មន្ត្រី​ពាក់ព័ន្ធ​ដែល​ឃុបឃិត​ជាមួយ​ឧកញ៉ា ជៀម ផែន បំផ្លិចបំផ្លាញ​ផ្ទះ​អ្នកភូមិ​កែវផុស ត្រូវ​ទទួល​បាបកម្ម​

, , Comment closed

​រាជធានី​ភ្នំពេញ ៖ នៅក្នុង​ពិធី​សម្ពោធ​ក្រុមប្រឹក្សា ជាតិ​អភិវឌ្ឍន៍​បៃតង​និង​ផ្សព្វ​ផ្សាយ​​គោល នយោបាយ​ជាតិ ស្ដីពី​ការអភិវឌ្ឍន៍​បៃតង និង​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ ស្ដីពី​ការអភិវឌ្ឍន៍​បៃតងឆ្នាំ​២០១៣-២០៣០ នៅ​វិមាន​សន្ដិភាព នា​ព្រឹក​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៣​នេះ​សម្ដេចនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាស​ព្រមាន ចំពោះ​អ្នក​ប្រ​ព្រឹ​ត្ដ​ឈូសឆាយ​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ភូមិ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ដ​ព្រះសីហនុ មិនឱ្យ​រួចខ្លួន​នោះឡើយ បន្ទាប់ពី​សម្ដេច​បាន ឃើញ​ពី​ព្រឹ​ត្ដិ​ការណ៍​វាយកំទេច​ផ្ទះ​ប្រជាពលរដ្ឋ អស់​គ្មាន​សល់ នៅ​តំបន់​នោះ អនុវត្ដ​តាម​សាលក្រម​របស់​សាលាដំបូង​ខេត្ដ​ព្រះសីហនុ ដែល​បានសម្រេច​ឱ្យ​លោក​ឧកញ៉ា ជៀម ផែន ថៅកែ​ស្រា​បៀរ​លី​អូ​ឈ្នះក្ដី ។​

​សម្ដេចនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន មានប្រសាសន៍ថា បន្ទាប់ពី​សម្ដេច​បាន​មើល​វីដេអូ​ឃ្លី​ប ស្ដីពី​ការ​ឈូសឆាយ ផ្ទះ​ប្រជាពលរដ្ឋ​អ្នកភូមិ​កែវផុស កាលពី​ព្រឹក ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០១៣ កន្លងទៅនេះ សម្ដេច​ក៏បាន​ចេញ​សេចក្ដីសម្រេច​មួយ ដោយ​និរាករណ៍​លើ​លិខិត ស​.​ជ​.​ណ របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី ដោយ​សម្រេច​ប្រគល់​ដី និង​កសាង​ផ្ទះ​ឡើងវិញ ជូន​ប្រជាពលរដ្ឋ ទាំង​៤៩​គ្រួសារ ។ សម្ដេច​តេ​ជោ ក៏បាន​ព្រមាន​មិន​អត់ឱន​ចំពោះ​ជន​ទាំងឡាយណា ដែល​បាន​ប្រ​ព្រឹ​ត្ដ លើ​អ្នកភូមិ​កែវផុស ដោយ​សម្ដេច​បញ្ជាក់ថា សំណុំរឿង​កំពុងស្ថិត​ក្នុង​ដៃ​តុលាការ ហេតុអ្វី​ក៏​ទៅ​ឈូសឆាយ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ទៅវិញ ។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា “​ខ្ញុំ​សូមបញ្ជាក់​ធ្វើ​ការងារ អា​កន្លែង​ហ្នឹង ត្រូវធ្វើ​ការងារ​អី​ត្រូវធ្វើ​ជាមួយគ្នា​ឲ្យ​ច្បាស់ ខ្ញុំ​អនុវត្ត​គោលនយោបាយ​គាំទ្រ​អ្នកក្រ ប៉ុន្តែ​អ្នក​ដែល​ខូច​ខ្ញុំ​អត់​គាំទ្រ​ទេ​…​យប់ម្សិល​នៅ​ម៉ោងជាង​១០ ខ្ញុំ​និរាករណ៍​ចោល នូវ​សេចក្តីជូនដំណឹង​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​វា​ពាក់ព័ន្ធ​ជាមួយនឹង​ការបណ្តេញចេញ​ប្រជាជន ៤៩​គ្រួសារ ហើយ​ក្នុងនោះ មាន​១៧​គ្រួសារ ទៅ​ឈូស​ផ្ទះ​គ្នា​ចោល ហើយ​ខ្ញុំ​យក​ឯកសារ ទាំងអស់​មក​មើល​សារ​ឡើងវិញ … អំពើ​ទាំងនេះ​មិនអាច​អត់ឱន​ឲ្យ​បានទេ ស្អី​ឧកញ៉ា ជៀម ផែន ថៅកែ​ស្រា​បៀ​លី​អូ ។ និរាករណ៍​ចោល​ភ្លាម ហើយ​ឲ្យ ប៊ិន ឈិន ចុះ​ដោះស្រាយ​ទៅដល់​កន្លែង​ទាក់ទង ម៉ុង ឫទ្ធី យក​ប្រជាពលរដ្ឋ​ដែល​គេ​ត្រូវ​ឈូស​ផ្ទះសម្បែង យកទៅ​ទុក​នៅ​ក្រុមហ៊ុន​របស់ គាត់​ខ្ញុំ​ឲ្យ​មេបញ្ជាការ​អង្គរក្ស​ចល័ត​ផ្ទះ​ទាំងយប់​ចំនួន​៣០​ខ្នង​” ។​

