ឧកញ៉ា​ម្នាក់ ជាដើម​ហេតុ​បង្កើត​ឲ្យ​មាន​ភាពអយុត្តិធម៌ ក្នុង​រឿង​ជម្លោះដីធ្លី​រវាង​លោក សៀង ស៊ីថា នឹង​លោក ទូច ញ៉

, , Comment closed

​ខេត្ដ​កំពង់ចាម ៖ ប្រជាពលរដ្ឋ​រស់នៅ ភូមិ​-​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក មួយចំនួន​បាន​និយាយថា លោក​ឧកញ៉ា លឹម ហុង​ឈាង បាន​នៅ​ពីក្រោយ​ខ្នង​សំណុំ រឿង​ទំនាស់​ដីធ្លី​រវាង​លោកសៀង ស៊ីថា នឹង​លោក ទូច ញ៉ ទើប​ធ្វើឱ្យ​ភាគី​លោក សៀង ស៊ីថា ដែល​គេ​ដឹងថា ជា​ប្អូនថ្លៃ បានឈ្នះ​ក្ដី​ចាប់ពី​ថ្នាក់ក្រោម​ដល់​កំពូល បើទោះបីជា​ភាគី​លោក ទូច ញ៉ ជា​មន្ដ្រីនគរបាល​មាន​ឯកសារ​កាន់កាប់​ដី​លំនៅឋាន​គ្រប់គ្រាន់​និង​មាន​លិខិត​បំភ្លឺ​ពី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រកឃើញថា ភាគី​លោក ទូច ញ៉ ពិតជា​បាន​កាន់កាប់ និង​រស់នៅ​លើដី ទំនាស់​ទំហំ​១១​ម៉ែត្រ​គុណ​៨០​ម៉ែត្រ​ប្រាកដ​មែន ។

​យោងតាម​លិខិត​សុំ​អន្ដរាគមន៍​របស់លោក ទូច ញ៉ ទៅ​ព្រះមហាក្សត្រ ហើយ​សម្ដេចនាយក​រដ្ឋមន្ដ្រី​បាន បញ្ជា​ឱ្យ​មន្ដ្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចុះ​អង្កេត​ករណី​ទំនាស់ ដីធ្លី​រវាង​លោក សៀង ស៊ីថា នឹង​លោក ទូច ញ៉ ក្រោយពី​តុលាការ​កាត់​ឱ្យ​លោក ទូច ញ៉ ចាញ់ក្ដី​ទាំង​អ​យុត្ដិធម៌ ។ គួររំលឹកថា កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៣ ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បានមក​មុខ​ភូមិគ្រឹះ​សម្ដេចនាយក​រដ្ឋ មន្ដ្រី​ដើម្បី​រក​អន្ដរាគមន៍​ចំពោះ​ការកាត់ក្ដី​របស់​តុលាការ​បង្កើត​ឱ្យ មាន​ភាព​អ​យុត្ដិធម៌​បែបនេះ ។ លោក ទូច ញ៉ បាន​បញ្ជាក់ថា “​លោក​សុខ​ចិ​ត្ដ​ស្លាប់​មិន ព្រម​ចាកចេញ​ពី​ដី​លំនៅឋាន​ដែល​បាន រស់នៅ​ជាច្រើន​ឆ្នាំ​មកហើយ និង​មាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ត្រូវ​នេះ​ទេ​” ។​
​ក្រុមគ្រួសារ​លោក ទូច ញ៉ បាននាំគ្នា​លើក​បដា​ព្រោងព្រាត​នៅក្បែរ​ខុទ្ទកាល័យ​សម្ដេច​អគ្គមហាសេនាបតី តេ​ជោ​នាយករដ្ឋមន្ដ្រី ដែល​ខ្លឹមសារ​នៃ​បដា​ទាំង​នោះបាន​រិះគន់​ទៅលើ​ការសម្រេចសេចក្ដី​របស់ ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​ថា មាន​ភាព​អ​យុត្ដិធម៌ និង​លម្អៀង​។  ខ្លឹមសារ​នៃ​បដា​ក៏បាន​សរសេរ​ដែរ​ថា “​យើងខ្ញុំ​ស៊ូស្លាប់​ខ្លួន​ដាច់ខាត​មិន​ចាកចេញ​និង​ប្រគល់​ដីធ្លី​ដែល​បាន កាន់កាប់​និង​កំពុង​រស់នៅ​បច្ចុប្បន្ន​ឱ្យទៅ​អ្នកមាន​លុយ មានអំណាច​ដោយ​អ​យុត្ដិធម៌​ទេ​, សូម​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី និង​លោកជំទាវ​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត និង​តុលាការ​កំពូល​មេ​ត្ដា​ផ្ដល់​យុត្ដិធម៌​ឱ្យ​យើងខ្ញុំ​ផង​” ។

