រាជធានីភ្នំពេញ ៖ បន្ទាប់ពីការចរចាសុំដំឡើងប្រាក់ខែមិនបានសម្រេច ក្រុមសហជីពបានព្រមានធ្វើសកម្មភាពរួមគ្នា ដើម្បីទាមទារប្រាក់ឈ្នួលជូនកម្មករ យ៉ាងតិច ១០០ដុល្លារ ក្នុងមួយខែប្រសិនបើមិនមានការយល់ព្រមលើតម្លៃដែលត្រូវបានកំណត់។ យោងតាមសេចក្តីថ្លែងការណ៍រួម របស់សម្ព័ន្ធសហជីព ស្តីពីការដំឡើងប្រាក់ឈ្នួលអប្បបរមាផ្នែកវិស័យកាត់ដេរ និងដេរស្បែកជើងបានឲ្យដឹងថា ក្រុមសហជីព នឹងមិនបោះបង់ការទាមទារក្នុងកម្រិត ដែលសហជីពបានកំណត់នោះឡើយ។
ក្រុមសហជីព មិនយល់ព្រមចំពោះការដំឡើងប្រាក់ឈ្នួលត្រឹមតែ ៧០ដុល្លារ នោះទេ ហើយថាការដំឡើងនេះ តិចតួចមិនអាចធានាចំពោះជីវភាពរស់នៅរបស់កម្មករ។ សេចក្តីថ្លែងការណ៍ដដែល បន្ថែមថា ក្រុមសហជីព នឹងរួមគ្នាទាមទារប្រាក់ឈ្នួលឲ្យបានយ៉ាងតិច ១០០ដុល្លារ ក្នុងមួយខែ ហើយរាជរដ្ឋាភិបាល ត្រូវបង្កើតក្រុមការងារពិសេសពិភាក្សាប្រាក់ឈ្នួល ដើម្បីដំឡើងជារៀងរាល់ឆ្នាំដល់កម្មករ។
បន្ទាប់ពីកិច្ចប្រជុំកាលពីព្រឹកថ្ងៃអង្គារនេះ ថៅកែរោងចក្រ នៅតែរក្សាគោលជំហរដំឡើងឲ្យត្រឹមតែ៩ដុល្លារ។ គួរបញ្ជាក់ថា ការចរចាលើកទី២ និយោជក ព្រមបន្ថែមប្រាក់ឈ្នួលគោល ៩ដុល្លារ បូកប្រាក់បន្ថែមប្រាក់សុខភាព ៥ដុល្លារ សរុប ១៤ដុល្លារ តែកម្មករ និងសហជីព បដិសេធ ដោយបានទទូចសុំឲ្យដំឡើងប្រាក់ឈ្នួលដល់កម្មករចំនួន ១០០ដុល្លារ អាមេរិក៕