ក្រោយពេល​ចាក់ដី​លុប​បឹង​បានសម្រេច​ជោគជ័យ រៀបចំ​លក់​តូប ​និង​បណ្តេញ​អាជីវករ​

, , Comment closed

​ខេត្តកំពង់ស្ពឺ ៖ កាលពី​ព្រឹក​ថ្ងៃទី​១៩ កុម្ភៈ ២០១៣ នេះ គ​ណៈ​ក​ម្ម​កា​រ​​ច​ម្រុះ​​មួ​យ​​បា​ន​​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ស្រង់​ឈ្មោះ ម្ចាស់​តូប និង​រាប់​ចំនួន​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ត្រៀមលក្ខណៈ​ដោះដូរ​ទៅកាន់​ទីតាំង​ថ្មី តាម​ផែនការ​បណ្តេញ​ក្រុមអាជីវករ​ដែល​កំពុង​ប្រកប​របរ​លក់ដូរ​នៅក្នុង​ចំណតរថយន្ត ផ្សារ​កំពង់ស្ពឺ ចេញពី​ទីតាំង​ចាស់​ឱ្យទៅ​លក់​លើ​ទីតាំង​ថ្មី នៅ​កណ្តាល​បឹង​ដ៏​ល្ហល្ហេវ​ទើប​ចាក់ដី​បំពេញ​ថ្មីៗ ប៉ុន្តែ​លក្ខខណ្ឌ​ជាក់លាក់​យ៉ាងណា​នោះ មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ព្រោះ​ក្រុមមន្ត្រី​បាននាំគ្នា​លាក់លៀម ។​

​ក្រុមការងារ​កំពុង​ចុះ​ត្រួតពិនិត្យ ស្រង់​ឈ្មោះ​អាជីវករ ចំនួន​តូប​លក់ដូរ ក្នុង​ចំណតរថយន្ត​ផ្សារ​កំពង់ស្ពឺ​បាន​និយាយថា គណៈកម្មការ​ចម្រុះ​ចុះ​ពេលនេះ​គឺ គ្រាន់តែ​ស្រង់​ស្ថិតិ​តូប​លក់ដូរ​ឱ្យ​ច្បាស់លាស់​មុន​ការប្តូរ​ទៅ​ទីតាំង​ថ្មី ហើយ​ការចុះ​នាពេល​កន្លងទៅ​មាន​ចំនួន​តូប​៧០ ក្នុងនោះ​មាន​ខ្លះ​អត់​លក់​ទេ ហើយ​គណៈកម្មការ ត្រូវ​ចុះ​ស្រង់​ម្តងទៀត​ព្រោះ​ខ្លាច​មាន​សល់​តូប​ថ្មី​បន្ថែមទៀត ។ គណៈកម្មការ​ចម្រុះ​នេះ​មាន​ខេត្ត និង​ក្រុង​ច្បារមន ដែល​អនុវត្តន៍​តាម​ភារកិច្ច​ខ្លួន តាម​បទបញ្ជា​ពី​ថ្នាក់លើ ដាក់ឱ្យ​ស្រង់​ចំនួន​តូប​ពិតប្រាកដ ងាយស្រួល​ពេល​ត្រូវ​ប្តូរ​ទីតាំង​ឆាប់ៗ​ខាងមុខនេះ ខ្លាច​កើតមាន​បញ្ហា ។

បន្ទាប់ពី​ចុះ​ប្រមូល​ស្ថិតិ​អាជីវករ និង​ចំនួន​តូប​ចប់ ពួកគេ​បាន​វិល​ទៅវិញ​បាត់អស់ ដោយ​មិនបាន​ប្រាប់​ចំនួន​តូប​ស្រង់​ចុងក្រោយ​នេះ​មាន​ប៉ុន្មាន​ឡើយ ហើយ​អ្នកផ្សារ​ក៏​អត់​ពេញចិត្ត​ដែរ​។ ក្រុម​អ្នកលក់ដូរ នៅក្នុង​ចំណតរថយន្ត ផ្សារ​កំពង់ស្ពឺ​បាន​ប្រាប់ថា អ្នកប្រមូល​ភាស៊ី គេ​បាន​ដើរ​គំរាម​អ្នកលក់ដូរ​ទាំងអស់ ក្នុង​បេនឡាន​ថា បើ​មាន​ខាង​ក្រុមការងារ​ចុះមក​សួរនាំ កុំ​និយាយ​ច្រើនពេក​អី ជាពិសេស​ពាក់ព័ន្ធ​រឿង យកលុយ​ប្រចាំថ្ងៃ បើ​គេ​សួរ​ត្រូវ​ឆ្លើយថា មិន​លើស​២០០០​រៀល​ទេ ហើយ​បើសិនជា​ប្រាប់​ត្រង់​ដូច​យក​រាល់ថ្ងៃ ដឹង​មុខ​ឈប់​ឱ្យ​រកស៊ី​លក់ដូរ ក្នុង​បេន​ត​ទៀត​ឬ​អាច​យកគុណ​មួយ​ជា​បី ។​