ដោយឡែក នៅក្នុង​លិខិត​ចុះ​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១១​របស់​សម្ដេចនាយករ​ដ្ឋ​មន្ដ្រី​ទូល ថ្វាយ​ព្រះមហាក្សត្រ​បាន​លើកឡើងថា “​តាម​ការស្រាវជ្រាវ​រប​ស់​ទូលព្រះបង្គំជាខ្ញុំ រួមជាមួយ​ការបំភ្លឺ​របស់​ក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​រកឃើញថា ឈ្មោះ ទូច ញ៉ ពិតជា បាន​កាន់កាប់​និង​រស់នៅ​លើដី​ទំហំ​១១​ម៉ែត្រ​គុណ​៨០​ម៉ែត្រ​រហូតដល់ បច្ចុប្បន្ន ហើយ​ដំណើរ​ការចេញ​ប័ណ្ណ​សម្គាល់​សិទ្ធិ កាន់កាប់​អចលនវត្ថុ​លេខក​.​ច​០០៦០៦៩ ចុះ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០០០ កសាង ឡើង​ត្រឹមត្រូវ​តាម​នីតិវិធី ប៉ុន្ដែ​មាន ភាពខ្វះ​ចន្លោះ​ខ្លះ​ពាក់ព័ន្ធ​នឹង​ចម្លើយ របស់​អ្នកស្នើសុំ​ចុះបញ្ជី និង​ការ​ស្រង់​ព័ត៌មាន​ជុំវិញ ដី​ស្នើសុំ​ចុះបញ្ជី​ជាហេតុ​នាំ ឱ្យ​ជាន់​លើដី​របស់​ឈ្មោះ ទូច ញ៉ ដែល​កំពុង​រស់នៅ​បច្ចុប្បន្ន​” ។

ក្រោយពី​ចាញ់ក្ដី​នៅ​សាលា ឧទ្ធរណ៍​កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៣ ក្រុមគ្រួសារ​លោក ទូច ញ៉ និង​ប្រជាពលរដ្ឋ​ក្នុងភូមិ​ត្រពាំង​ផ្លុ​ង​ខ្លះ​បាន នាំគ្នា​លើក​បដា​ស្វែងរក​អន្ដរាគមន៍​ពី សម្ដេចនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ។ លោក ទូច ញ៉ ដែល​ចាញ់ក្ដី​លោក សៀង ស៊ីថា បាន​អះអាងថា ការកាត់ក្ដី​របស់​តុលាការ​ពិតជា​អ​យុ​ត្ដិ ធម៌​ចំពោះ​រូបលោក​ខ្លាំងណាស់ ដោយ​ការកាត់ក្ដី​តុលាការ​មិនបាន​មើល​ឯកសារ និង​ភស្ដុតាង ពិសេស​លិខិតបញ្ជាក់​របស់​នាយករ​ដ្ឋ​មន្ដ្រី​ទូលថ្វាយ​ព្រះ​ករុណ ព្រះបាទ​សម្ដេច​បរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​៕

20-m (2) 20-m (1)