​សម្តេច​បន្ថែមថា “​ប៉ុន្តែ ម៉ុង ឫទ្ធី ថា​ផ្ទះ​របស់គាត់​មាន​ច្រើន ហើយនឹង​ធ្វើ​ផ្ទះ​ជូន​ពួកគាត់​វិញ និង​ប្រគល់​ដី​ជូន​ពួកគាត់​វិញ ហើយ​ករណីនេះ លោក ជៀម ផែន អត់​រួចខ្លួន​ទេ​ឮថា សំណុំរឿង​ស្ថិតក្នុង​សាលាឧទ្ធរណ៍ ហេតុ​អី​បានជា​គាត់​មាន​សិទ្ធិ ទៅ​ឈូ​ល​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ទៅវិញ ខ្ញុំ​តាម​រឿង​ហ្នឹង​មួយ​អត់​ឲ្យ​របូត​ទេ ខ្ញុំ​ចូល​ពាក់ព័ន្ធ​ប៉ុ​ហ្នឹងហើយ​អត់​ឲ្យ​របូត​ទេ​។ ស​.​ជ​.​ណ របស់​គណៈរដ្ឋមន្ត្រី​ក្នុង​ហ្នឹង មានការ​ប្រជុំ​ជាច្រើនលើក​ជាច្រើន​សារ ហើយ​យោបល់​របស់​ឯកឧត្តម​ស ខេង ត្រឹមត្រូវ ហើយ​ខ្ញុំ​បាន​ចារ​ម្តង​រួចមកហើយ ប៉ុន្តែ​ក្រោយមក​មាន​ធាតុ​ចូល​ដទៃទៀត ខ្ញុំ​ក៏​យល់ស្រប​ទៅ លើ​របាយការណ៍ របស់​គណកម្មការ​វិវាទ ដោះស្រាយ​ទំនាស់​ដីធ្លី ប៉ុន្តែ​រឿងនេះ ត្រូវ​ឆ្លងកាត់​នៃ​ដំណាក់កាល​នៃ​តុលាការ ឮថា រឿងក្តី​នេះ​ស្ថិតនៅក្នុង ដៃ​តុលាការ​នៅឡើយ ប៉ុន្តែ​ហេតុ​អី​បាន​ជាមាន​សិទ្ធិ​ធ្វើបែបនេះ​ទៀត ខ្ញុំ​មិនអាច​ទទួល​បានទេ ហើយក៏​មិនអាច​អត់ឱន ឲ្យ​បាន​ចំពោះ​អ្នកប្រព្រឹត្ត​” ៕

20-m