អាជីវករ​បាន​បន្តថា កាលពី​សម័យ​ថៅកែ​បេន​ចាស់​លោក មួង ហេង គ្រប់គ្រង​នៅមាន​ថ្នាក់​ក្រសួង ឬ​ខេត្ត​ចុះ​ធ្វើ​អធិការកិច្ច​ម្តងៗ តែងតែ​ដើរ​គំរាម​ពួកគាត់ និង​ធ្វើ​កិច្ចសន្យា​ផ្តិតមេដៃ​មិនឱ្យ​ប្រាប់​ចំនួន​លុយ​ពិតប្រាកដ ដែល​បាន​យក​ប្រចាំថ្ងៃ​នោះទេ ពុំ​ដូច្នេះ និង​បណ្តេញ​ឈប់​ឱ្យ​លក់​បន្តទៀត ប៉ុន្តែ​មកដល់​អាណត្តិ​លោក ជា គឺ​ម​ហួត ធ្វើ​ថៅកែ​ប្រមូល​ភាស៊ី​បេនឡាន​ដូច​តែ​គ្នា ។ ថៅកែ​បេន​ថ្មី​គៀបសង្កត់​អាជីវករ​លក់ដូរ​បន្តិច​បន្តួច ដូច​អា​.​ក​ខ្យង  អញ្ចឹង​អត់​មាន​គោរព​ច្បាប់​ទេ ។ ក្រុមអាជីវករ​បញ្ជាក់​ថា សព្វថ្ងៃ​ថៅកែ​បេន​ថ្មី​ទើប​មក​គ្រប់គ្រង ប្រមូល​លុយ​ប្រចាំថ្ងៃ​ពី​អ្នកលក់ដូរ ក្នុង​មួយកន្លែង​ចាប់ពី​១០.០០០​រៀល ដល់ ៦០.០០០​រៀល ក្នុង​មួយថ្ងៃ​តាម​ប្រភេទ​អាជីវកម្ម ទោះបី​ថ្ងៃ​ណាខ្លះ​មិនបាន​មក​លក់ ក៏​គេ​គិតលុយ​ដែរ​គឺ​១០​ថ្ងៃ​ប្រមូល​ម្តង ។

សូមបញ្ជាក់ថា ករណី​ចំណតរថយន្ត​ផ្សារ​កំពង់ស្ពឺ ត្រូវបាន​អ្នកមានអំណាច​និង​អ្នកមាន​លុយ​ឃុបឃិត​គ្នា​រត់ការ ដើម្បី​ធ្វើការ​ដោះដូរ​ជាច្រើន​ឆ្នាំ​កន្លងមកហើយ ។ ចំពោះ​ទីតាំង​ថ្មី​ត្រូវ​ផ្លាស់ប្តូរ ស្ថិតនៅ​ខាងជើង​ផ្លូវជាតិ​លេខ​៤ ដែលជា​អតីត​អាង​ស្តុក​ទឹក​ដ៏​ធំ​មួយ​នៅ​ក្រុង​ច្បារមន ជា​បឹង​ធម្មជាតិ​តាំងពី​សម័យបុរាណ​ឈ្មោះ​បឹង​ទួលគោក ។ បន្ទាប់មក​អស់លោក​ចៅហ្វាយខេត្ត​អាណត្តិ​មុន​បាន​លក់​ឱ្យ​លោក​ឧកញ៉ា ឈួន គឹម​សាន ជា​ថៅកែ​ចែកចាយ និង​លក់​គ្រឿងសំណង់​យ៉ាង​ធំ​ក្នុង​ខេត្តកំពង់ស្ពឺ ។ ពេលនេះ​បាន​ចាក់ដី​លុប​បន្តបន្ទាប់​រហូត​សាងសង់​បាន​ចំណត​ឡាន​ថ្មី និង​តូប​លក់ដូរ​មួយចំនួន​ផងដែរ ។

កាលដែល​លោក ឈួន គឹម​សាន ធ្វើ​នេះ​ដោយហេតុថា​ដី​បេនឡាន​ចាស់​មាន​ហាងឆេង​រាប់លាន​ដុល្លារ​ទើប បានជា​គាត់​ប្រើ​គ្រប់​លទ្ធភាព ដើម្បី​បាន​ទីតាំង​បេនឡាន​ចាស់​មក​គ្រប់គ្រង ដោយ​គាត់​ងាក​ទៅ​ចាក់ដី​លុប​បឹង​ស្តុក​ទឹក​ដ៏​ធំ​មួយ​នៅជាប់​ភូមិ​សំណង់ ស្ទើ​បាត់​រូបរាង​បឹង​ទៅហើយ ដែល​អ្នកភូមិ​នៅ​ជុំវិញ​បឹង​ពី​បុរាណកាល​មកនេះ​ក្តៅក្រហាយ​គ្រប់គ្នា​។  អ្នកស្រុក​នៅ​ជុំវិញ​បឹង​ទួលគោក​និយាយថា បឹង​ធម្មជាតិ​មួយ​នេះ​សម្រាប់​ស្តុក​ទឹក​ប្រើប្រាស់​ខួបប្រាំងខួបវស្សា  ព្រោះ​ខេត្តកំពង់ស្ពឺ​ជា​ខេត្ត​ក្រ​ទឹក​ជាងគេ ហើយ​បើតាម​ស្មាន​បឹង​ទួលគោក​មាន​ទំហំ​ជាង​មួយ​គីឡូម៉ែត្រ​៤​ជ្រុង អ្នកស្រុក​ដែល​រស់នៅ​ជុំវិញ​បឹង​នេះ មានទឹក​អាស្រ័យ​ផល​តាំងតែ​ពី​ដូនតា​មក មិនគួរ​លុបចោល​បែបនេះ​ទេ ៕

KONICA MINOLTA DIGITAL CAMERA