិដ ឆា​ណាយ​វា និង​ការបង្ក​គ្រោះថ្នាក់ និង​របួសស្នាម​កាលពី​រាត្រី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​១៩​ម្សិលមិញ​នេះ មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បានទេ​កាលពី​ម្សិលមិញ ខណៈ​ទូរស័ព្ទ​របស់លោក​មិនអាច​ទទួល​ការហៅ​ចូល​បាន​៕​

20-m (1)

ប្រភព postkhmer